ការរឹតបន្តឹង និងបិទសេរីភាពនៅរបបខ្មែរក្រហម

ហ៊ុន រចនា (ឆ្វេង) និង ជា ស៊ុន (ស្ដាំ) រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ជា ស៊ុន មានអាយុ ៦២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាកសិករ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ុន មានឪពុកឈ្មោះ ជា ម៉ឹង, ម្ដាយឈ្មោះ សិត ជា និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបួននាក់។ ស៊ុន រៀនសូត្រ​នៅឯស្រុកកំណើតខេត្តតាកែវ បានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដោយសារគាត់​ត្រូវ​ផ្លាស់ប្តូរទីលំនៅទៅខេត្តស្ទឹងត្រែង។

នៅឆ្នាំ១៩៦៤ គ្រួសាររបស់ ស៊ុន បានផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិអូររុន ក្នុងគោលបំណងចូលរួមការពារទឹកដី។ ប្រជាជន ដែលមករស់នៅភូមិអូររុនដំបូងត្រូវកាប់ឆ្ការព្រៃដោយខ្លួនឯង និងចាប់ផ្តើមធ្វើស្រែចម្ការចិញ្ចឹមជីវិតរហូតដល់មានរដ្ឋប្រហារនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។

នៅអំឡុងពេលនោះ ខ្មែរក្រហមដែលចូលមកភូមិអូររុនដំបូង បានយកចិត្តប្រជាជន ដើម្បីប្រមែប្រមូល​ការគាំទ្រចំពោះបដិវត្តន៍របស់ខ្លួន។ នៅឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស ខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនទាំងអស់ចេញពីភូមិអូររុន ទៅរស់នៅ និងធ្វើការតាមសហករណ៍។

ខ្មែរក្រហមបានរឹតបន្តឹង និងបិទសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការរស់នៅ ដោយបង្ខំឲ្យ ស៊ុន ធ្វើជាកងចល័ត និងធ្វើពលកម្មហួសកម្លាំង ដូចជាលើកទំនប់, រែកដី, ជីកប្រឡាយ, ស្ទូងស្រូវ និងច្រូតស្រូវជាដើម។ ជារៀងរាល់ថ្ងៃ ស៊ុន និងប្រជាជន ត្រូវធ្វើពលកម្មពីម៉ោង ៤ទៀបភ្លឺ រហូតដល់ម៉ោង ១០យប់ ទើបបានសម្រាន្ត។

លើសពីនេះ ស៊ុន បានលើកឡើងថា របបខ្មែរក្រហមមិនឲ្យគាត់ រៀនសូត្រនោះទេ។ ស៊ុន ត្រូវធ្វើការទាំងហូបចុក និងសម្រាកមិនគ្រប់គ្រាន់។ បន្លែបង្ការ ឬត្រីដែលរកបាន ត្រូវទុកជារបស់រួមទាំងអស់ ដោយមិនឲ្យអ្នកណាម្នាក់ហូបតែឯងនោះទេ។ អ្នកដែលខ្មែរក្រហមរកឃើញថាលួចហូប នឹងត្រូវយកទៅសម្លាប់។

នៅឆ្នាំ១៩៧៩ ស៊ុន និងប្រជាជនមួយចំនួន បានរត់គេចខ្លួនទៅតាមយោធាខ្មែរក្រហម និងរស់នៅក្នុងព្រៃ។ នៅពេលជួបអ្នកបកប្រែឲ្យកងទ័ពវៀតណាមនៅក្នុងព្រៃ ទើប ស៊ុន ដឹងថាកងទ័ពវៀតណាមមិនបានធ្វើបាបប្រជាជននោះទេ។ ស៊ុន ក៏បានត្រលប់ទៅរស់នៅភូមិអូររុន និងរៀបការជាមួយគ្រួសារឈ្មោះ ហាក់ បែត នៅឆ្នាំ១៩៨១ ហើយមានកូនប្រាំពីរនាក់ ក្នុងនោះស្រីពីរនាក់។ ចាប់តាំងពីពេលនោះមក ស៊ុន បានប្រកបរបរជាអ្នកនេសាទ ហើយបច្ចុប្បន្ន ស៊ុន មានការបារម្ភអំពីការបាត់បង់ធនធានធម្មជាតិនៅក្នុងភូមិអូររុន និងការរស់នៅរបស់កូនចៅជំនាន់ក្រោយដែលពឹងផ្អែកលើការនេសាទ៕

សម្ភាសដោយ ហ៊ុន រចនា ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin