សូមតែសុខប៉ុណ្ណោះ

ជៃ វ៉ាន់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ជៃ វ៉ាន់ អាយុ ៨៧ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់សព្វថ្ងៃរស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ វ៉ាន់ បាននិយាយពីឆាកជីវិតផ្ទាល់ខ្លួនរបស់គាត់នាសម័យខ្មែរក្រហម។

ជីវិតមួយថ្ងៃៗ នាសម័យនោះ គាត់ត្រូវធ្វើការ ជីកដី រែកដី ស្ទូងស្រូវ ធ្វើជី គ្រប់សព្វបែបយ៉ាង ពីព្រឹកដល់ល្ងាច សម្រាប់តែអាហារពីរពេល គឺ អង្ករមួយកំប៉ុង គ្នា ២ នាក់ នៅម៉ោង ១១ ថ្ងៃត្រង់ និង ៥ ល្ងាច តែប៉ុណ្ណោះ ដោយហូបរួម និងធ្វើការរួម។ ក្នុងពេលគាត់ឈឺ ពុំមានថ្នាំព្យាបាលអ្វីក្រៅពី ថ្នាំអាចម៍ទន្សាយនោះទេ។

គាត់បានឃើញមានការវាយសម្លាប់មនុស្សនាសម័យនោះ ជាពិសេសទាហានមកពីខេត្ត (ទាហានសម័យ លន់ នល់) ត្រូវបានសម្លាប់ និងមានការធ្វើទារុណកម្ម នៅពេលសួរចម្លើយ។ ជៃ វ៉ាន់ ដែលធ្លាប់ហាត់ធ្វើជាកងជីវពលនាសម័យសង្គមរាស្ត្រនិយម តាមភូមិ បានកុហកអំពីជីវប្រវត្តិរបស់គាត់ដើម្បីបានរស់រានមានជីវិត។

សូម្បីតែចាន ឆ្នាំង ក៏គាត់មិនមានដែល ជៃ វ៉ាន់ បាននិយាយថា “សូមតែបានសុខ និងចប់សង្គ្រាម” ប៉ុណ្ណោះ។ មិនខុសពីអ្នកដែលរស់រានមានជីវិតនៅតំបន់នោះ គាត់បានរៀបរាប់អំពី ការរៀបការដោយមានការរៀបចំដោយអង្គការ និងការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងក្រមាបង់ក ជាអត្តសញ្ញាណនៃរបបខ្មែរក្រហម។

ជៃ វ៉ាន់ មិនដែលបានស្តាប់ និងបានដឹងអំពីការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ អ្វីៗត្រូវបានបំភ្លេចចោលក្រោយពីការដួលរលំរបបខ្មែរក្រហម។ គាត់សង្ឃឹមថាមានការសិក្សារៀនសូត្រអំពីការរស់នៅនៃអ្នករស់រានមានជីវិតនាសម័យខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ឲ្យអ្នកជំនាន់ក្រោយបានដឹងពីទុក្ខលំបាករបស់គាត់ ដែលខំតស៊ូត្រូវការរស់រានមានជីវិត៕

សម្ភាសន៍ដោយ កាត សារ៉ាត់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin