ជ័យ ទូច៖ របបអាហារ និងការងាររបស់កុមារអាយុ១០ឆ្នាំ

ទូច ចាប់ផ្ដើមចូលធ្វើការងារនៅអាយុ៨ឆ្នាំ ជាមួយកុមារជាច្រើននាក់ទៀតនៅក្នុងភូមិក្រាំងត្នោត។ នៅក្នុងកងកុមារ ទូច ធ្វើការងារមើលគោ, បោចស្មៅ, ដេញចាប ,កាប់ដើមទន្ទ្រានខែត្រ, និងធ្វើជី។ ចូលដល់អាយុ៩ ទូច បានចេញទៅតាមការដ្ឋាន ដើម្បីធ្វើការសែងដីដំបូក, លើកភ្លឺស្រែ និងជីកប្រឡាយ និងប្ដូរជាបន្តបន្ទាប់ទៀតរហូតដល់របបខ្មែរក្រហមដួលរលំ។  នៅក្នុងរបបខ្មែរក្រហម ទូច ហូបអាហារមិនបានគ្រប់គ្រាន់នោះទេ ហេតុនេះហើយបានជាគាត់ត្រូវលួច បូតស្រូវ, កន្ទក់, កូនកង្កែប, ក្អាត់, ពស់, ថ្លែន និងបង្គួយ។ ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបរឿងរ៉ាវរបស់ ទូច៖

ជ័យ ទូច អាយុ៥៥ឆ្នាំ មានស្រុកកំណើតភូមិក្រាំងត្នោត ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន រស់នៅភូមិតាព្រះ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ ទូច មានឪពុកឈ្មោះ ជ័យ កង ហើយម្ដាយឈ្មោះ សុត សាខុម និងមានបងប្អូន៤នាក់ ក្នុងនោះមានស្រី២នាក់ ឈ្មោះ ជ័យ វុទ្ធី, ជ័យ អិត(ស្រី), ជ័យ អូន(ស្រី) និងជ័យ ទូច។ ទូច  មានប្រពន្ធឈ្មោះ ថាន់ ចាន់ធា និងមានកូនចំនួន ៥នាក់ឈ្មោះ កង ពិសិទ្ធ, កង ពិចិត្រ, កង សំណាង, កង ជីវន្ត និងកង ពិដោរ។

នៅឆ្នាំ១៩៧៥ ទូច មានអាយុ៧ឆ្នាំ។ មុនដំបូង ទូច មិនទាន់ធ្វើការងារអ្វីនោះទេ គឺគាត់រស់នៅជាមួយជីតា ដែលជាអ្នកមូលដ្ឋាន នៅភូមិក្រាំងត្នោត។ នៅឆ្នាំ១៩៧៦ ទូច បានចូលទៅរស់នៅក្នុងកងកុមារ និងធ្វើការងារ មើលគោ, បោចស្មៅ, ដេញចាប ,កាប់ដើមទន្ទ្រានខែត្រ, និងធ្វើជី។ នៅឆ្នាំ១៩៧៧ ទូច បានចេញទៅធ្វើការងារ សែងដីដំបូក, លើកភ្លឺស្រែ និងជីកប្រឡាយនៅតាមអង្គភាព។

ចូលដល់ឆ្នាំ១៩៧៨ ទូច បានចេញទៅធ្វើការលើកភ្លឺស្រែ និងជីកប្រឡាយ នៅស្រុកអន្លង់ទាន ឆ្ងាយពីសហករណ៍ ហើយការហូបមិនគ្រប់គ្រាន់នោះទេ។ ដើម្បីចម្អែតក្រពះ ទូច ត្រូវលួច បូតស្រូវ, កន្ទក់, កូនកង្កែប, ក្អាត់, ពស់, ថ្លែន និងបង្គួយ យកមកធ្វើជាអាហារបន្ថែម។ ទូច បន្តថា នៅពេលដែលមានជំងឺ គឺគ្មានគ្រូពេទ្យ និងថ្នាំយកមកព្យាបាលត្រឹមត្រូវនោះទេ។

នៅឆ្នាំ ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ ទូច បានត្រលប់ទៅរស់នៅជួបជុំបងប្អូន និងម្ដាយ ប៉ុន្តែឪពុករបស់គាត់ ត្រូវបានអង្គការយកទៅសម្លាប់។ នៅឆ្នាំ១៩៨០ ទូច ចូលរៀនដំបូងនៅក្នុងសាលាវត្តសន្លុង រយៈពេល៣ឆ្នាំ។ នៅក្នុងឆ្នាំ១៩៨៣ ទូច បានប្ដូរទៅរស់នៅជាមួយឪពុកធំ និងចូលរៀននៅអនុវិទ្យាល័យព្រៃសណ្ដែក រហូតដល់ប្រឡងឌីប្លូម។ នៅឆ្នាំ១៩៨៥ ទូច បានឈប់រៀនត្រឹមថ្នាក់ទី៨។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ទូច មានជំងឺលើសសម្ពាធឈាម, លើសខ្លាញ់, ឈឺសន្លាក់ និងលើសជាតិស្ករ។ ជំងឺរបស់ទូច​បណ្ដាលមកពី អាយុកាន់តែច្រើន, កង្វះអាហារូបបត្ថម្ភ និងធ្វើការងារហូសកម្លាំងតាំងពីកុមារ។

សម្ភាសដោយ៖ កង ពិដោរ ថ្ងៃទី០៣ ខែកញ្ញា ២០២១

អត្ថបទដោយ៖ ភា រស្មី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin