ដឹកទាំងឡានយកទៅសម្លាប់

ឈឺន វឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ឈឺ វឿន អាយុ ៦៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលគាត់មានកូនប្រាំពីរនាក់ និង បងប្អូនរបស់គាត់ចំនួនប្រាំមួយនាក់។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ វឿនបានលើកឡើងថាគាត់ធ្លាប់ធ្វើជាគ្រូពេទ្យ និងការងារបន្ទាប់បន្សំដូចជា ដកសំណាប នៅតំបន់ដែលគាត់បានរស់នៅខេត្តព្រះវិហារ ដែលក្រុមគ្រួសារគាត់មិនបានជម្លៀសទៅណានោះទេ។

វឿន បន្តទៀតថា ពេលមានអ្នកជំងឺគ្រុនចាញ់ គាត់បានឲ្យហូបទឹកដូង និងដាំទឹកថ្នាំស្លឹកម្រះ។ ចំពោះជំងឺទូទៅ គេប្រើថ្នាំអាចម៍ទន្សាយដែលបញ្ជាពីថ្នាក់លើមក ជួនកាលមានថ្នាំមកពីបរទេសដែលមានប្រសិទ្ធិសម្រាប់ប្រើប្រាស់តែមនុស្សមួយចំនួនតូចប៉ុណ្ណោះ។ ដោយឡែកអំពីការកាប់សម្លាប់ដោយរង្គាលវិញ គាត់បាននិយាយទាំងអាណិតអាសូរដល់អ្នកបាត់បង់ជីវិតនៅសម័យនោះថា ​បានឃើញប្រជាជនជាច្រើននាក់ ត្រូវបានខ្មែរក្រហមដឹកទាំងឡានៗទៅសម្លាប់ នៅតាមរណ្ដៅ ដោយវាយនឹងគល់ឫស្សី នៅឯត្រពាំងរាំង។ ហេតុការណ៍នេះបានដាស់​អារម្មណ៍ឲ្យគាត់ភ័យខ្លាច និងសម្រាន្តមិនលក់នៅពេលនឹកឃើញអំពើដ៏ឃោរ​ឃៅនោះម្តងៗ។

ក្រោមរបបខ្មែរក្រហម វឿន មានរបបអាហារតែបបរសលាយជាមួយស្លឹកដំឡូងមី មិនដែលបានអាហារបីពេលដូចអ្នកថ្នាក់លើនោះទេ។ ប្រជាជនឯទៀតត្រូវបានបង្ខិតបង្ខំឲ្យរៀបការនឹងមនុស្សដែលមិនស្គាល់គ្នា ដោយស្លៀកពាក់ពណ៌ខ្មៅទាំង៨គូ ហើយប្តេជ្ញាចិត្តចំពោះអង្គការ។ បើតាមគាត់ចងចាំ ពេលនោះក៏មានការភ័ន្តច្រឡំមនុស្ស ឬគូទៀតផង។

ក្រោយថ្ងៃរំដោះនៅឆ្នាំ១៩៧៩ គាត់ឈប់ធ្វើគ្រូពេទ្យ និងចាប់មុខរបរស្រែចម្ការរហូតមកទល់សព្វថ្ងៃ។ វឿន មិនបានដឹងអំពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ គាត់យល់ឃើញថា ការនិយាយប្រាប់អ្នក​ជំនាន់ក្រោយឲ្យបានដឹងពីការកើតឡើងនៃរបបនោះ ជារឿងត្រឹមត្រូវ និងជាការចងចាំដោយមិនឲ្យរបប​​​នោះវិលមកវិញ។ បច្ចុប្បន្នគាត់មានជំងឺប្រចាំកាយ និងមានជំងឺគ្រុនម្តងៗ។ ចំពោះបញ្ហាសេដ្ឋកិច្ចគ្រួសារវិញ គាត់ជួបប្រទះស្ថានភាពលំបាកតាំងពី​ថ្ងៃរំដោះ ដោយមិនមានអ្វី​សេសសល់នោះទេ គឺបានត្រឹមតែសេចក្តីរងទុក្ខវេទនាប៉ុណ្ណោះ»៕ 

សម្ភាសន៍ដោយ សូរ គីមសៀង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin