ខ្មែរក្រហមបង្ខំខ្ញុំរៀបការ

(ក្រចេះ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈឹម ស៊ាម ភេទស្រី បច្ចុប្បន្នមានអាយុ ៧០ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់បាននិយាយប្រាប់ថា កាលពីរបបខ្មែរក្រហមគាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ និងបានស្លាប់បាត់បង់ជីវិតចំនួនប្រាំនាក់។

របបខ្មែរក្រហម គឺជារបបមួយដែលប្រជាជនកម្ពុជាសឹងតែគ្រប់រូបមានភាពតក់ស្លុតនៅពេលដែលបានឮ។ មានប្រជាជនជាច្រើន ដែលត្រូវបាត់បង់សមាជិកគ្រួសារ ដោយសារតែការជម្លៀស ជំងឺ កង្វះអាហារបរិភោគ និងដោយសារការសម្លាប់របស់ខ្មែរក្រហម។

នៅក្នុងរបបខ្មែរក្រហម ស៊ាម ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅកាន់ខេត្តកំពង់ធំ នៅតំបន់កំពង់ភ្លុក និងត្រូវបានខ្មែរក្រហមដែលកាន់កាប់នៅតំបន់នោះ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ។

បន្ទាប់ពីបានត្រឡប់មកដល់ស្រុកកំណើតវិញ ស៊ាម ត្រូវបានអង្គការបញ្ជាឲ្យចូលក្នុងកងជីកទំនប់ លើកប្រឡាយ។ ម៉ោងធ្វើការ ត្រូវចាប់ផ្ដើមនៅម៉ោងប្រាំមួយព្រឹក។ ក្នុងមួយថ្ងៃប្រជាជនទទួលបានរបបអាហារពីរពេល គឺថ្ងៃត្រង់ និងល្ងាច។ ម្ហូបក៏មិនមានគ្រប់គ្រាន់ប៉ុនគឺមានត្រឹមតែបបរមួយចាន ស្មើនឹងមួយវែកកន្លះ ដោយលាយជាមួយសម្លរបន្តិចបន្តួចប៉ុណ្ណោះ។ ពេលបញ្ចប់ការជីកប្រឡាយ គាត់បានត្រឡប់ទៅផ្ទះរបស់គាត់ ហើយអង្គការបានរៀបចំពិធីមង្គលការឲ្យគាត់និងប្រជាជនចំនួនប្រាំបីគូ។

គាត់បាននិយាយបន្ថែមថា នៅក្នុងអំឡុងពេលនោះគាត់មិនបានមានចិត្តស្រឡាញ់ស្វាមីរបស់គាត់សព្វថ្ងៃនេះទេ ស្វាមីរបស់គាត់ក៏មិនបានស្រឡាញ់គាត់ដូចគ្នា ប៉ុន្តែគាត់ទាំងពីរនាក់ត្រូវតែបង្ខំចិត្តរៀបការជាមួយគ្នា ព្រោះខ្លាចអង្គការចាប់យកទៅសម្លាប់ចោល។ ប្រជាជនកម្ពុជាទាំងអស់ត្រូវតែយល់ព្រមនូវអ្វីដែលអង្គការរៀបចំឲ្យ។

នៅពេលមានជំងឺ អង្គការបានឲ្យគ្រូពេទ្យប្រចាំកងផ្ដល់ថ្នាំដល់អ្នកជំងឺមួយគ្រាប់ ឬពីរគ្រាប់តាមប្រភេទជំងឺ។ អំឡុងពេលនោះថ្នាំ ដែលប្រើប្រាស់ជាប្រចាំ ហៅថាថ្នាំអាចម៍ទន្សាយ។ ប្រសិនជាមានអ្នកជំងឺមានសភាពជំងឺធ្ងន់ធ្ងរ អង្គការបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកដើម្បីព្យាបាល។

ប្អូនរបស់គាត់ម្នាក់ ត្រូវបាត់បង់ជីវិត ដោយសារតែជំងឺ។ អង្គការបានបញ្ជូនប្អូនរបស់គាត់ ទៅព្យាបាលដល់មន្ទីរពេទ្យស្រុក ប៉ុន្តែមិនបានអនុញ្ញាតឲ្យឪពុកម្ដាយ ឬសាច់ញាតិទៅមើលថែឡើយ។ បច្ចុប្បន្ននេះ ស៊ាម មានជំងឺលើសសម្ពាធឈាម និងខ្វះជាតិស្ករ ព្រមទាំងក្រពះពោះវៀន៕

សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin