ជា ចន្ថា៖ បានជួបការលំបាកតាំងពីក្មេង

ជា ចន្ថា អាយុ៥៧ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ជីវិតរបស់ចន្ថា បានឆ្លងកាត់ការលំបាកតាំងពីវ័យក្មេង ពោលគឺតាំងពីសម័យ លន់ នល់ ដែលគ្រួសាររបស់គាត់ត្រូវភៀសខ្លួនចុះឡើងជាញឹកញាប់ដើម្បីគេចពីសង្គ្រាម។ ថ្ងៃមួយនៅពេលស្នាក់នៅអង្គថ្កូវ បងប្អូនរបស់ចន្ថា ម្នាក់ដែលមានអាយុប្រមាណ៦ ទៅ៧ឆ្នាំ បានស្លាប់ដោយសារលាប់ជំងឺកញ្ច្រិល។ បន្ទាប់ពីប្អូនស្លាប់ គ្រួសាររបស់ចន្ថា បានទៅនិមន្តព្រះសង្ឃ មកធ្វើបុណ្យតាមប្រពៃណី។

ចូលដល់សម័យខ្មែរក្រហម ចន្ថា មានអាយុ១២ឆ្នាំ។ ចន្ថា និងគ្រួសារ​ បានស្នាក់នៅជាមួយគ្នាពេលយប់ ប៉ុន្តែត្រូវចេញទៅធ្វើការងារផ្សេងគ្នានៅពេលថ្ងៃ ដោយឪពុករបស់គាត់ គឺជាអ្នកធ្វើបង្គីសម្រាប់ប្រើប្រាស់រួមក្នុងសហករណ៍ ហើយម្ដាយចេញទៅស្ទូងស្រូវក្បែរៗភូមិ។ ចំណែក ចន្ថា ត្រូវចូលទៅធ្វើការងារក្នុងកងកុមារ។ នៅក្នុងកងកុមារ ចន្ថា និងកុមារដទៃទៀតដែលមានអាយុប្រហាក់ប្រហែលគ្នា ត្រូវធ្វើការងារសែងដីពីបាតត្រពាំងយកទៅចាក់ក្នុងស្រែ, ជញ្ជូនសំណាបឲ្យអ្នកស្ទូង និងច្រូតស្រូវ ទៅតាមអង្គការចាត់តាំង។ ចំពោះការងារជញ្ជូនសំណាប ចន្ថា ត្រូវយកសំណាបទៅជ្រលក់ជាមួយជីលាមកមនុស្ស រួចឈរកាន់ឲ្យអ្នកស្ទូង។

ជារៀងរាល់ថ្ងៃ នៅម៉ោង១១ ឬ១២ថ្ងៃត្រង់​ អង្គការបានធ្វើការវាយជួងផ្ដល់សញ្ញាឲ្យប្រជាជនទាំងអស់ឈប់ធ្វើការងារ រួចដើរទៅហូបបាយរួមនៅក្នុងរោង។ អាហារដែលអង្គការផ្ដល់ឲ្យប្រជាជន និងចន្ថា គឺមិនគ្រប់គ្រាន់នោះទេ ហើយអ្នកដែលមានជំងឺធ្ងន់ដើរទៅហូបបាយមិនរួច គឺត្រូវអត់ឃ្លាន ព្រោះអង្គការមិនបានទុកអាហារឲ្យនោះឡើយ។ ចន្ថា បានសង្កេតឃើញថា យុវជន និងមនុស្សប្រុសជាច្រើននាក់ បានបាត់បង់ជីវិតក្នុងពេលនោះ ដោយសារតែការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការងារធ្ងន់ៗរាល់ថ្ងៃរហូតដល់បាក់កម្លាំង។

ចំពោះ ចន្ថា បានជួបប្រទះនូវការអត់ឃ្លានដូចគ្នា ហេតុនេះហើយបានជាគាត់ត្រូវចេញទៅលួចដំឡូងរបស់អង្គការនៅក្នុងចម្ការខាងត្បូងភូមិ យកទៅលាក់ក្នុងដី រួចលួចស្ងោរហូបនៅពេលមានឱកាស។ បន្ទាប់ពីលួចបាន កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិ បានធ្វើរោងមួយសម្រាប់ឲ្យក្រុមតាៗនៅចាំយាម ព្រោះអង្គការគិតថាដំឡូងដែលបាត់នោះ ត្រូវបានប្រជាជនមកពីភូមិប្រសៀតជាអ្នកលួច។ ចំណែក ចន្ថា បានប្ដូរទៅលួចដំឡូងនៅចម្ការអន្លុងតោបន្តទៀត ហើយអង្គការបានទៅធ្វើរោងយាមមួយទៀត។ ក្រៅពីនេះ ចន្ថា បានទៅលួចដំឡូងមីនៅតាមផ្ទះរបស់ប្រជាជនក្បែរមាត់ស្ទឹងបន្តទៀតដើម្បីចម្អែតក្រពះ។

ក្រៅពីការខ្វះខាតអាហារ សម្លៀកបំពាក់ក៏ជាទុក្ខលំបាកមួយរបស់ប្រជាជន និងចន្ថា។ ប្រជាជនទាំងអស់ត្រូវបង្ខំឲ្យស្លៀកពាក់ពណ៌ខ្មៅរាល់ថ្ងៃ ដែលអង្គការគឺជាអ្នកផ្ដល់សម្លៀកបំពាក់ ឬសាច់ក្រណាត់ខ្មៅបន្តិចបន្តួយទៅប្រជាជន ដើម្បីកាត់ដេរដោយខ្លួនឯង។ ចំពោះអ្នកដែលមានសម្លៀកបំពាក់តែមួយសម្រាប់ គឺត្រូវស្លៀកទាំងសើម ឬមានខ្លិនមិនល្អ ខុសពីអ្នកមានពីរសម្រាប់អាចផ្លាស់ប្ដូរគ្នាបាន។

ទោះបីជាយ៉ាងណា សម្លៀកបំពាក់ទាំងនោះនៅតែមិនអាចប្រើប្រាស់បានយូរឡើយ ដោយសារសាច់ក្រណាត់មានគុណភាពអន់ ឆាប់ពុកផុយ រហែក និងមានស្នាមដេរជាន់គ្នាជាច្រើនកន្លែង។ ជាក់ស្ដែង ចន្ថា មានសំពត់ពីរសម្រាប់ផ្លាស់ប្ដូរគ្នា ប៉ុន្តែដោយសារតែគាត់បោកទឹក និងយកទៅហាលរាល់ថ្ងៃ ទើបធ្វើឲ្យសម្លៀកបំពាក់របស់គាត់ឆាប់រហែក។  ចន្ថា បានរៀបរាប់ថា ”តែមួយចង្កេះឆ្អេះរហូតហ្នឹង មិនបានប៉ុន្មាន តែតិចពុកបាត់ហើយ ទទឹកស្ងួតៗហ្នឹង”។​

នៅខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ចន្ថា បានត្រលប់ទៅរស់នៅជួបជុំគ្រួសារវិញនៅក្នុងផ្ទះរបស់គាត់ដែលបានសាងសង់ឡើងតាំងពីសម័យ លន់ នល់ ។ រហូតដល់ឆ្នាំ១៩៨២ ឪពុករបស់ចន្ថា បានបាត់បង់ជីវិតដោយសារជំងឺ។

នៅពេលផ្ដល់បទសម្ភាសន៍ ចន្ថា មានបញ្ហាសុខភាពជាច្រើនដូចជា៖ ជំងឺសន្លាក, លើសឈាម, ខ្វះជាតិស្ករ, អាស៊ីត និងញ័របេះដូង។ ចន្ថា យល់ថា ជំងឺរបស់គាត់កើតឡើងដោយសារការធ្វើការងារធ្ងន់ៗតាំងពីរបបខ្មែរក្រហមដួលរលំ។ ដើម្បីព្យាបាលជំងឺ ចន្ថា បានទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឯកជន និងបានទិញថ្នាំយកមកលេប។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin