ខ្មែរក្រហមយកមនុស្សទៅវាយសម្លាប់សពគរលើគ្នា

(កំពង់ចាម)៖ សុខ សុទ្ធ មានអាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ គាត់មានបងប្អូនបង្កើតចំនួន ៦នាក់ (ស្រីម្នាក់)។ បច្ចុប្បន្ន សុទ្ធ រស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយមានស្ថានភាពសុខភាពល្អធម្មតា។
នៅក្នុងអំឡុងពេលនៃការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ គ្រួសាររបស់សុទ្ធ បានប្រកបមុខរបរធ្វើចម្ការ ដាំពោត។ ក្រោយមក គ្រួសាររបស់សុទ្ធ បានផ្លាស់មករស់នៅក្នុងខេត្តកំពង់ចាម ដើម្បីធ្វើការស៊ីឈ្នួល។ នៅទីនោះ មានការរងគ្រោះដោយសារការទម្លាក់គ្រាប់បែក។ ពេលមានការទម្លាក់គ្រាប់បែកម្តងៗ សមាជិកគ្រួសារទាំងអស់ត្រូវរត់ទៅពួននៅក្នុងត្រង់សេ។ ការទម្លាក់គ្រាប់បែកនាពេលនោះ មិនបានបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនឡើយ ព្រោះគ្រាប់បែកភាគច្រើនទម្លាក់នៅតំបន់វាល។
នៅពេលខ្មែរក្រហមចូលមកដល់ភូមិស្រុក គាត់ត្រូវបានគេចាត់ឱ្យធ្វើជាទាហានដើរស្តាយកាំភ្លើងនៅក្នុងភូមិ។ មានពេលមួយ ខ្មែរក្រហមបានបញ្ជូនក្រុមការងារគាត់ទៅនៅបារាយណ៍ដោយធ្វើដំណើរដោយថ្មើរជើង។ តាមផ្លូវទៅនោះ ទាហានរួមដំណើរបានស្លាប់ជាច្រើននាក់ក្នុងមួយថ្ងៃៗ ដោយសារមូលហេតុហូបទឹកមិនស្អាត បណ្តាលឱ្យកើតជំងឺឈឺស្លាប់។ គាត់មានអារម្មណ៍ភ័យខ្លាចខ្លាំង ទើបសម្រេចចិត្តរត់ត្រឡប់មកតំបន់រស់នៅវិញ។ នៅក្នុងអំឡុងពេលធ្វើដំណើរត្រឡប់មកវិញ ក្នុងស្រុកស្ទឹងត្រង់ គាត់បានឃើញផ្ទាល់ភ្នែកនូវសកម្មភាពដែលខ្មែរក្រហមយកមនុស្សទៅវាយសម្លាប់ជាច្រើននាក់សពគរលើគ្នា និងបោកក្មេងៗជាមួយនឹងគល់ឈើ។ ការសម្លាប់នោះមិនប្រើកាំភ្លើងឡើយ វាយនឹងត្បូងចប និងគល់ឫស្សី។ សុទ្ធ បានលាក់ខ្លួននៅក្រោយដើមឈើធំ ហើយគាត់បានឃើញរាល់សកម្មភាពនោះទាំងអស់។ ពេលមកដល់ភូមិទួលរកា គាត់បានឃើញមនុស្សត្រូវគេសម្លាប់ជាច្រើននាក់ថែមទៀត។
ដោយសារអស់កម្លាំងខ្លាំង សុទ្ធ បានដើរដួល មានប្រជាជនម្នាក់បានជួយសង្គ្រោះ និងរកថ្នាំឱ្យគាត់លេប។ ក្រោយមក សុទ្ធ បានធ្វើជាចុងភៅនៅក្នុងភូមិ។ ពេលធ្វើការងារជាចុងភៅ គាត់បានបរិភោគអាហារពីរពេលធម្មតាដូចជាប្រជាជនដទៃទៀត។ គាត់មិនហ៊ានចែកអាហារដល់អ្នកស្រុកលើសការកំណត់របស់អង្គការឡើយ ព្រោះខ្លាចឈ្លបយកទៅសម្លាប់ចោល។
សុទ្ធ បានរៀបការជាមួយប្រពន្ធរបស់គាត់នៅក្នុងរបបខ្មែរក្រហម ក្នុងចំណោមគូស្រករចំនួន១៥គូ។ សុទ្ធ បានបញ្ជាក់ថា គាត់មិនដែលស្គាល់ប្រពន្ធពីមុនមកឡើយ ព្រោះពិធីនោះអង្គការជាអ្នករៀបចំនិងចាប់គូ ហើយគាត់គ្រាន់តែប្តេជ្ញាចិត្តចំពោះមុខអង្គការប៉ុណ្ណោះ។ ក្រោយរៀបការរួច អង្គការបានចាត់តាំងឱ្យទៅធ្វើការរៀងៗខ្លួនវិញ។ ក្រោយពីរបបខ្មែរក្រហមបានបញ្ចប់ គ្រួសាររបស់សុទ្ធ បានប្រកបមុខរបរលក់ថ្នាំជក់ ដើម្បីដោះដូរយកប្រាក់ និងអង្ករខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាព៕
សម្ភាសន៍ដោយ៖ តែ ដាលិស ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

