ឪពុកខ្ញុំត្រូវខ្មែរក្រហមសម្លាប់

ឈន ចយ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៦៩ ឈន ចយ ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៦៤ ឪពុកម្ដាយរបស់ ចយ បាន​រើមករស់នៅកោះព្នៅ និងហៅកោះនេះថា៖ “កោះព្រះនៅ”។ ចយ មានបងប្អូនប្រាំនាក់ និងមានកូនប្រាំបីនាក់ ក្នុងនោះស្រីប្រាំនាក់។

នៅចុងឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅប្រទេសកម្ពុជា ខ្មែរក្រហមបានចាប់ផ្តើមជម្លៀសប្រជាជននៅក្នុងភូមិកោះព្នៅឲ្យទៅរស់នៅរួម ធ្វើការរួម និងហូបរួមនៅតាមសហករណ៍។ ចំណែក នៅក្នុងភូមិ ត្រូវ​បាន​ទុកសម្រាប់តែយោធាខ្មែរក្រហមស្នាក់នៅតែប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហម បានចាត់តាំងឲ្យ ចយ ធ្វើជាកងកុមារនៅកោះព្នៅ។ គាត់ត្រូវឃ្វាលគោនៅពេលថ្ងៃ និងលើកភ្លឺស្រែ ឬស្ទូងស្រូវនៅពេលយប់។ ចយ ត្រូវប្រឹងធ្វើការទាំងថ្ងៃទាំងយប់ដោយគ្មានពេលសម្រាក និងហូបចុកមិនគ្រប់គ្រាន់។ ចយ លើកឡើងថា អ្នកណាដែលបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត ឬមានអាការជំងឺផ្សេងៗ នឹងត្រូវខ្មែរក្រហមចោទថា មិនស្មោះត្រង់ចំពោះអង្គការ។

នៅសហករណ៍របស់គាត់ ប្រជាជនត្រូវរស់នៅដោយគ្មានសិទ្ធិសេរីភាព និងត្រូវគោរពតាមវិន័យរបស់អង្គការ។ នៅពេលប្រជាជនកំពុងធ្វើការ ខ្មែរក្រហម ធ្វើការតាមដានជានិច្ចនូវរាល់សកម្មភាព។ អ្នកណាដែលខ្មែរក្រហម រកឃើញថាខុសសីលធម៌ ឬលួចទាក់ទងរវាងបុរសនិងស្ត្រី នឹងត្រូវបាត់ខ្លួន ឬសម្លាប់។

លើសពីនេះ ខ្មែរក្រហម ក៏បានបង្ខំឲ្យប្រជាជនរៀបការ និងប្តេជ្ញាចិត្តចំពោះអង្គការ ដោយនិយាយថា៖ “បម្រើប្រទេសជាតិ យកគ្រួសារមួយហិកតាបីតោន” ជាដើម។ បន្ទាប់ពីរៀបការរួចបានពីរថ្ងៃ អ្នកដែលរៀបការទាំងនោះ ត្រូវត្រលប់ទៅធ្វើការតាមក្រុមរៀងៗខ្លួនវិញ។

នៅឆ្នាំ១៩៧៩ ចយ ឃើញមានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលមករំដោះប្រជាជននៅក្នុងភូមិ។ ចាប់ពីពេលនោះមក ចយ បានបន្តរស់នៅ និងប្រកបរបរជាអ្នកនេសាទ និងកសិករ នៅភូមិកោះព្នៅ។ នៅក្រោមរបបផ្ដាច់ការខ្មែរក្រហម ចយ ចងចាំថា ខ្មែរក្រហមយកឪពុករបស់គាត់ទៅសម្លាប់ ដោយមានអ្នកចោទថាឪពុករបស់គាត់ បានធ្វើខុសវិន័យ៕

សម្ភាសដោយ សូ នីតា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin