ឈុន ប៊ុនប៉ាវ៖ «នរណាជាជនបង្កប់នៅក្នុងក្រុម?»

(កណ្ដាល)៖ ឈុន ប៊ុនប៉ាវ ភេទប្រុស មានអាយុ ៧០ឆ្នាំ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ប៊ុនប៉ាវ មានភូមិកំណើតនៅភូមិតាលន់ និងមានបងប្អូនចំនួនប្រាំពីរនាក់។
នៅឆ្នាំ១៩៦២ ប៊ុនប៉ាវ ដែលមានអាយុ ៧ឆ្នាំ បានចូលរៀននៅវត្តកេតុឧត្តម។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ប៊ុនប៉ាវ បានឈប់រៀនត្រឹមថ្នាក់ទី៦ និងជួយធ្វើការងារឪពុកម្ដាយ។ ក្រោយមក ប៊ុនប៉ាវ បានជិះកង់ទៅទិញអីវ៉ាន់នៅតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលស្រោចស្រង់ជាតិ យកមកលក់នៅភូមិព្រែកឃ្លោកដែលជាតំបន់ប្រទាញប្រទង់រវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ នៅពេលនោះ ប៊ុនប៉ាវ បានឃើញមានការទម្លាក់គ្រាប់បែក និងការបាញ់គ្រាប់ប្លោងចំផ្ទះប្រជាជន និងម៉ាស៊ីនកិនស្រូវ ប៉ុន្តែរដ្ឋាភិបាលស្រោចស្រង់ជាតិបែរជាផ្សាយតាមវិទ្យុថាខ្លួនបាញ់ចំកាំភ្លើងធំទៅវិញ។
នៅឆ្នាំ១៩៧២ នៅពេលយប់ ប៊ុនប៉ាវ ធ្វើជាគ្រូបង្រៀនតាមផ្ទះនៅភូមិព្រែកស្លែង ដែលជាតំបន់រំដោះដោយកងទ័ពខ្មែរក្រហម អស់រយៈពេលពីរឆ្នាំ។ នៅខែកក្កដា ឆ្នាំ១៩៧៣ ប៊ុនប៉ាវ បានរៀបការនៅក្នុងភូមិក្បាលកោះតូច។ នៅថ្ងៃមួយ ប៊ុនប៉ាវ បានឃើញឡានរបស់អ្នកកាសែតជនជាតិបរទេស ត្រូវបានកងទ័ពខ្មែរក្រហមស្ទាក់។ ប៊ុនប៉ាវ និយាយថា គាត់ឃើញកងទ័ពខ្មែរក្រហមចាប់អ្នកកាសែតទាំងនោះបណ្ដើរយកទៅស្រុកកោះធំ។ ក្រោយមក យុវជននៅក្នុងភូមិដែលមិនព្រមចូលធ្វើកងទ័ព ត្រូវខ្មែរក្រហមចាប់ខ្លួនយកទៅលត់ដំនៅមន្ទីរឃុំនៅក្នុងភូមិទួលស្ពឺ ដោយមានយុវជនខ្លះបានបាត់ខ្លួន។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុក ប៊ុនប៉ាវ ជាប្រជាជនមូលដ្ឋាននៅភូមិទួលស្ពឺ។ ប៊ុនប៉ាវ ត្រូវភ្ជួររាស់ស្រែចម្ការ និងឃ្វាលគោ, ចំណែកឪពុករបស់ប៊ុនប៉ាវ ធ្វើនង្គ័ល និងម្ដាយរបស់ប៊ុនប៉ាវ មើលក្មេង និងកូនរបស់ប៊ុនប៉ាវនៅរោងកុមារ។ ប៊ុនប៉ាវ រៀបរាប់ថា ម្ដាយរបស់គាត់តែងតែទុកអាហារបន្តិចបន្តួចឲ្យចៅ។ ប្រជាជនត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។
នៅរដូវវស្សា របបអាហារមានតែបបរ, ពោតក្រហម, សម្លកកូរលាយជាមួយចេកខ្ចី និងអន្ទង់ ឬម៉្សៅជ្រែលាយជាមួយសម្ល និងទឹកត្រីផ្អែមប៉ុណ្ណោះ។ ប៊ុនប៉ាវ និយាយថា បន្ទាប់ពីរដូវច្រូតកាត់រួច ទើបខ្មែរក្រហមចែកបាយឲ្យប្រជាជនហូប។ ប៊ុនប៉ាវ បន្តថាទោះបីជាគាត់ឃ្លានយ៉ាងណា ក៏គាត់មិនហ៊ានលួចហូបនោះដែរ។
នៅថ្ងៃមួយ ប៊ុនប៉ាវ និងឪពុករបស់គាត់ បានទៅលើកទំនប់ទាំងយប់។ នៅពេលកំពុងលើកទំនប់ ខ្មែរក្រហមបានហៅសមាជិកក្នុងក្រុមម្នាក់ ឈ្មោះ បងទុយ ឲ្យទៅលីអំបិលនៅភូមិកោះគរ និងបាត់ខ្លួនរហូតមក។ ប៊ុនប៉ាវ ចងចាំថា បងទុយ ជាមនុស្សខិតខំធ្វើការ និងមិនហ៊ានឈប់សម្រាកនោះទេ។ មិនយូរប៉ុន្មាន សមាជិកក្នុងក្រុមម្នាក់ទៀត ឈ្មោះ បងឡាយ ត្រូវបានខ្មែរក្រហមហៅទៅលើកធុងសាំងនៅមន្ទីរសង្គមកិច្ច។ ស្អែកឡើង ខ្មែរក្រហមប្រាប់ប៊ុនប៉ាវឲ្យឃ្វាលគោជំនួសបងឡាយ។ ប៊ុនប៉ាវ មានការភិតភ័យ និងប្រាប់ប្រពន្ធរបស់បងឡាយអំពីដំណឹងបងឡាយ។
នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ គឺមានការប្រជុំសន្និបាត ដោយខ្មែរក្រហមចាក់កាសែតឲ្យប្រជាជនស្តាប់ និងត្រូវទះដៃទៅតាមសំឡេងទះដៃដែលចេញពីកាសែត។ ប៊ុនប៉ាវ និយាយថា នៅពេលនោះ គាត់កំពុងធ្វើកេសគ្រាប់កាំភ្លើង ដូច្នេះមិនបានទះដៃ និងទៅយកទឹកត្នោតដែលខ្មែរក្រហមចែកនោះទេ ហើយគាត់បានពោលថា “មិនបានផឹកក៏មិនងាប់ដែរ”។ ក្រោយមក មានអ្នករាយការណ៍ប្រាប់ខ្មែរក្រហមថា ប៊ុនប៉ាវមានសភាពការណ៍ខ្មាំង។ ប៊ុនប៉ាវ និយាយថា គាត់អង្គុយជិតអ្នកស្គាល់គ្នា និងរាប់អានគ្នាទាំងអស់ និងមិនដឹងថានរណាជាជនបង្កប់នោះទេ។
ជាចុងក្រោយ ប៊ុនប៉ាវ រំឭកថា នៅឆ្នាំ១៩៧៧ វត្តជ្រោយឫស្សី និងវត្តកោះតូច (វត្តកេតុឧត្តម) ត្រូវខ្មែរក្រហមវាយកម្ទេច។ នៅឆ្នាំ១៩៧៨ ប៊ុនប៉ាវ ត្រូវបោកស្រូវរហូតដល់ម៉ោង១០យប់ ទើបគាត់បានសម្រាក។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គាត់បានបាត់ដំណឹងប្អូនប្រុសម្នាក់៕
សម្ភាសដោយ រ៉េន រចនា ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥

