ឈុន លាងចេង៖ ខ្ញុំធ្វើពុតជាឈឺដើម្បីបានរស់នៅជិតកូន

ឈុន លាងចេង រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ឈុន លាងចេង ភេទស្រី កើតក្នុងឆ្នាំ១៩៤៨ មានអាយុ ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅ និងមានស្រុកកំណើតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ លាងចេង មានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះមានស្រីប្រាំនាក់ និងមានកូនចំនួនប្រាំពីរនាក់ ក្នុងនោះមានស្រីម្នាក់។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ លាងចេង បានចូលរៀននៅសាលាវត្តកោះតូច និងនៅឆ្នាំ១៩៦៨ លាងចេង បានឈប់រៀនត្រឹមថ្នាក់ទី២។ នៅឆ្នាំ១៩៦៩ លាងចេង បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ លាងចេង បានភៀសខ្លួនទៅរស់នៅភូមិឫស្សីស្រុក ដោយសារកងទ័ពរដ្ឋាភិបាលស្រោចស្រង់ជាតិទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៤ លាងចេង បានធ្វើស្រែប្រវាស់ដៃនៅតំបន់គ្រប់គ្រងដោយខ្មែរក្រហម។​

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុក លាងចេង ជាប្រជាជនចាស់ ហើយគាត់ត្រូវបន្តធ្វើស្រែប្រវាស់ដៃ។ នៅឆ្នាំ១៩៧៦ លាងចេង ត្រូវធ្វើការរួម និងហូបរួមនៅរោងបាយ។ លាងចេង ចងចាំថា នៅឆ្នាំ១៩៧៧ ព្រះវិហារ និងព្រះបដិមានៅក្នុងវត្តអារាមត្រូវខ្មែរក្រហមវាយកម្ទេចចោល និងប្រកាសប្រាប់ប្រជាជនថា ព្រះចូលនិញ្វនហើយ។ ចំណែកវត្តអារាម ក៏បានក្លាយជាកន្លែងសម្រាប់ធ្វើជី។

ជារៀងរាល់ថ្ងៃ លាងចេង ត្រូវស្ទូង, ច្រូត, និងបោកស្រូវនៅភូមិទុយោរ។ ចំណែករបបអាហារ គឺមានតែបាយ, ពោតក្រហម, បបរលាយជាមួយព្រលិត, ត្រកួន, ឬដើមច្រវ៉ា។ ក្រោយមក លាងចេង ត្រូវរែកដី, លើកទំនប់ និងជីកប្រឡាយនៅពេលថ្ងៃ និងវាយកណ្តុរនៅពេលយប់។ លាងចេង ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ នៅពេល លាងចេង មានជំងឺ គឺគាត់ត្រូវទៅសម្រាកនៅមន្ទីរពេទ្យ ស្ថិតក្នុងភូមិព្រែកឃ្លោក និងមានថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។ លាងចេង និយាយថា នៅពេលដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ទៅធ្វើការនៅតំបន់ផ្សេង គាត់បានធ្វើពុតជាឈឺដើម្បីបានបន្តរស់នៅជិតកូនដែលមានអាយុ១០ខែ។

នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានកត់ឈ្មោះ លាងចេង និងបម្រុងយកគាត់ទៅកោះគរ ប៉ុន្តែមិនយូរប៉ុន្មាន របបខ្មែរក្រហមបានដួលរលំ។ នៅពេលនោះ ប្អូនរបស់លាងចេងម្នាក់ ដែលធ្វើការក្នុងកងសេដ្ឋកិច្ចបានបាត់ខ្លួន។

លាងចេង និយាយថា នៅរបបខ្មែរក្រហម គណៈកង ឬប្រជាជនចាស់ដែលស្អប់ប្រជាជនថ្មី បានរាយការណ៍ប្រាប់អង្គការ និងចោទប្រជាជនថ្មីថាលួចបេះបន្លែហូប។ ប្រជាជនថ្មី ត្រូវបានខ្មែរក្រហមវាយសម្លាប់ដោយត្បូងចប ដោយគ្មានសួររកហេតុផលនោះទេ។ ក្រៅពីនោះ ប្រជាជនថ្មី ដែលប្រាប់អំពីប្រវត្តិរូបរបស់ខ្លួនថាជាអ្នកចេះដឹងនៅរបបមុនៗ នឹងត្រូវខ្មែរក្រហមបញ្ជូនឡើងកាណូត ហើយបាញ់សម្លាប់ និងទម្លាក់ចូលទឹកទន្លេ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ លាងចេង បានត្រលប់មករស់នៅភូមិកំណើត និងដាំពោត និងសណ្តែក ដើម្បីចិញ្ចឹមជីវិត៕

សម្ភាសដោយ រ៉េន រចនា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin