ហូបអត់ហូបឃ្លាន

ឈុន សុខហេង រស់នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ឈុន សុខហេង ភេទស្រី អាយុ ៦៤ឆ្នាំ ជាកសិករ រស់នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៥ សុខហេង ឈប់រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់) ដោយសារការប្លោងគ្រាប់បែកនៅក្នុងភូមិ។

នៅខែមេសា ឆ្នាំ១៩៧៥ នៅពេលរបបខ្មែរក្រហមឡើងកាន់អំណាច សុខហេង ដែលជាប្រជាជនចាស់ ត្រូវគណៈកងបង្ខំឲ្យធ្វើការនៅអង្គភាពនារី នៅទួលក្រសាំង។ គណៈកងនោះ ក៏បានបញ្ជាឲ្យព្រះសង្ឃទាំងអស់នៅតាមទីវត្តអារាម ឲ្យសឹក និងទៅធ្វើពលកម្មដូចប្រជាជនទូទៅ។

នៅទួលក្រសាំង ក្នុងតំបន់២០ សុខហេង ត្រូវរែកដី, ស្ទូងស្រូវ និងច្រូតស្រូវ ក្នុងកងធំ ដែលមានសមាជិករាប់រយនាក់។ សុខហេង និយាយថា គាត់ត្រូវធ្វើការនៅទួលក្រសាំង អស់រយៈពេលជាង៣ឆ្នាំ ដោយខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់ត្រលប់មកផ្ទះវិញនោះទេ។ សុខហេង ត្រូវធ្វើការពីព្រលឹមរហូតដល់ម៉ោង១០យប់ ទើបបានសម្រាក។ នៅអង្គភាពនារី ក្នុងមួយខែ មានសន្និបាតម្តង។

សុខហេង ត្រូវហូបចុកមិនគ្រប់គ្រាន់ ដោយក្នុងមួយពេល គាត់ទទួលបានត្រឹមតែបបរបីវែកសម្ល(តូច) ឬចេកបីផ្លែ និងពោតក្រហមពីរផ្លែប៉ុណ្ណោះ។ សុខហេង ថា គាត់ត្រូវហូបអត់ហូបឃ្លាន។ ជួនកាល គាត់លួចហូបត្រឡាច និងមើមឈូកទាំងឆៅ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៧៨ គណៈឃុំ, គណៈកង និងឪពុកម្ដាយរបស់សុខហេង បានរៀបចំឲ្យ គាត់ រៀបការ និងបេជ្ញាចំពោះមុខអង្គការក្នុងពេលតែមួយជាមួយប្តីប្រពន្ធបួនគូផ្សេងទៀត។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុខហេង បានត្រលប់មករស់នៅភូមិក្បាលកោះតូច និងមានកូនបួននាក់ ក្នុងនោះស្រីបីនាក់។

ក្នុងរបបខ្មែរក្រហម បងប្រុសរបស់សុខហេង ឈ្មោះ ប៊ុនហេង ដែលចូលធ្វើយោធាខ្មែរក្រហមបានបាត់ខ្លួន។ ជាចុងក្រោយ សុខហេង នៅតែចងចាំពីភាពឈឺចាប់ និងបន្តរៀបរាប់រឿងរ៉ាវដែលគាត់ឆ្លងកាត់ក្នុងរបបនោះប្រាប់ដល់ជំនាន់ក្រោយ៕

សម្ភាសដោយ ឌី ស៊ូម៉េង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin