ជួន រក្សា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តព្រៃវែង
ជួន រក្សា
នាងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលត្រូវបានជ្រើសរើស និងអញ្ជើញក្នុងការចូលរួមនូវកម្មវិធីដ៏មានអត្ថន័យមួយនេះ ជាពិសេសទៅទៀត គឺបានជួបជាមួយថ្នាក់ដឹកនាំ ដែលលោកបានផ្ដល់នូវអនុសាសន៍ដ៏មានអត្ថន័យ និងមានប្រយោជន៍ដល់យុវជន យុវនារី។ លើសពីនេះទៅទៀត ក៏បានជួបជាមួយវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូប ដែលគាត់បានចែករំលែក និងផ្ដល់ជាចំណេះដឹងដល់អ្នកចូលរួម។
តាមរយៈសន្និសីទនេះ ធ្វើឲ្យនាងខ្ញុំយល់កាន់តែច្បាស់ជាងមុនពីគុណតម្លៃនៃពាក្យថា សន្តិភាព ជាពិសេសគឺ យល់ពីភាពឈឺចាប់ ក៏ដូចជាទុកលំបាករបស់អ្នកដែលឆ្លងកាត់នូវរបបដ៏ឃោរឃៅមួយនេះ។ ម្យ៉ាងវិញទៀតសន្និសីទនេះ ក៏បានបង្ហាញយ៉ាងជាក់ច្បាស់ថា ការអប់រំ គឺជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយ ប្រសិនបើយើងចង់ផ្លាស់ប្ដូរផ្នត់គំនិត ឬក៏ផ្លាស់ប្ដូរប្រទេសមួយ ឲ្យឈានដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងសន្តិភាព។ នាងខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងត្រូវបានធ្វើឡើងជាបន្តទៀត ដើម្បីចែកចាយពីប្រវត្តិសាស្ត្រដ៏ពិតមួយ ក៏ដូចជាផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពីការទប់ស្កាត់នូវរបបប្រល័យពូជសាសន៍ មិនចំពោះតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺទូទាំងសកលលោកយើងផងដែរ។ នាងខ្ញុំក៏មាននូវមតិយោបល់មួយចំនួនចំពោះកម្មវិធីសន្និសីទនេះ ខ្ញុំគិតថាកិច្ចពិភាក្សាគួរធ្វើឡើងជាមួយប្រធានបទតិចជាងនេះ ដើម្បីឲ្យមានពេលវេលាច្រើនសម្រាប់អ្នកចូលរួមសួរសំណួរ។
ជាចុងក្រោយ នាងខ្ញុំសូមថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានបង្កើតកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នេះឡើង ដែលបង្ហាញពីការយកចិត្តទុកដាក់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាបានផ្ដល់ឱកាសដល់អ្នកស្ម័គ្រចិត្តកម្ពុជា បានចូលរួមកម្មវិធីមួយនេះ និងទទួលយកចំណេះដឹង បទពិសោធន៍ថ្មីៗ។