អ្នកផ្សំថ្នាំអាចម៍ទន្សាយ

ជឹប ថែប អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ជឹប ថែប អាយុ ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ សំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សម័យខ្មែរក្រហម ប្រជាជនភាគច្រើនតម្រូវឲ្យលើកទំនប់ ជីកប្រឡាយ និងធ្វើស្រែ ជាដើម។

របបអារហារមានត្រឹមតែបបរមួយចាន គឺមិនគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមរាងកាយឲ្យមានសុខភាពល្អនោះទេ។​ ហូបបបរមួយចាន ធ្វើការងារពេញមួយថ្ងៃ ធ្វើឲ្យមានការប្រើប្រាស់ហួសកម្លាំង ហួសម៉ោង ប៉ុន្តែដោយសារខ្លាចបាត់បង់ជីវិត មនុស្សរាប់ពាន់នាក់ រួមទាំង ជឹប ថែប ត្រូវតស៊ូ ពុះពារ​ដើម្បីបានរស់រានមានជីវិត។

ដោយសារតែភាពឃ្លាន មានប្រជាជនខ្លះបានហូប ផ្លែឈើ ឬស្លឹកឈើព្រៃ រហូតដល់ពុលស្លាប់។ មួយរយៈបន្ទាប់មក ជឹប ថែប បានផ្លាស់ប្តូរមកធ្វើពេទ្យវិញ ដែលមានការហូបចុក ប្រសើរជាងមុន។ គាត់មិនដែលឃើញគេសម្លាប់មនុស្សផ្ទាល់ភ្នែកនោះទេ ប៉ុន្តែបានដឹងខ្លះពេលគេប្រជុំ ក្នុងន័យដើម្បីគំរាម។ ថ្នាំអាចម៍ទន្សាយ ជាថ្នាំបុរាណដែលបានប្រើប្រាស់សម្រាប់ព្យាបាល ជំងឺស្ទើរគ្រប់មុខនាសម័យនោះ។ ជឹប ថែប ផ្ទាល់គឺជាអ្នកធ្លាប់ធ្វើថ្នាំអាចម៍ទន្សាយ ដែលត្រូវការ ដើមស្តៅ ដើមបណ្ដូលពេជ្រ ដើមកានីន ជាដើមសម្រាប់ផ្សំ និងមានការពិសោធន៍ជាមួយសត្វ ដែលនេះជាអ្វីដែលគាត់បានប្រាប់មកកាន់អ្នកស្ម័គ្រកម្ពុជា។

បើនិយាយពីការរៀបអាពាហ៍ពិពាហ៍វិញ គេតម្រូវឲ្យនិយាយថា បេ្ដជ្ញា សម្រាប់ការយល់ព្រមក្នុងការរៀបអាពាហ៍ពិពាហ៍នោះ ទោះបីក្នុងចិត្តអ្នកទាំងនោះមិនពេញចិត្តក៏ដោយ ដោយហេតុថាខ្មែរក្រហមអាចយកអ្នកទាំងនោះទៅកសាង (សម្លាប់)។

ជឹប ថែប មិនបានដឹងអំពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែសម្រាប់ឃាតករផ្សេងទៀតក្រៅពីមេដឹកនាំខ្មែរក្រហម ដូចបុគ្គលដែលគាត់បានស្គាល់មិនត្រូវបានកាត់ទោសនោះ នៅតែមានភាពអយុត្តិធម៌នៅឡើយ។ គាត់យល់ថាការអប់រំតាមសាលារៀនអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺជាការចងចាំសម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌ជាទីបំផុតនាសម័យនោះ៕

សម្ភាសន៍ដោយ កាត សារ៉ាត់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin