ដាំ រ៉ស់៖ ភាពជូរចត់នៃសង្គ្រាម

ដាំ រ៉ស់ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ ដាំ រ៉ស់ កើតក្នុងឆ្នាំ១៩​៤៦ ភេទប្រុស មានអាយុ ៧៥ឆ្នាំ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ រ៉ស់ មានម្ដាយឈ្មោះ ពិល, ឪពុកឈ្មោះ ដាំ ទិល និងមានបងប្អូនចំនួនប្រាំនាក់ ក្នុងនោះមានស្រីពីរនាក់។ ម្ដាយរបស់រ៉ស់ បានបាត់បង់ជីវិតតាំងពីគាត់មានអាយុពីរឆ្នាំមកម្ល៉េះ។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ រ៉ស់ បានសិក្សាជាមួយភិក្ខុនៅសាលាវត្តសិរីជោតវ័ន។ នៅរបបសង្គមរាស្ត្រនិយម រ៉ស់ ដែលមានអាយុ១៦ឆ្នាំ បានឈប់រៀនត្រឹមថ្នាក់ទី៨ និងធ្វើជាកម្មករនៅឡឥដ្ឋ។ ក្រោយមក រ៉ស់ បានប្រកបរបរដាំដំណាំជុំវិញផ្ទះ និងឡើងត្នោត។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ នៅក្នុងភូមិ គឺមានការប្រយុទ្ធដោយមានការទម្លាក់គ្រាប់បែក និងមានការបាញ់គ្រាប់ប្លោងធ្វើឲ្យគាត់រត់លូនចូលលេណដ្ឋានទាំងភិតភ័យ។ ក្រោយមក រ៉ស់ បានរៀបការជាមួយប្រពន្ធ និងមានកូនប្រុសម្នាក់។

នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស និងចាត់ទុក រ៉ស់ ជាប្រជាជនមូលដ្ឋាន ដោយគាត់ត្រូវធ្វើការរួម និងហូបរួម ក្រោមការតាមដានរបស់ខ្មែរក្រហម។ រ៉ស់ ត្រូវធ្វើស្រែចម្ការ, រែកដី, ឃ្វាលគោ និងដាក់ចំណីជ្រូក។ ចំណែកប្រជាជនថ្មីដែលជម្លៀសមកពីទីក្រុងភ្នំពេញ ត្រូវខ្មែរក្រហមប្រមូលផ្តុំឲ្យរស់នៅដោយឡែកនៅភូមិត្រពាំងសាប។

នៅសហករណ៍ រ៉ស់ ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយត្រូវធ្វើពលកម្មពីព្រឹករហូតដល់ពេលថ្ងៃត្រង់ ទើបគាត់បានសម្រាកហូបអាហារ។ ប្រជាជនហូបអាហារតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។ រ៉ស់ និយាយថា នៅរដូវច្រូតកាត់ គឺមានបាយសម្រាប់ហូប ប៉ុន្តែក្រោយមក គឺមានតែបបររាវ។  ខ្មែរក្រហមដាំបបរមួយខ្ទះត្នោត ដោយដាក់អង្ករតែបីកំប៉ុងប៉ុណ្ណោះ សម្រាប់ចែកឲ្យប្រជាជនហូបមួយសហករណ៍។

នៅរបបខ្មែរក្រហម ប្រជាជនត្រូវបានចាប់បង្ខំឲ្យរៀបការជាច្រើនគូក្នុងពេលតែមួយ។ បន្ថែមពីនេះ រ៉ស់ ចងចាំថា បងថ្លៃរបស់រ៉ស់ ត្រូវបានខ្មែរក្រហមចាប់ខ្លួនដោយចងស្លាបសេក និងជិះរទេះសេះធ្ពោះទៅកន្លែងឃុំឃាំង នៅវត្តកកោះ។ រ៉ស់ ចងចាំថា គាត់វិះនឹងត្រូវខ្មែរក្រហមយកទៅសម្លាប់នៅទីនោះ ប៉ុន្តែសំណាងល្អ មួយខែក្រោយមក របបខ្មែរក្រហមត្រូវបានដួលរលំ។

នៅឆ្នាំ១៩៧៩ រ៉ស់ បានត្រលប់មករស់នៅស្រុកកំណើតជាមួយប្រពន្ធនិងកូនប្រុស។ នៅឆ្នាំ១៩៨៨ កូនប្រុសរបស់រ៉ស់ បានបាត់បង់ជីវិត នៅពេលធ្វើជាកងទ័ព។ សព្វថ្ងៃ រ៉ស់ មានជំងឺភ្នែក ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ជាចុងក្រោយ រ៉ស់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានរំឭកអំពីភាពជូរចត់នៃសង្គ្រាម ដែលគាត់មិនចង់ឲ្យកើតមានឡើងទៀតនោះទេ៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin