ឪពុក, ប្អូនប្រុស និងកូនស្លាប់នៅរបបខ្មែរក្រហម

ដក់ សុខខុន រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ដក់ សុខខុន ភេទស្រី មានអាយុ ៧១ឆ្នាំ រស់នៅ និងមានស្រុកកំណើតក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ សុខខុន ជាកូនច្បង ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីពីរនាក់។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ យោធាខ្មែរក្រហម បានជម្លៀសប្រជាជនទាំងអស់ឲ្យចាកចេញពីទីក្រុង។ សុខខុន ត្រូវខ្មែរក្រហមជម្លៀសឲ្យត្រលប់មករស់នៅស្រុកកំណើតជាមួយកូនបីនាក់នៅខេត្តកណ្ដាល ចំណែកប្តីសុខខុន ត្រូវជម្លៀសទៅស្រុកកំណើតនៅខេត្តបាត់ដំបង។

នៅស្រុកកំណើត សុខខុន និងកូនៗត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជន១៧មេសា និងត្រូវរស់នៅដាច់ដោយឡែកពីប្រជាជនមូលដ្ឋាន។ សុខខុន រស់នៅជាមួយក្រុមស្ត្រីមេម៉ាយ ដោយធ្វើការហួសកម្លាំង, ហូបចុកមិនគ្រប់គ្រាន់ និងព្រាត់ប្រាសពីកូនៗ។ កូនសុខខុនម្នាក់ បានស្លាប់ដោយសារជំងឺ ក្នុងរបបខ្មែរក្រហម។ សុខខុន និយាយថា ខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់បានទៅមើលថែកូននោះទេ។

សុខខុន ត្រូវស្ទូងស្រូវ, រែកដី និងជីកប្រឡាយតាមផែនការរបស់ខ្មែរក្រហម រហូតដល់ធ្លាក់ខ្លួនឈឺ។ ខ្មែរក្រហមចោទសុខខុនថា គាត់មានជំងឺសតិអារម្មណ៍ និងធ្វើពុត ដើម្បីមិនទៅធ្វើការ។ សុខខុន ថាប្រជាជនគ្មានសិទ្ធិតវ៉ា ឬប្រឆាំងនឹងផែនការខ្មែរក្រហមនោះទេ។ អ្នកដែលប្រឆាំងនឹងអង្គការ នឹងត្រូវយកទៅសម្លាប់ចោល ដូច្នេះ សុខខុន ត្រូវធ្វើការទំាងមានជំងឺ។ ប្អូនរបស់សុខខុនម្នាក់ ធ្វើការនៅកងកុមារ ត្រូវបានខ្មែរក្រហមដាក់ពិន័យ និងវាយជ្រមុជទឹករហូតដល់ស្លាប់ ដោយសារឈឺមិនទៅធ្វើការ និងហូបចុកមិនគ្រប់គ្រាន់។ របបអាហារ មានតែបបរមួយវែក, ពោតស្ងោរមួយផ្លែ ហូបជាមួយសម្លត្រកួនប៉ុណ្ណោះ។

សុខខុន រៀបរាប់ទាំងទឹកភ្នែកថា របបខ្មែរក្រហម បានធ្វើឲ្យគាត់ព្រាត់ប្រាសពីឪពុកម្ដាយ, បងប្អូន, ប្តីនិងកូន។ នៅរបបខ្មែរក្រហម សុខខុន បានបាត់បង់ឪពុក, ប្អូនប្រុសម្នាក់ និងកូនម្នាក់។ គាត់ត្រូវឆ្លងកាត់ការលំបាកវេទនាជាច្រើន។ ដូច្នេះ សុខខុន មិនចង់ឲ្យកើតមានរបបដូចខ្មែរក្រហមសាជាថ្មីនោះទេ។ អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ សុខខុន ដែលរស់នៅជាមួយកូនស្រី មានជំងឺប្រចាំកាយ និងជួបប្រទះជីវភាពខ្វះខាត៕

សម្ភាសដោយ ឆែ អ៊ីឡាង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin