ឌុក សុំ៖ ខ្មែរក្រហមជម្លៀសឪពុកម្ដាយរបស់ខ្ញុំទៅខេត្តពោធិ៍សាត់

(កណ្ដាល)៖ ឌុក សុំ ភេទស្រី មានអាយុ៧៧ឆ្នាំ។ សុំ រស់នៅនិងមានទីកន្លែងកំណើតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សុំ មានបងប្អូនចំនួន៥នាក់ ដោយគាត់ជាកូនទី២។
នៅខែមេសា ឆ្នាំ១៩៧៥ ឪពុកម្ដាយ និងប្អូនរបស់សុំចំនួន៣នាក់ ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅខេត្តពោធិ៍សាត់។ ចំណែកបងស្រីរបស់សុំម្នាក់ ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅខេត្តបាត់ដំបង។ នៅពេលនោះ សុំ មិនបានទៅជាមួយឪពុកម្ដាយនិងប្អូនរបស់គាត់ទេ ដោយសារ សុំ មានផ្ទៃពោះចំនួនប្រាំខែ ហើយគាត់ត្រូវរងចាំប្តីរបស់គាត់ត្រលប់មកពីរកពូជស្រូវនៅឯស្រែ។
នៅម៉ោង៧យប់ បន្ទាប់ពីប្តីរបស់សុំត្រលប់មកពីស្រែវិញ ខ្មែរក្រហមក៏បានជម្លៀស សុំ និងប្តីរបស់គាត់ទៅរស់នៅស្រុកស្អាង។ ប្តីរបស់សុំបានរែកកន្ទេល និងសម្ភារតែបន្តិចបន្តួចយកមកតាមខ្លួនប៉ុណ្ណោះ។ សុំ ចងចាំថា នៅយប់នោះ ប្រជាជនណាដែលរត់គេចខ្លួនពីខ្មែរក្រហម នឹងត្រូវខ្មែរក្រហមតាមបាញ់សម្លាប់។
នៅអំឡុងឆ្នាំ១៩៧៦ ខ្មែរក្រហមតម្រូវឲ្យប្រជាជនទាំងអស់ហូបរួម និងធ្វើការរួមនៅក្នុងសហករណ៍។ នៅសហករណ៍ ប្តីរបស់សុំ ត្រូវភ្ជួររាស។ ចំណែក សុំ ត្រូវដកស្ទូង និងច្រូតស្រូវ។ រយៈពេលមួយសប្តាហ៍ម្តង ទើបអ្នកទាំងពីរបានជួបជុំគ្នា។ ក្រោយពី សុំ សម្រាលកូនរួច ខ្មែរក្រហមបញ្ជាឲ្យគាត់ទៅដាំត្រសក់ស្រូវ, ប៉េងប៉ោះ និងឪឡឹក។ កូនរបស់សុំត្រូវយកទៅផ្ញើនៅរោងកុមារ។ នៅពេលយប់ សុំ ត្រូវទៅរែកដីរហូតដល់ម៉ោង១០យប់ ទើបគាត់បានសម្រាក។
នៅរបបខ្មែរក្រហម សុំ ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយគាត់ទទួលបានតែបបរលាយជាមួយសម្លត្រកួន ឬគល់ល្ហុងប៉ុណ្ណោះ។ ជួនកាលក្នុងមួយថ្ងៃ សុំ ទទួលបានតែពោតបីផ្លែប៉ុណ្ណោះ។ នៅរបបខ្មែរក្រហម ឪពុកម្ដាយនិងប្អូន២នាក់របស់សុំ ដែលជម្លៀសទៅរស់នៅខេត្តពោធិ៍សាត់ ស្លាប់ដោយសារការអត់ឃ្លាន។ ចំណែកបងស្រីរបស់សុំវិញ បាត់បង់ប្តីនិងកូនរបស់គាត់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុំ, បងស្រី និងប្អូនម្នាក់របស់សុំឈ្មោះ ហៀង ដែលរស់រានមានជីវិត បានវិលត្រលប់មករស់នៅភូមិកំណើតវិញ។ សព្វថ្ងៃ សុំ ប្រកបរបរធ្វើស្រែចម្ការ៕
សម្ភាសន៍ដោយ ស៊ុង ស្រីហួន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦

