ខ្ញុំធ្វើឆ្កួតដើម្បីរស់

(កណ្ដាល)៖ ឌុច យ៉ន ភេទស្រី មានអាយុ ៧៤ឆ្នាំ និងបច្ចុប្បន្នរស់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់។ នៅមុនរបបខ្មែរក្រហម យ៉ន បានរៀបការ និងមានកូនបីនាក់។
នៅឆ្នាំ១៩៧៥ ប្តីរបស់យ៉ន ដែលធ្វើជាគ្រូពេទ្យត្រូវបានខ្មែរក្រហមសម្លាប់។ យ៉ន និងកូន ត្រូវបានខ្មែរក្រហមជម្លៀសទៅស្រុកអង្គរបូរី ឬហៅថាស្រុក៥៥ និងចាត់ទុកជាប្រជាជន១៧មេសា។ នៅស្រុក៥៥ បងប្អូនរបស់យ៉ន ធ្វើជាមិនស្គាល់យ៉ននោះទេ។ យ៉ន ត្រូវរស់នៅយ៉ាងលំបាក ដោយធ្វើពលកម្មហួសកម្លាំង ដូចជាលើកទំនប់, ជីកប្រឡាយ, ច្រូតស្រូវ, ស្ទូងស្រូវ និងបាចទឹក។ ដើម្បីទទួបានបាយហូប យ៉ន ត្រូវធ្វើការឲ្យបានតាមគ្រប់ផែនការដែលខ្មែរក្រហមដាក់ឲ្យ។
ជាងនេះទៅទៀត យ៉ន ត្រូវកាប់ទន្ទ្រានខេត្ត, រែកលាមកមនុស្ស និងកាប់ដីដំបូក សម្រាប់ធ្វើជីលេខមួយ។ យ៉ន ត្រូវរែកឡាំងគ្រាប់ ដែលដាក់លាមកមនុស្សរហូតដល់ដាច់ខ្សែ និងកំពប់ប្រលាក់ពេញខ្លួន។ ខ្មែរក្រហមចោទថាគាត់មិនពេញនឹងចិត្តអង្គការ។ ឮដូច្នេះ ប្រជាជននៅជិតនោះ ជួយពន្យល់ខ្មែរក្រហមថាគាត់កំពប់ដោយសារតែដាច់ខ្សែប៉ុណ្ណោះ។ យ៉ន ត្រូវកើបលាមកយកទៅដាក់ក្នុងពាងធ្វើជី ដោយត្រូវជាន់នឹងជើង។ បន្ទាប់ពីធ្វើជីរួច យ៉ន ត្រូវភ្លក់ជីទាំងនោះ មុនយកទៅបាចដាក់វាលស្រែ។
យ៉ន និយាយទាំងទឹកភ្នែកថា គាត់ធ្វើជាឆ្កួត ដើម្បីរស់ ដោយធ្វើជាខិតខំធ្វើការទាំងមិនដឹងម៉ោងហូប និងម៉ោងសម្រាក។ ប្រធានភូមិ ប្រាប់កងឈ្លបថា មិនបាច់សម្លាប់យ៉នទេ ព្រោះគាត់មិនប្រក្រតីស្រាប់ទៅហើយ។
នៅស្រុក៥៥ របបអាហារមានតែសម្លត្រកួន និងបបររាវមួយខ្ទះមានអង្ករបួនកំប៉ុង សម្រាប់ឲ្យមនុស្ស៤០នាក់ហូបក្នុងមួយពេល។ ដោយសារឃ្លាន យ៉ន បានសុំបេះត្រួយត្រកួន និងអំបិលពីរោងបាយ ដើម្បីហូប ប៉ុន្តែត្រូវប្រជាជនមូលដ្ឋានចោទថា គាត់លួចពងមាន់ហូប។ យ៉ន និយាយថា អ្នកដែលចោទគាត់នោះ គឺជាអ្នកលួច។ ដោយសារការអាណិតចំពោះយ៉ន បុរសវ័យចំណាស់ម្នាក់ មានដើមកំណើតជនជាតិចិន បានជួយនិយាយឲ្យគាត់ ទើបខ្មែរក្រហមមិនសម្លាប់យ៉ន។
នៅពេលយប់ សូម្បីតែពាក្យក្នុងចិត្តក៏ យ៉ន មិនហ៊ាននិយាយ ដោយសារខ្លាចកងឈ្លបស្តាប់ឮ។ កូនប្រុសម្នាក់របស់យ៉ន ត្រូវបានកងឈ្លបបញ្ជាឲ្យចាប់តុកកែទាំងរស់ និងបណ្ដាលឲ្យកូនគាត់ធ្លាក់ពីលើជណ្តើរ។ កូនម្នាក់នេះ តែងតែទៅលួចបេះអំពិលយកមកឲ្យគាត់ហូប។
ដោយសារតែរស់នៅស្រុក៥៥ មានការលំបាកវេទនា យ៉ន បានសម្រេចចិត្តរត់មករកឪពុកម្ដាយនៅស្រុក៥៤ ឬសហករណ៍ព្រៃតឿ។ នៅពេលជួបឪពុក ឪពុកយ៉នមិនដឹងថាយ៉ននៅរស់នោះទេ ដោយសារខ្មែរក្រហមកុហកឪពុកម្ដាយគាត់ថា យ៉ននិងកូនស្លាប់ហើយ។ យ៉ន បានរត់ទៅស្រុក៥៤ បីដង ដោយត្រូវនាំកូនម្នាក់ម្ដង។ នៅតាមផ្លូវ យ៉ន បានជួបខ្មែរក្រហមដែលកំពុងគាស់ដំឡូង ហើយសួរយ៉នថា «មិត្តឯងទៅណា?», យ៉ន ឆ្លើយថាសុំអង្គការយកកូនដែលឈឺទៅលេងស្រុក។ ខ្មែរក្រហមនោះក៏អនុគ្រោះ និងឲ្យដំឡូងគាត់ហូប។
នៅស្រុក៥៤ យ៉ន គ្មានចាននិងស្លាបព្រានោះទេ។ នៅពេលនោះ មានមិត្តម្នាក់ដែលស្គាល់យ៉ននៅភ្នំពេញ បានយកចានមកឲ្យ ទើបយ៉នអាចបន្តលួចរស់នៅស្រុក៥៤។ មិនយូរប៉ុន្មាន មានកងឈ្លបមកពីស្រុក៥៥ មកសួររកអ្នកដែលរត់ចេញពីស្រុក៥៥ នៅរោងបាយ។ ឃើញដូច្នេះ យ៉ន បានរត់ពួនពីកងឈ្លបនោះ និងរស់នៅស្រុក៥៤ រហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩៕
សម្ភាសដោយ ឆែ អ៊ីឡាង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥