ខ្មែរក្រហមសម្លាប់ប្តីខ្ញុំដោយគ្មានមូលហេតុ

(កណ្ដាល)៖ ឌឿ ឡន ភេទស្រី មានអាយុ ៦៨ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧០ ឪពុកឡនបានស្លាប់ ចំណែកម្ដាយរបស់គាត់បានស្លាប់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ ឡន មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។
នៅមុនឆ្នាំ១៩៧៥ ឡន បានរៀបការ និងរស់នៅទីក្រុងភ្នំពេញ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុង។ ឡន និងប្តី រួមទាំងកូន ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅសហករណ៍មួយកន្លែងនៅតាមដងទន្លេមេគង្គ។
នៅសហករណ៍ ឡន ត្រូវហូបរួម និងធ្វើការរួម ដោយហូបចុកមិនគ្រប់គ្រាន់ និងធ្វើពលកម្មហួសកម្លាំង។ ចំណែក ប្តីប្រពន្ធ និងកូនត្រូវរស់នៅដាច់ដោយឡែកពីគ្នា។ របបអាហារដែលគាត់ទទួលបាន មានតែបាយ ឬបបរលាយជាមួយពោត និងសម្លត្រកួនគ្មានបង់សាច់។
ឡន និយាយថា នៅរបបខ្មែរក្រហម គាត់ត្រូវធ្វើការ ដូចជារែកដី, ជីកប្រឡាយ, លើកទំនប់ និងដកស្ទូង តាំងពីព្រលឹមទល់ព្រលប់ ដោយគ្មានពេលសម្រាកនោះទេ។ នៅចុងឆ្នាំ១៩៧៨ ប្តីរបស់ឡន ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់។ ឡន រៀបរាប់ទាំងទឹកភ្នែកថា ខ្មែរក្រហមយកប្តីគាត់ទៅសម្លាប់ ដោយគ្មានមូលហេតុ។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ឡន និងកូនពីរនាក់ ដែលនៅរស់រានមានជីវិត បានត្រលប់មកស្រុកកំណើត និងប្រកបរបរធ្វើស្រែចម្ការរហូតមកទល់បច្ចុប្បន្ន៕
សម្ភាសដោយ ឆែ អ៊ីឡាង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥