ឌុំ ខន៖ មិនខ្លាចខ្មោច ប៉ុន្តែខ្លាចអង្គការយកទៅសម្លាប់

ឌុំ ខន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ខនឈ្មោះ លូ ឌុំ ហើយម្ដាយឈ្មោះ មាស ទេព និងមានបងប្អូនស្រី៣នាក់។ កាលពីក្មេង ខន ចូលរៀនដំបូងនៅអាយុ៦ឆ្នាំ ក្នុងសាលាបឋមសិក្សាចំបក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ខន បានឈប់រៀនត្រឹមថ្នាក់ទី៧។ មូលហេតុដែល ខន ឈប់រៀនដោយសារតែនៅក្នុងភូមិតានប់ ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នារវាងក្រុមខ្មែរក្រហម ជាមួយទាហាន លន់ នល់។ នៅពេលដែលមានការទម្លាក់គ្រាប់បែក គ្រួសារខន បានចូលទៅលាក់ខ្លួនក្នុងលេណដ្ឋាន ប៉ុន្តែដោយសារគ្រាប់ធ្លាក់ចំផ្ទះរបស់គាត់ឆេះអស់ ទើបនាំគ្នារត់គេចទៅវត្តក្រាំងស្លែង និងបន្តភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។

នៅទីក្រុងភ្នំពេញ ខន បានធ្វើខ្នើយ យកទៅលក់បោះដុំនៅផ្សារ បន្ទាប់ពីដាក់ពាក្យប្រឡងចូលធ្វើជាគ្រូពេទ្យមិនជាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ។ ក្នុងពេលជម្លៀស ខន មិនបានយកសម្ភារច្រើនមកតាមខ្លួននោះទេ ព្រោះអង្គការបានឃោសនាថាចេញពីក្រុងត្រឹមត្រឹមតែរយៈពេល៣ថ្ងៃ។ នៅពេលធ្វើដំណើរ ខន ត្រូវអៀវប្អូនប្រុសម្នាក់ ធ្វើដំណើរតាមឪពុកម្ដាយ កាត់តាមផ្សារសំរោងយ៉ោង ទៅភូមិតានប់។ នៅភូមិតានប់ កម្មាភិបាលខ្មែរក្រហមបានជម្លៀសឪពុកម្ដាយរបស់គាត់ទៅភូមិជ្រៃពព្នៅបន្តទៀត ហើយបងដែលមានគ្រួសាររួច ត្រូវជម្លៀសទៅខេត្តបាត់ដំបង និងស្លាប់នៅទីនោះ។

នៅជ្រៃពព្នៅ ខន បានធ្វើការងារ ជីកព្រែក, លើកដី, ធ្វើជី, ដាំដំណាំ និងធ្វើស្រែពីកន្លែងមួយទៅកន្លែងមួយទៀត តាមការចាត់តាំងរបស់អង្គការ។ ថ្ងៃមួយ នៅពេលដែល ខន ធ្វើការដាំដំឡូង ក្បែរភូមិតាគែ គាត់បានឮសំឡេងមនុស្សស្រែកនៅពេលយប់។ នៅថ្ងៃបន្ទាប់នៅពេលដែលគាត់ចេញទៅកាប់មែកឈើក្នុងព្រៃ យកមកធ្វើជើងដំឡូង គាត់បានឃើញដីដែលកប់សាកសពមនុស្សក្នុងរណ្ដៅ ហើមប៉ោងឡើង ហើយនៅពេលដែលគាត់ដើរជាន់ពីលើចេញទឹកមកខ្មៅៗ។ ខន បានឲ្យដឹងថា ខ្លួនមិនខ្លាចខ្មោចទេ ប៉ុន្តែខ្លាចអង្គការចាប់គាត់យកទៅសម្លាប់បន្ទាប់ទៀត។ បន្ទាប់មក អង្គការបានហៅខន មកសហករណ៍វិញ និងបង្ខំឲ្យគាត់រៀបការជាមួយយុវជនម្នាក់ ចោលគូដណ្ដឹង ដែលភ្ជាប់ពាក្យក្នុងសម័យ លន់ នល់។ បន្ទាប់ពីរៀបការរួច ខន ចេញទៅធ្វើការងារធម្មតា រហូតដល់ខ្មែរក្រហមដួលរលំ។

ដើមឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខន និងប្ដី បានបែកផ្លូវគ្នាទៅស្រុកកំណើតរៀងខ្លួន។ បន្ទាប់មក ខន បានរៀបការជាមួយ សេន លន់ និងរស់នៅស្រុកកំណើតប្ដីមួយរយៈ ទើបប្ដូរមកភូមិតានប់វិញ។ នៅភូមិតានប់ ខន មានកូនចំនួន ៦នាក់ ក្នុងនោះមានស្រី២នាក់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ខន មានជំងឺឈឺក្បាល និងខ្សោយបេះដូង។ ជំងឺរបស់ ខន កើតឡើងដោយសារតែ កង្វះជីវជាតិ,ភិតភ័យក្នុងរបបខ្មែរក្រហម និងអាយុកាន់តែច្រើន។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin