នៅពេលខ្មែរក្រហមដឹកយកទៅ

ដួង សាម៉ន រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ ដួង សាម៉ន ភេទស្រី អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិរាជានុកូល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សាម៉ន មានឪពុកឈ្មោះ ដួង ញៀន, ម្តាយឈ្មោះ ម៉ែន ធា និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។ សាម៉ន បានរៀនសូត្រត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅភូមិរាជានុកូល។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន និងគ្រួសាររបស់សាម៉ន ចេញពីភូមិទៅនៅសហករណ៍អូររមៀត ដោយត្រូវរស់នៅរួម, ធ្វើការរួម និងហូបរួម។ សាម៉ន បានចូលធ្វើការក្នុងកងនារីចល័តនៅទីនោះ ដោយត្រូវធ្វើស្រែ, គាស់ដី, ភ្ជួរដី និងស្ទូងស្រូវ។ សាម៉ន និយាយថា គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាក និងហូបចុកមិនគ្រប់គ្រាន់។ ក្នុងមួយថ្ងៃ គាត់ហូបអាហារបានតែពីរពេលប៉ុណ្ណោះ ដោយក្នុងមួយពេល មានតែបាយមួយកូនចានចង្កឹះលាយជាមួយពោត, សណ្តែក និងសម្លមួយវែក។ បន្ទាប់ពីហូបបាយពេលថ្ងៃត្រង់រួច សាម៉ន ត្រូវបន្តទៅកាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជីយកដាក់សំណាប។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានរៀបចំឲ្យ សាម៉ន មានគ្រួសារ។ ប្តីរបស់ សាម៉ន ឈ្មោះ ម៉ាន់ លីហូ (ស្លាប់) គឺជាប្រធានសហករណ៍។ អ្នកទាំងពីរមានកូនប្រុសបីនាក់។

នៅរបបខ្មែរក្រហម អ្នកដែលជម្លៀសពីទីក្រុងភ្នំពេញ ត្រូវបានចោទថាជា “ពួកពុករលួយ” ដែលខ្មែរក្រហមត្រូវបោសសម្អាត (សម្លាប់)។ ខ្មែរក្រហមបាននាំខ្លួនអ្នកទាំងនោះយកទៅកាប់ចម្ការ ដែលក្រោយមក ទើប សាម៉ន ដឹងថាអ្នកទាំងនោះត្រូវបានខ្មែរក្រហមសម្លាប់។ គាត់បានដឹងអំពីហេតុការណ៍នេះ ដោយសារគាត់ឃើញរបស់សេសសល់មួយចំនួន ដូចជាខោអាវ និងក្រមាដែលបន្សល់ទុកនៅតាមរណ្ដៅ។ សាម៉ន បន្តថា សូម្បីតែបងប្អូនសាច់ញាតិរបស់អ្នកទាំងនោះ ក៏ត្រូវខ្មែរក្រហមតាមដាន និងសម្លាប់ដែរ។ ក្រៅពី អ្នកដែលជម្លៀសមកពីទីក្រុងភ្នំពេញ ប្អូនថ្លៃរបស់ សាម៉ន ពីរនាក់ ក៏ត្រូវបានខ្មែរក្រហមនាំខ្លួនយកទៅដោយប្រាប់ថាទៅគាស់ដំឡូង។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាម៉ន បានរត់ទៅតាមយោធាខ្មែរក្រហម និងរស់នៅក្នុងព្រៃមួយរយៈ។ ក្រោយមក កងទ័ពវៀតណាម បាននាំគាត់មកស្រុកកំណើតវិញ។ នៅពេលទៅដល់ភូមិកំណើត ផ្ទះរបស់ សាម៉នពីមុន ត្រូវបានអ្នកដទៃរស់នៅ។ ដូច្នេះ សាម៉ន និងគ្រួសារ ក៏សម្រេចចិត្តមករស់នៅភូមិអូរស្វាយរហូតមកទល់សព្វថ្ងៃ៕

សម្ភាសដោយ ហ៊ លីអឺរ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin