អៀង អូន៖ ប្ដីមានទោសព្រោះធ្លាប់ទៅប្រទេសវៀតណាម

(តាកែវ) អៀង អូន អាយុ៦៩ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿងរ៉ាវដែល អូន ចាំមិនភ្លេចនោះគឺ អង្គការបានចាប់ប្ដីរបស់គាត់ឈ្មោះ មាស នង យកទៅមន្ទីរសន្តិសុខក្រាំងតាចាន់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ នង និងអូន មុនពេលរៀបការ និងពេលដែលអង្គការចាប់បញ្ជូនទៅគុកក្រាំតាចាន់៖

នៅអាយុ១៦ឆ្នាំ នង បានលាចាកសិក្ខាបទ រួចរត់ទៅប្រទេសវៀតណាម តាមការឃោសនារបស់ប្រជាជន។ ពេលទៅដល់វៀតណាម នង មិនបានធ្វើការងារបើកយន្តហោះ ឬក៏ការងារផ្សេងៗដូចការឃោសនានោះទេ ប៉ុន្តែគាត់ត្រូវជាប់គុក ព្រោះជនជាតិវៀតណាមគិតថាគាត់ជាជនភៀសសឹកគេចពីសង្គ្រាម។ បន្ទាប់មក នង បានត្រលប់មកប្រទេសកម្ពុជាវិញ និងចូលធ្វើជាមេបញ្ជាការទ័ព ហើយបន្ទាប់មកចូលធ្វើជាអនុឃុំ។

អំឡុងពេល នង ត្រលប់មកធ្វើការងារនៅក្នុងប្រទេសកម្ពុជា អូន បានឃើញនីរសាររបស់អង្គការបណ្ដើរមនុស្សចងស្លាបសេករួចដោតខ្សែ យកទៅដាក់ក្នុងមន្ទីរសន្តិសុខក្រាំងតាចាន់ជាញឹកញាប់ ហើយពេលខ្លះ នីរសារបានចូលសុំទឹកពី អូន ឲ្យអ្នកទោសហូបបន្ថែមទៀត។ នៅពេលដែល នីរសារ បណ្ដើរមនុស្សកាត់មុខផ្ទះ អូន បានឃើញអ្នកទោសទាំងនោះ បែកក្បាលហូរឈាម និងរបួសជាច្រើនទៀត។

នៅឆ្នាំ១៩៧២ នង បានពឹងឲ្យចៅហ្វាយស្រុក ចូលទៅស្ដីដណ្ដឹងអូន។ នៅពេល នង ចូលសួរ ម្ដាយរបស់អូនមិនហ៊ានបង្គាប់ថ្លៃផ្ទះនោះទេ គឺគាត់ឲ្យខាងប្រុសជាអ្នកចាត់ចែងកម្មវិធីការទាំងមូល ព្រោះគាត់មានការភ័យខ្លាច។ នៅពេលដែលរៀបការ នង បានរៀបចំប្រារព្ធកម្មវិធីទាំងមូលតាមប្រពៃណី។ បន្ទាប់ពីរៀបការរួច អូន បានពរពោះ និងសម្រាលបានកូនម្នាក់ឈ្មោះ ណៃ។

រហូតដល់ ខែមីនា ឆ្នាំ១៩៧៥ អង្គការបានចាប់ នង យកទៅដាក់គុកក្រាំងតាចាន់ ដោយសារតែគាត់ធ្លាប់រស់នៅប្រទេសវៀតណាម។ ការចាប់ខ្លួននេះកើតមានរាល់ថ្ងៃចាប់ពីចំនួន៥ទៅ២០នាក់​ បន្ទាប់ពីអង្គការបានទទួលជ័យជម្នះទាំងស្រុងលើទាហាន លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ អំឡុងពេលនោះ មនុស្សដែលអង្គការចាប់ខ្លួន យកទៅដាក់គុកក្រាំងតាចាន់ ភាគច្រើនយកពីខាងស្ទឹងខាងជើង ក្នុងនោះ អូន ស្គាល់តារាពីរនាក់ឈ្មោះ គី ណូវ៉ា និងប្ដីប្រពន្ធរបស់ឈ្មោះ ណុក ណែម។

ក្រោយមក អូន បានជួប នង ម្ដងនៅពេលដែលគាត់ទៅធ្វើការងារលើកដីដំបូក នៅស្រែជម្រៅ ឃុំសំរោង ខាងជើងអង្គរលាយ។ ពេលជួបគ្នា នង បានប្រាប់ អូន ឲ្យជួយរកអាហារ ឲ្យគាត់ហូបបន្ថែម។ នៅពេលដែលយកអាហារមក នង បានប្រាប់ឲ្យ អូន លាក់ទុកនៅរូងគល់ឈើ ក្នុងត្រពាំងមួយកន្លែង នៅខាងលិចគុកក្រាំងតាចាន់ ព្រោះនៅពេលដែលអង្គការអនុញ្ញាតឲ្យ នង ចេញមកដងទឹកយកទៅដាំបាយឲ្យអ្នកទោសហូប គាត់អាចលួចហូបបាន។ ពេលឮដូច្នេះ នៅពេលដែលអង្គការ ស្ងោល្ពៅ ឬវិចនំចែកប្រជាជនយូរៗម្ដង អូន បានយកអាហារនោះទៅលាក់ទុកនៅកន្លែងដែលបានសន្យាគ្នា ប៉ុន្តែមិនបានជួបមុខផ្ទាល់បន្តទៀតទេ។ អង្គការ បានឃុំឃាំង នង ជាច្រើនឆ្នាំ ទើបសម្លាប់។

អូន បានបន្តថា ចាប់តាំងពីអង្គការចាប់ប្ដីរបស់គាត់ទៅ ប្រជាជននៅក្នុងភូមិមិនសូវរាប់រកគ្រួសារគាត់នោះទេ ព្រោះគាត់ជាប់ពាក់ព័ន្ធជាមួយអ្នករត់ទៅវៀតណាម។ មួយវិញទៀត បងប្អូនរបស់ អូន ទាំងអស់ត្រូវបានរើសអើង ហើយមិនទទួលបានការទុកចិត្ត និងមិនអនុញ្ញាតឲ្យធ្វើការងារជាមួយអង្គការ។ ចំណែក ការងារវិញ អូន ត្រូវធ្វើការងារធ្ងន់ៗជាមួយក្រុមមេម៉ាយដូចគ្នា ដែលប្ដីត្រូវបានអង្គការចាប់យកទៅសម្លាប់ចោល។ ជាក់ស្ដែង អូនត្រូវរែកដីដំបូងនៅ ស្រែចម្រៅ រួចយកទៅទៅចាក់ជាដុំៗឲ្យបានចំនួនពី៦ទៅ៩គឹបក្នុងមួយថ្ងៃ ហើយបើអង្គការប្រើគាត់ឲ្យធ្វើការងារបុកអង្ករដាក់ក្នុងសហករណ៍វិញ ក្នុងមួយថ្ងៃ អូនត្រូវយកអង្ករទៅដាក់ទុកក្នុងរោងបាយឲ្យបាន៦តៅ។ បើទោះបីជា អូន ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបររាវ។ នៅពេលដែលមានស្បៀងច្រើន អូន និងប្រជាជនផ្សេងទៀត បានហូបបបរគោក ប៉ុន្តែពេលដាច់ស្បៀងខ្លាំងគឺបបរលាយជាមួយដំឡូង។

អូន បានរៀបរាប់ទៀតថា គាត់មិនបានតាមដានការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែគាត់ពេញចិត្តខ្លាំងចំពោះការកាត់ទោសនេះ។ អូន យល់ថា​ការកាត់ទោសមេដឹកនាំខ្មែរក្រហម បានផ្ដល់យុត្តិធម៌ឲ្យគាត់​ និងជួយទប់ស្កាត់របបខ្មែរក្រហមកុំឲ្យវិលត្រលប់មកវិញម្ដងទៀត។ មួយវិញទៀត អូន​ ចង់ឲ្យក្មេងជំនាន់ក្រោយចងចាំពីការលំបាករបស់ប្រជាជនក្នុងសម័យខ្មែរក្រហម តាមរយៈការរៀបរាប់របស់អ្នកដែលធ្លាប់ឆ្លងកាត់ផ្ទាល់ និងមិនចង់ឲ្យក្មេងជំនាន់ក្រោយឆ្លងកាត់ការលំបាកទាំងនេះបន្តទៀត។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ ហួ ស៊ីណាត ថ្ងៃទី២៥ ខែកញ្ញា ២០២១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin