ភាពអត់ឃ្លានរបស់ប្រជាជន

(បាត់ដំបង)៖ អ្វីដែល អ៊ីវ ពៅ ចងចាំជាងគេអំពីរបបខ្មែរក្រហម គឺអង្គការមិនផ្ដល់អាហារឲ្យប្រជាជនហូបគ្រប់គ្រាន់ ទាំងដែលទិន្នផលស្រូវ និងដំណាំផ្សេងទទួលបានសមនឹងប្រជាជនហូបបានឆ្អែត។ ជាក់ស្ដែងខ្មែរក្រហមបានរឹតបណ្តឹងរបបអាហាររបស់ប្រជាជន ឲ្យប្រជាជនហូបតែបបររាវមានតែទឹក លាយជាមួយនឹងសម្លត្រកួន ព្រលឹត ហើយពេលខ្លះព្រលឹតត្រូវស្លទាំងសំបក។ ភាពអត់ឃ្លានរបស់ប្រជាជនបានបណ្ដាលឲ្យប្រជាជនកើតមានជំងឺ និងខ្សោយកម្លាំងធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះពេលខ្លះ ប្រជាជនត្រូវទទួលរងការធ្វើទារុណកម្មពីសំណាក់អង្គការខ្មែរក្រហម ដោយសារតែធ្វើការយឺតយ៉ាវ។

អ៊ីវ ពៅ មានអាយុ៥៦ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។​ ​ពៅ មានបងប្អូនសរុបចំនួន៩នាក់ ហើយគាត់ជាកូនពៅនៅក្នុងគ្រួសារ។ នៅឆ្នាំ១៩៧០ ពៅ មានអាយុប្រមាណជា២ឆ្នាំ។ ដោយសារតែស្រុកមានភាពចលាចលដែលបណ្ដាលមកពីការធ្វើរដ្ឋប្រហាររបស់លោក លន់ នល់ ប្រជាជនត្រូវនាំគ្នារត់គេចពីបញ្ហាទាំងអស់នោះ។ ដោយសារតែពេលនោះគាត់នៅតូច គាត់បានដឹងរឿងនោះតាមរយៈម្ដាយរបស់គាត់និយាយរៀបរាប់​ប្រាប់។ ថ្វីត្បិតតែការទម្លាក់គ្រាប់បែក មិនបានធ្វើឡើង​នៅទីប្រជុំជនដែលមានប្រជាជនរស់នៅក្តី ប្រជាជននៅតែមានភាពភ័យខ្លាច ហើយបាននាំគ្រួសាររត់គេចចេញពីភូមិកំណើតដើម្បីរកកន្លែងមានសុវត្ថិភាព។ ជាក់ស្ដែង គ្រួសាររបស់ពៅ ត្រូវភៀសខ្លួន​ទៅភូមិអូរដំបង ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ក្នុងពេលនោះដែរ ប្រជាជនមួយចំនួន បានសម្រេចចិត្តបោះបង់ចោលផ្ទះសំបែង ផ្លាស់ប្ដូរទីលំនៅទៅទីក្រុងភ្នំពេញ។

នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមកាន់អំណាច ពៅ មានអាយុប្រហែលជា៧ឆ្នាំ។ ពេលនោះ អង្គការបាន​ផ្ដើមបង្កើតសហករណ៍ឲ្យប្រជាជនរស់នៅរួម, ធ្វើការងាររួម និងហូបបាយរួមគ្នាជាសមូហភាព។ ទ្រព្យសម្បត្តិឯកជនទាំងអស់ ត្រូវប្រមូលដាក់រួម ហើយមានតែអង្គការប៉ុណ្ណោះដែលអាចចាត់ចែងលើវត្ថុទាំងអស់នោះ។ នៅអំឡុងរបបខ្មែរក្រហម ពៅ ធ្វើការងារនៅក្នុងកងកុមារ។ ការងារដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើ រួមមាន កាប់ទន្រ្ទានខេត្ត, ចិញ្ច្រាំទន្រ្ទានខេត្តសម្រាប់ទុកធ្វើជី និងបោចស្មៅ។ របបអាហារដែលកុមារទទួលបាននៅក្នុងរបបខ្មែរក្រហម គឺបបរម្នាក់មួយវែក។ នៅពេលដែល កុមារមានជំងឺ គឺមិនសូវទទួលបានការព្យាបាលពីសំណាក់គ្រូពេទ្យនៅក្នុងសហករណ៍នោះទេ។ ​

នៅក្នុងរបបខ្មែរក្រហម សមាជិកគ្រួសាររបស់ ពៅ ទាំងអស់មិនអាចបានរស់នៅជុំគ្នាឡើយ។ ទាំងអស់គ្នា ត្រូវរស់នៅបែកសហករណ៍ព្រោះមានតួនាទីធ្វើការងាររៀងៗខ្លួន។ ពៅ និយាយបន្ថែមថា គាត់មានបងស្រីម្នាក់ ត្រូវបានខ្មែរក្រហមរៀបចំឲ្យរៀបការជាមួយនឹងបុរសមិនស្គាល់អត្តសញ្ញាណ។ ពេលនោះ ខ្មែរក្រហមគ្រាន់តែហៅយុជន-យុវនារី ឲ្យអង្គុយទល់មុខគ្នា ហើយចាប់ដៃគ្នាប្ដេជ្ញាជាការស្រេច។ គ្មានកម្មវិធីប្រពៃណីអ្វីប្រារព្ធឡើងនោះទេ។ ការរៀបការម្ដងៗ ធ្វើឡើង​យ៉ាងតិចណាស់ ចាប់ពី៥គូឡើងទៅ។ នៅអំឡុងពេលនោះ នៅផ្ទះណាដែលមានគូប្ដី-ប្រពន្ធ ទើបតែរៀបការរួចថ្មីៗ នឹងមានយោធាខ្មែរក្រហមតាមសង្កេតមើល។  ប្រសិនជារៀបការរួច គូប្តី-ប្រពន្ធ រស់នៅមិនចុះសម្រុងគ្នា នឹងត្រូវយោធាចាប់យកទៅកសាង។

នៅពេលកងទ័ពវៀតណាមវាយចូលមកក្នុងទឹកដីកម្ពុជា ពៅ បានភៀសខ្លួនទៅរស់នៅក្នុងវត្តបាឡាត់ រហូតដល់មានភាពស្ងប់សុខទើបគាត់ប្ដូរទៅរស់នៅឃុំអូរដំបងវិញ។ បច្ចុប្បន្ននេះ ពៅ ឈឺសន្លាក់ដៃ-ជើង និងផ្ដាសាយបន្តិចបន្តួចមិនមានអ្វីធ្ងន់ធ្ងរនោះទេ៕

សម្ភាសន៍ដោយ៖ ឡី​ សុផល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin