សហករណ៍ខ្ញុំលំបាកមធ្យម
(ក្រចេះ)៖ នៅក្នុងរបបខ្មែរក្រហម ប្រជាជនស្ទើទូទាំងប្រទេសកម្ពុជា សុទ្ធតែលើកឡើងប្រហាក់ប្រហែលគ្នា អំពីទុក្ខវេទនា ដោយសារសមាជិកគ្រួសារត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីគ្នា ការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការងារហួសពីសមត្ថភាពដែលអាចទ្រាំទ្របាន។ មិនខុសគ្នាប៉ុន្មាន ឯក គីមសេន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប បានចែករំលែកប្រវត្តិឆ្លងកាត់របបខ្មែរក្រហមដែរ។
ឯក គីមសេន ភេទប្រុស អាយុ៥៨ឆ្នាំ មានបងប្អូន៥នាក់ បច្ចុប្បន្នរស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គីមសេន បានប្រាប់អំពីសាច់រឿងដែលគាត់ចងចាំពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា ដែលនៅពេលនោះ គាត់មានអាយុប្រហែលជា១៣ឆ្នាំ។ គឹមសេន ត្រូវបានអង្គការឲ្យរស់នៅ និងធ្វើការបែកពីសមាជិកគ្រួសារ។ ខ្មែរក្រហមបានធ្វើការបែងចែកប្រជាជនឲ្យរស់នៅផ្សេងៗពីគ្នាតាមភេទ និងអាយុ។
គីមសេន បាននិយាយបន្ថែមថា នៅក្នុងរបបខ្មែរក្រហម កុមារៗគ្មានឱកាសទទួលបានការសិក្សាអប់រំទេ ផ្ទុយទៅវិញកុមារៗ ត្រូវ ធ្វើការងារផ្សេង។ ចំណែកមនុស្សពេញវ័យគឺ ផ្ដោតលើការធ្វើការងារកសិកម្ម។ អំឡុងពេលនោះ គីមសេន ស្ថិតនៅក្នុងកងកុមារវ័យជំទង់ អង្គការបានប្រើឲ្យគាត់ លើកភ្លឺស្រែ និងច្រូតស្រូវ ព្រមទាំងកាប់ទន្រ្ទានខែត្រសម្រាប់ធ្វើជី។
ផលវិបាកដែល គីមសេន ជួបប្រទះនៅក្នុងរបបខ្មែរក្រហមគឺ ការបរិភោគមិនគ្រប់គ្រាន់។ គាត់ត្រូវក្រោកទៅធ្វើការតាំងពីម៉ោង៥ព្រឹក និងឈប់សម្រាកហូបអាហារថ្ងៃត្រង់នៅម៉ោង១២។ បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួច នៅម៉ោងប្រហែល១រសៀល ត្រូវទៅធ្វើការបន្ត រហូតដល់ម៉ោង៦ល្ងាចទើបបានឈប់សម្រាកហូបអាហារពេលល្ងាច។នៅពេលយប់ គាត់ត្រូវធ្វើការងារបន្ថែមទៀត គឺបោកស្រូវ និងបុកស្រូវរហូតដល់ម៉ោង៩យប់ទើបបានសម្រាកពីការងារ។
គីមសេន ធ្លាប់ត្រូវបានអង្គការស្ដីបន្ទោសដោយសារតែគាត់ធ្វើការយឺតមិនដូចអ្វីដែលអង្គការចង់បាន។ គាត់បានបន្ថែមថា នៅក្នុងសហករណ៍ដែលគាត់រស់នៅគឺមិនសូវជាមានការលំបាកខ្លាំងប៉ុន្មានទេ សម្រាប់រូបគាត់ផ្ទាល់គាត់ គិតថាការពិបាកដែលគាត់ពើបប្រទះមានកម្រិតមធ្យម ខុសប្លែកពីអ្វីដែលគាត់ធ្លាប់បានដឹង គឺនៅសហករណ៍ផ្សេង មានការលំបាកខ្លាំង ពោលគឺ ធ្វើការងារគ្មាន ពេលសម្រាក បរិភោគអាហារមិនគ្រប់គ្រាន់ និងការរស់នៅមានការលំបាក។
នៅក្នុងរបបខ្មែរក្រហម គីមសេន បានបាត់បង់សាច់ញាតិសរុបទាំងអស់ចំនួន៥នាក់ ខាងម្ដាយរបស់គាត់២នាក់ និងខាងឪពុក៣នាក់ ដោយសារអង្គការបានចោទប្រកាន់ថាជាខ្មែរស (នៅក្នុងរបបខ្មែរក្រហម ខ្មែរស សំដៅដល់ទាហាន លន់ នល់)។ នៅអំឡុងពេលនោះ ឲ្យតែមានសមាជិកគ្រួសារណាម្នាក់ដែលមានតួនាទី ឬមានឋានៈនៅក្នុងរបប លន់ នល់ មិនថាជាអ្នករដ្ឋការ ឬគ្រូបង្រៀននោះទេ គឺខ្មែរក្រហមតាមស្វែងរក និងសម្លាប់ចោលទាំងអស់ សូម្បីតែប្រពន្ធ និងកូនរបស់អ្នកទាំងនោះក៏មិនលើកលែងដែរ។ ជាក់ស្ដែង មានកុមារម្នាក់ឈ្មោះ ឃួន អាយុប្រហែល៦ឆ្នាំ ត្រូវបានអង្គការនាំខ្លួនយកទៅសម្លាប់ចោល បន្ទាប់ពីអង្គការបានសម្លាប់ម្ដាយរបស់ ឃួន រួច។ មូលហេតុដែលអង្គការនាំយកម្ដាយរបស់ ឃួន ទៅសម្លាប់ដោយសារតែមានជាប់ខ្សែស្រឡាយជាមួយនឹងជនជាតិវៀតណាម។ កងឈ្លបបានទៅជួបជាមួយនឹង គីមសេន ហើយបានសួររក ឃួន ដើម្បីនាំខ្លួនទៅ ដោយប្រាប់ហេតុផលថា ផ្លាស់ទីទៅកន្លែងថ្មីដែលអង្គការបានរៀបចំឲ្យ។
នៅឆ្នាំ១៩៧៨ ចលនាប្រឆាំងជាមួយយោធា ខ្មែរក្រហម ចាប់ផ្ដើមកើតមានឡើង ទើបមានទាហានរបស់វៀតណាម ចូលមកកាន់ទឹកដីកម្ពុជាដើម្បីវាយផ្ដួលរំលំរបបខ្មែរក្រហម។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ គីមសេន បានត្រលប់មករស់នៅជួបជុំជាមួយនឹងគ្រួសារ វិញរហូតមកដល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន ២៩/០១/២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ២/១២/២០២៤