ពេទ្យព្យាបាលកុមារនៅព-១

គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម ភាគច្រើនមិនមានជំនាញច្បាស់លាស់ទេ។ នៅអំឡុងពេលនោះមានវេជ្ជបណ្ឌិតបង្រៀនជំនាញពេទ្យដែរ ប៉ុន្តែការរៀននោះមានរយៈពេលត្រឹមតែ៣-៦ខែប៉ុណ្ណោះ ដូច្នេះហើយចំណេះដឹងដែលទទួល មិនបានច្បាស់លាស់នោះទេ។ ជាក់ស្ដែង យ៉ន[1] បាននិយាយថា៖ «ចេះស្អី មានទាន់បានរៀនសូត្រ ទើបតែចូលទៅធ្វើមិនទាន់បាន១ឆ្នាំស្រួលបួលផង»

ឯក យ៉ន ភេទស្រី អាយុ៤២ឆ្នាំ (២០០៤) មានទីលំនៅ នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ ឪពុកឈ្មោះ ឯក យិន ម្ដាយឈ្មោះ សាន គាត និងមានបងប្អូន១០នាក់ ស្រី៩នាក់ គាត់ជាកូនទី៩។ កាលនៅតូច យ៉ន បានចូលរៀន ប៉ុន្តែគាត់រៀនមិនចេះ ដូច្នេះហើយគាត់បានសម្រេចចិត្តឈប់រៀន ទៅជួយធ្វើការងារឪពុកម្ដាយវិញ។

នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដែលរស់នៅទីក្រុង និងទីប្រជុំជនទាំងអស់ចេញពីទីក្រុងភ្នំពេញ។ ចលនាផ្លាស់ទីចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រព្រឹត្តទៅក្នុងស្ថានភាពចលាចល គួរឲ្យភ័យខ្លាច និងដោយបង្ខំ។ ប្រជាជនត្រូវបានប្រាប់ឲ្យធ្វើដំណើរចេញពីផ្ទះសម្បែងរបស់ខ្លួនដោយគ្មានការលើកលែង។ ខ្មែរក្រហម បានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែល ២លាននាក់ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកភៀសខ្លួនចូលទីក្រុងក្នុងអំឡុងពេលសង្រ្គាមចំនួនជាង ១លាននាក់ផង ឲ្យចាកចេញទៅកាន់ទីជនបទ។ ត្រឹមតែក្នុងរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ ប្រជាជនក្នុងទីក្រុងភ្នំពេញ និថទីប្រជុំជនផ្សេងៗទៀត ត្រូវបានបណ្ដេញចេញឲ្យទៅធ្វើការងារកសិកម្មនៅតាមតំបន់ជនបទ[2] ។ បន្ទាប់ពីជម្លៀសប្រជាជនចេញពីទីក្រុងទៅកាន់តំបន់នីមួយៗរួចហើយ ខ្មែរក្រហមបានប្រមូលយកទ្រព្យសម្បត្តិឯកជនទាំងអស់ដាក់ជាសម្បត្តិរួម និងចាត់តាំងឲ្យប្រជាជនទាំងអស់ធ្វើការងាររួម ហូបបាយរួមតាមសហករណ៍។ យ៉ន ត្រូវបានអង្គការបំបែកចេញពីឪពុកម្ដាយ ឲ្យទៅរស់នៅក្នុងមណ្ឌលកុមារ ធ្វើការងារ រែកដី និងរើសអាចម៍គោសម្រាប់ធ្វើជីយកទៅដាក់ក្នុងស្រែ។

នៅក្នុងឆ្នាំ១៩៧៦ យ៉ន មានអាយុប្រហែលជា១៥ឆ្នាំ ត្រូវបាន ង៉ែត ជាលេខាភូមិ និង មុំ ជាអនុលេខាភូមិ បង្ខំឲ្យទៅធ្វើការតាមកងចល័ត ការងារដែលគាត់ធ្វើនៅពេលនោះគឺ ធ្វើស្រែ កាត់ស្មៅ រែកដី លើកទំនប់ និងជីកប្រឡាយ នៅភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។ នៅក្នុងកងចល័តដែលគាត់ធ្វើការគឺសមាជិកទាំងអស់សុទ្ធតែជាមនុស្សស្រី និងជាប្រជាជនមូលដ្ឋាន[3] ប្រហែល១០០នាក់។ ប្រជាជនថ្មី[4] មិនមានសិទ្ធិចូលរួមនោះទេ។ នៅក្នុងមួយឃុំ អង្គការ បានជ្រើសរើសយកប្រជាជនមូលដ្ឋានចំនួន១០នាក់។

នៅដើមឆ្នាំ១៩៧៧ យ៉ន ត្រូវបានគណៈភូមិបញ្ជូនឈ្មោះទៅកាន់គណៈខេត្ត ដើម្បីជម្លៀសទៅភ្នំពេញ។ ពេលនោះគាត់មិនបានដឹងមុនឡើយថា អង្គការយកគាត់ទៅទីណា គ្រាន់តែគាត់ដឹងថាត្រូវជម្លៀសចេញពីស្រុកកំណើត ព្រោះនៅសហករណ៍ថ្មីខ្វះមនុស្សធ្វើការ យ៉ន បាននិយាយថា៖ «គេរើសថាគេយកទៅធ្វើការ ប៉ុន្តែមិនដឹងជាថារើសទៅឯណាមិនដឹង ចេះតែគេថាទៅធ្វើការៗ។ ចេះតែទៅនឹងគេអីចឹងទៅ បើគេយកទៅវ៉ៃចោលក៏មិនដឹងដែរ»។ នៅពេលដែលគាត់ទៅដល់ភ្នំពេញ អង្គការបានឲ្យគាត់ធ្វើការងារជាគ្រូពេទ្យព្យាបាលកុមារនៅមន្ទីរពេទ្យព-១ ភាគច្រើនមានអាយុចាប់ពី៥-១៥ឆ្នាំ ប៉ុណ្ណោះ មានគ្រូពេទ្យដែលមានជំនាញតិចបំផុត។ យ៉ន មិនបានរៀនជំនាញព្យាបាលជំងឺ ពីវេជ្ជបណ្ឌិតណាម្នាក់ឡើយ គ្រាន់តែគាត់ទៅដល់ភ្នំពេញ អង្គការបានឲ្យគាត់ធ្វើការនៅមន្ទីរពេទ្យព-១ (ជិតផ្សារចាស់) មើលថែទាំ និងព្យាបាលកុមារតូចៗ ដែលមានជំងឺរាករូស ជំងឺក្អក និងផ្ដាសាយ។ អង្គការ បានបែងចែកគ្រូពេទ្យជាក្រុមៗ ក្នុង១ក្រុមមានពេទ្យចំនួន២០នាក់។

ជំងឺដែល យ៉ន ព្យាបាលនៅពេលនោះគឺជាប្រភេទជំងឺដែលស្រាលៗ ករណីមានអ្នកជំងឺឈឺធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យធំ។ យ៉ន មិនត្រឹមតែធ្វើការនៅពេលថ្ងៃទេ គាត់ និងសមាជិកត្រូវយាមនៅពេលយប់ដែរ រៀងរាល់៦ម៉ោងម្ដង យ៉ន និងក្រុមត្រូវផ្លាស់ប្ដូរគ្នាដើម្បីយាម។ ចំពោះរបបអាហារនៅមន្ទីរពេទ្យ គឺទទួលបាន៣ពេលក្នុង១ថ្ងៃ ពេលព្រឹកអង្គការបានផ្ដល់ឲ្យនូវបបររាវម្នាក់១ចាន ចំណែកពេលថ្ងៃ និងពេលល្ងាចគឺផ្ដល់ឲ្យបាយជាមួយនឹងត្រីកំប៉ុងចំហុយ ឆាផ្កាខាត់ណា និងឆាសណ្ដែកបណ្ដុះ។ នៅក្នុងកងរបស់គាត់មិនមានខ្វះខាតអាហារហូបឡើយ។

នៅឆ្នាំ១៩៧៨ យ៉ន ត្រូវបានអង្គការជម្លៀសទៅខេត្តបាត់ដំបង ដោយប្រើហេតុផលថា ទាហានវៀតណាមវាយសម្រុកចូលទឹកដីកម្ពុជា។ អង្គការ បានជម្លៀសទាំងប្រជាជន គ្រូពេទ្យ និងអ្នកជំងឺទាំងអស់ចេញ។ យើងឃើញថា នៅក្នុងរបបខ្មែរក្រហមការជម្លៀសប្រជាជនមិនមែនមានតែម្ដងនោះទេ របបខ្មែរក្រហមបានបង្កើតឲ្យមានការជម្លៀសប្រជាជន៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ការផ្លាស់ទីប្រជាជនចេញពីទីក្រុងនានា ដូចជាទីក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុង២-៣ផ្សេងទៀត ចាប់តាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ (រួមបញ្ចូលទាំងការផ្លាស់ទីតាមរយៈរថភ្លើង ដែលកើតមានឡើងនៅរយៈពេល៦ខែក្រោយមកទៀត) ដំណាក់កាលទី២ ការផ្លាស់ទីប្រជាជននៅតាមទីជនបទ ក្នុងភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា ចាប់តាំងពីចុងឆ្នាំ១៩៧៥ ទៅកាន់ផ្នែកដទៃទៀតនៃប្រទេសកម្ពុជា និងដំណាក់កាលទី៣ ការផ្លាស់ទីប្រជាជនចេញពីភូមិភាគបូព៌ានៅក្នុងឆ្នាំ១៩៧៧[5]

នៅពេលដែលគាត់ទៅដល់តំបន់ថ្មគោល ខេត្តបាត់ដំបង អង្គការបានចាត់តាំងគ្រូពេទ្យចំនួន៥០នាក់ នៅក្នុងមណ្ឌលសម្រាប់មើលថែអ្នកជំងឺ ចំណែកពេទ្យដែលនៅសល់ត្រូវចេញទៅច្រូតស្រូវតាមកងចល័ត។ យ៉ន បាននិយាយបន្ថែមថា សមាជិកទាំងប៉ុន្មានដែលចេញទៅតាមកងចល័ត គឺមិនឃើញត្រឡប់មកវិញនោះទេ។ មិនបានប៉ុន្មានទាហានវៀតណាម បានវាយចូលដល់តំបន់ថ្មគោល ចាប់ផ្ដើមមានភាពច្របូកច្របល់ ប្រជាជនចាប់ផ្ដើមរត់គេចពីការប្រយុទ្ធរវាងយោធាខ្មែរក្រហម និងទាហានវៀតណាម។ គាត់បានសម្រេចទុកកុមារតូចៗដែលមានជំងឺទាំងអស់ចោល ហើយគាត់បានរតគេចចូលក្នុងព្រៃ។ គាត់រស់នៅក្នុងព្រៃរយៈពេលប្រហែលជា១ឆ្នាំ ក៏បានត្រឡប់ទៅស្រុកកំណើតជួបជុំជាមួយនឹងគ្រួសារសាច់ញាតិរបស់គាត់វិញ៕

អត្ថបទដោយ៖ នេន ស្រីមុំ

ឯកសារយោង៖

[1] ឯកសារលេខ TKI0537. សម្ភាសន៍ជាមួយ ឯក យ៉ន ដោយ ផេង ពង្សរ៉ាស៊ី និង មាស ប៊ុនថាន. នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៤. មជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១៥

[3] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៤០ «ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺជាអ្នកទាំងឡាយណាដែលរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកុម្មុយនីស្តកម្ពុជានៅមុនថ្ងៃ១៧ មេសា ១៩៧៥។»

[4] ស្ទួន. «ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺជាអ្នកទាំងឡាយណាដែលត្រូវបានជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានា នៅខែមេសា ឆ្នាំ១៩៧៥។»

[5] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១៨

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin