ខ្មែរក្រហមចោទថាជាអ្នកសក្តិភូមិ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(ព្រះវិហារ)៖ អីម អាល់ កើតក្នុងឆ្នាំ១៩៦៧ មានអាយុ ៥៤ឆ្នាំ ភេទប្រុស ជាកសិករ រស់នៅភូមិក្របៅ ឃុំគូលែងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ អាល់ មានស្រុកកំណើតនៅក្នុងស្រុកថ្មពួក​ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ អាល់ ជាកូនទី៤ និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ អាល់ ឃើញមានយន្តហោះទម្លាក់គ្រាប់បែកដោយទាហាន លន់ នល់ទៅលើវត្តអារាម និងការកាត់ផ្ដាច់ផ្លូវធ្វើដំណើរ។​ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច និងជម្លៀសប្រជាជនចេញពីភូមិ ឲ្យទៅរស់នៅក្នុងសហករណ៍ ដោយត្រូវធ្វើស្រែរួម និងហូបរួម។

គ្រួសារអាល់ ត្រូវខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី នឹងត្រូវចោទថាជាអ្នកសក្តិភូមិ ដោយសារគ្រួសារគាត់មានផ្ទះឈើធំ។ អាល់ និយាយថា ផ្ទះនោះ ត្រូវបានខ្មែរក្រហមរុះរើសយកឈើទៅសង់ផ្ទះតូចៗជាច្រើនខ្នង។​ ខ្មែរក្រហមបំបាត់វណ្ណៈ និងបែងចែកប្រជាជនជាផ្នែក គឺផ្នែកមនុស្សចាស់, ផ្នែកយុវជន-យុវនារី និងផ្នែកកុមារ។ នៅពេលព្រឹក អាល់ ត្រូវទៅធ្វើការ និងពេលយប់ គាត់ត្រលប់មកសម្រាកនៅឯផ្ទះជាមួយឪពុកម្តាយ។ គាត់មិនបានរៀនសូត្រអ្វីច្រើនទេ និងត្រូវធ្វើការហួសកម្លាំង។ អាល់  ដែលមានអាយុ ១២ឆ្នាំ ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុងកងចល័តកុមារ ដោយគាត់ត្រូវកាត់ទន្ទ្រានខេត្តឲ្យបានបីបាច់សម្រាប់ធ្វើជី និងនៅរដូវប្រាំង គាត់ត្រូវរើសកួរស្រូវឲ្យបានប្រាំកំប៉ុងក្នុងមួយថ្ងៃ។ នៅពេល អាល់ ធ្វើមិនបានទៅតាមការកំណត់ គ្រូដែលគ្រប់គ្រងកងចល័តកុមារ បានវាយគាត់នឹងរំពាត់ ហើយបណ្ដាលឲ្យគាត់របួស និងដាច់ក្រចកមេដៃស្តាំ។

នៅរបបខ្មែរក្រហម អាល់ ឃើញអង្គការរៀបចំឲ្យប្រជាជនមានគូស្រករ ឬរៀបការដោយបង្ខំ ចំនួន​ម្ភៃគូក្នុងពេលតែមួយ។ នៅពេលរៀបការ អង្គការចែកសម្លៀកបំពាក់ពណ៌ខ្មៅមួយសម្រាប់ និងក្រមាមួយឲ្យទៅគូស្រករថ្មីថ្មោង ក្រោយមក ប្តីប្រពន្ធត្រូវចាប់ដៃ និងទះដៃ។ ចំណែកអ្នកដែលធ្វើខុសសីលធម៌, មិនផ្សំដំណេក ឬគ្មានផ្ទៃពោះ នឹងត្រូវខ្មែរក្រហមហៅទៅសួរនាំ។ ជារៀងរាល់យប់ កងឈ្លបតែងតែលួចស្តាប់នៅតាមក្រោមផ្ទះ ដូច្នេះខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនចិញ្ចឹមសត្វឆ្កែនោះទេ។ ខ្មែរក្រហម បានរឹតបន្តឹង និងហាមមិនឲ្យពិភាក្សាក្នុងគ្រួសារ។

នៅឆ្នាំ១៩៧៨ កម្មាភិបាលភូមិភាគនិរតី ចូលមកគ្រប់គ្រងក្នុងភូមិ និងមានការចាប់ចង ឬហៅកម្មាភិបាលភូមិភាគពាយ័ព្យទៅរៀនសូត្រ ដោយចោទថាធ្វើការមិនកើតជាដើម។ នៅយប់មួយ ខ្មែរក្រហមបានមកហៅឪពុករបស់អាល់ទៅ ប៉ុន្តែឪពុកគាត់បានបដិសេធ ដោយកុហកថាឈឺ។ អាល់ និយាយថា ប្រជាជនថ្មីណាដែលមានកំហុស សូម្បីតែម្តងប៉ុណ្ណោះ នឹងត្រូវបាត់ខ្លួន។ អាល់ បន្តថា កម្មាភិបាលភូមិភាគនិរតី គឺសាហាវ ដោយចាប់ចងប្រជាជនតែពេលយប់ និងបង្អត់អាហារប្រជាជន។ ជួនកាល អាល់ ហូបតែដើមចេក និងដើមល្ហុងលាយជាមួយអំបិលប៉ុណ្ណោះ។

នៅចុងឆ្នាំ១៩៧៨ អង្គការបានបញ្ជាឲ្យគ្រួសារអាល់ទៅសម្រាកនៅស្រះមួយស្ថិតក្នុងភូមិថ្នល់ដាច់។ អាល់ និយាយថា ខ្មែរក្រហមមានគម្រោងសម្លាប់ប្រជាជន និងឪពុកម្ដាយគាត់នៅទីនោះ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសារអាល់ បានគេចខ្លួនទៅក្នុងព្រៃ។ នៅពេលនោះ គ្រួសារអាល់ បានជួបអ្នកជំនាញការវៀតណាម និងត្រលប់មករស់នៅភូមិស្វាយចំការគរ។ ក្រោយមក អាល់ ឃើញមានរណ្ដៅសាកសពជាច្រើននៅសាលាកាលេស។

មុនពេលខ្មែរក្រហមចាកចេញពីភូមិ ខ្មែរក្រហមបានដុតបំផ្លាញឃ្លាំងស្រូវទាំងអស់ ដូច្នេះនៅឆ្នាំ១៩៨០ ប្រជាជនដែលត្រលប់មករស់នៅភូមិ ត្រូវទៅរកជីកក្តូច និងដំឡូងទៀនក្នុងព្រៃសម្រាប់ហូប។ នៅឆ្នាំ១៩៨៦ អាល់ បានរៀនត្រឹមថា្នក់ឌីប្លូម (ថ្នាក់ទី៩) និងក្រោយមកប្រកបរបរធ្វើស្រែចម្ការ។ សព្វថ្ងៃ អាល់ មានជំងឺប្រចាំកាយ ដូចជាឈឺក្បាល និងឈឺច្រមុះ។ គាត់តែងតែទៅទទួលការព្យាបាលនៅមន្ទីរបង្អែកខេត្តសៀមរាប, មន្ទីរពេទ្យឯកជន និងគ្រូពេទ្យបុរាណខ្មែរ ប៉ុន្តែគាត់មិនទាន់បានជាសះស្បើយនៅឡើយទេ៕

សម្ភាសដោយ សុង ថាណីត ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin