អែម សុត៖ នៅតែនឹកឃើញកូនស្រីដែលបានបាត់ខ្លួន

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អែម សុត[1] អាយុ៦៥ឆ្នាំ(២០០៣) មានស្រុកកំណើតនៅភូមិសូរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។  សុត មានប្រពន្ធឈ្មោះ កែវ សាន ស្លាប់នៅឆ្នាំ១៩៨៤ និងមានកូនចំនួន៥នាក់[2](ស្រី៣នាក់) ក្នុងនោះមានឈ្មោះ អែម សំ[3] បាត់ដំណឹងនៅក្នុងសម័យខ្មែរក្រហម។ បច្ចុប្បន្ន សុត រស់នៅភូមិសូរ ឃុំឧត្តមសុរិយ៉ា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៨២ ឃុំពពេល ប្ដូរឈ្មោះទៅឃុំឧត្តមសុរិយ៉ា។ ខាងក្រោមនេះគឺជាការរៀបរាប់របស់ សុត អំពីកូនស្រីដែលបានបាត់ខ្លួន និងភាពភ័យខ្លាចរបស់គាត់នៅក្នុងសម័យខ្មែរក្រហម៖

នៅឆ្នាំ១៩៧៥ អង្គការបានបញ្ជូន សំ ឲ្យទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ។ នៅក្នុងកងកុមារ សំ បានត្រលប់មកលេងឪពុកម្ដាយ១សប្តាហ៍ម្ដង ឬក៏យូរជានេះ។ ការងាររបស់ សំ គឺផ្លាស់ប្ដូរទីកន្លែងជាញឹកញាប់ ជួនកាលទៅរែកដីនៅអង្គរពាក់ និងពេលខ្លះទៅធ្វើវប្បកម្មនៅភូមិអង្គរសូរ។ សំ ធ្វើការងារនៅក្នុងកងកុមារបាន២ឆ្នាំ ទើបអង្គការបញ្ជូនគាត់ឲ្យចូលទៅក្នុងកងយុវជន និងក្រោយមកបញ្ជូនឲ្យទៅទីក្រុងភ្នំពេញដើម្បីធ្វើពេទ្យ នៅមន្ទីរពេទ្យ ៧មករា។ មុនពេលចេញដំណើរទៅភ្នំពេញ សំ បានមកប្រាប់ដំណឹងដល់ឪពុកម្ដាយ និងបានសំពះលាឪពុកម្ដាយជាលើកចុងក្រោយ។ នៅពេលដែលកូនមកប្រាប់ដំណឹង សុត មិនហ៊ានហាមឃាត់កូនមិនឲ្យទៅនោះទេ ព្រោះខ្លាចអង្គការធ្វើបាប ឬយកទៅសម្លាប់ចោល។

ចំពោះ សុត វិញការរស់នៅក៏មិនមានលក្ខណងាយស្រួលដែរ គាត់ត្រូវរស់នៅក្នុងការភិតភ័យ ក្រែងលោធ្វើការខុសឆ្គងអ្វីមួយត្រូវបានអង្គការយកទៅធ្វើបាប ឬយកទៅវាយសម្លាប់ចោល។ ជារៀងរាល់ថ្ងៃ សុត ខិតខំប្រឹងធ្វើការងារ បើទោះបីជាការហូបអាហារមិនបានគ្រប់គ្រាន់ក៏ដោយ។ រឿងរ៉ាវដែល សុត ចងចាំ និងមិនអាចបំភ្លេចបានគឺ អង្គការប្រើគាត់ឲ្យឡើងលើភ្នំកែប កាប់ឈើយកមកធ្វើជាសរសរ។ ពេលទៅកាប់ឈើ សុត កើតជំងឺគ្រុនចាញ់ ឈឺញាក់សន្លប់មួយយប់មួយថ្ងៃ។ បន្ទាប់ពីជាពីជំងឺ អង្គការប្រើគាត់ឲ្យទៅកាត់ស្មៅនៅក្នុងព្រែកស្ដៅ ទាំងដែលអាកាសធាតុត្រជាក់។ សុត រងារផង ខ្លាចសត្វពស់ និងឈ្លើងផង ប៉ុន្តែមិនដឹងធ្វើយ៉ាងណា ព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល។

សុត បានរៀបរាប់អំពីកូនស្រីបន្តថា សំ ចេញទៅធ្វើការនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៨។ ចំពោះមូលហេតុដែលអង្គការជ្រើសរើសកូនស្រីរបស់គាត់ទៅភ្នំពេញ គាត់មិនបានដឹងនោះទេ។[4] បើនិយាយថាកូនរបស់គាត់មានចំណេះចេះដឹងច្រើនក៏មិនត្រូវ ព្រោះ សំ ចេះអានអក្សរបន្តិចបន្តួចប៉ុណ្ណោះ។ ចាប់តាំងពី សំ ចេញទៅភ្នំពេញ សុត មិនដែលឮដំណឹងអំពីកូនទៀតទេ រហូតដល់ខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩។ សុត បានឮអ្នកដែលទៅធ្វើការងារនៅទីក្រុងភ្នំពេញថា សំ បានធ្វើដំណើរតាមរថភ្លើងទៅខេត្តបាត់ដំបង ហើយចាប់តាំងពីពេលនោះមកគឺបាត់ដំណឹងតែម្ដង។

សុត គិតក្នុងចិត្តថាកូនរបស់គាត់បានស្លាប់នៅក្នុងព្រៃ ហើយត្រូវសត្វឆ្កែហែកសាច់ស៊ីក៏មិនដឹង និងនឹកគិតសព្វគ្រប់យ៉ាងអាណិតកូនស្រី។ បើទោះបីជាយ៉ាងណា សុត នៅតែមិនអស់ចិត្ត ទើបទៅរកហោរាទាយជាច្រើនដង។ ហោរទាយថាកូនរបស់គាត់រស់នៅទិសខាងជើង ហើយខ្លះទៀតថានៅទិសខាងត្បូង ប៉ុន្តែ សុត មិនមានសង្ឃឹមថាកូនរបស់គាត់នៅរស់រានមានជីវិតនោះទេ ព្រោះគាត់គិតថាប្រសិនបើកូនរបស់គាត់នៅរស់ពិតមែន នឹងត្រលប់មករកឪពុកម្ដាយវិញ។  សុត បានបន្តទៀតថា គាត់នៅតែនឹងឃើញកូនស្រីរបស់គាត់ ព្រោះសំ គឺជាកូនល្អ ស្ដាប់បង្គាប់ឪពុកម្ដាយ ស្គាល់ចាស់ព្រឹទ្ធាចារ្យ និងដឹងខុសដឹងត្រូវ សូម្បីមុនពេលចេញទៅភ្នំពេញក៏គាត់មកថ្វាយបង្គំលាឪពុកម្ដាយមុនពេលចេញដំណើរទៅដែរ។

សុត យល់ថាការបែកគ្នារវាងគាត់ និងកូនស្រីគឺជាកំហុងរបស់ ប៉ុល ពត ប៉ុន្តែគាត់មិនបានបន្ទោសទៅលើប្រធានកងដែលបញ្ជូនកូនស្រីរបស់គាត់ឲ្យចេញទៅឆ្ងាយនោះទេ ព្រោះប្រធានកងក៏ត្រូវស្ដាប់បញ្ជារបស់ថ្នាក់លើដែរ។ អ្វីដែល សុត អាចធ្វើឲ្យកូនស្រីបានគឺធ្វើបុណ្យឧទ្ទិសកុសលជូន សំ។  មួយវិញទៀត សុត គិតថាការកាត់ទោសមេដឹកនាំខ្មែរក្រហមធ្វើឲ្យគាត់ទទួលបានយុត្តិធម៌មួយផ្នែក។ លើសពីនេះទៅទៀត សុត បានយករឿងរ៉ាវរបស់ខ្លួនប្រាប់ទៅក្មេងៗជំនាន់ក្រោយដែលកើតមិនទាន់របបខ្មែរក្រហមឲ្យបានដឹង ហើយត្រូវចេះសាមគ្គីគ្នា និងការពារកុំឲ្យរបប ប៉ុល ពត ត្រលប់មកវិញ៕

អត្ថបទដោយ ភា រស្មី


[1] ឯកសារលេខ TKI0027, សម្ភាសន៍ជាមួយ អែម សុត អាយុ៦៥ឆ្នាំ ជាឪពុករបស់ អែម សំ, កិច្ចសម្ភាសន៍ធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៣ ដោយអ៊ីសា ឧស្មាន, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារលេខ I00073, ពិនិត្រប្រវត្តិរូបបដិវត្ត សមមិត្ត អែម សំ, ធ្វើការនៅមន្ទីរពេទ្យ ៦មករា ក្រសួងសង្គមកិច្ច, អគារ៥មុខ, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូបបានសរសេរថា សំ មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់ និងស្លាប់ម្នាក់ដោយសារកើតពិស។

[3] ដូចខាងលើ។ នៅក្នុងប្រវត្តិរូបសរសេរថា អែម សំ ឈ្មោះក្នុងបដិវត្ត អែម សារឿន ធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា ក្រសួងសង្គមកិច្ច។

[4] ឯកសារលេខ I01236 និងលេខ I02122 ពិនិត្រប្រវត្តិរូបបដិវត្ត របស់សមមិត្ត អែម សំ, ធ្វើការនៅមន្ទីរពេទ្យ ៦មករា ក្រសួងសង្គមកិច្ច, អគារ៥មុខ, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូបបានឲ្យដឹងថា សំ ចូលធ្វើបដិវត្តដោយសារតែឈឺចាប់ និងយល់ច្បាស់ពីការជិះជាន់របស់វណ្ណៈនាយទុន ប្រតិកិរិយា កេងប្រវ័ញលើប្រជាជនក្រីក្រ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin