ហង់ វណ្ណា៖ បាត់បង់កូនពីរនាក់ដោយសារធ្វើការងារធ្ងន់

ហង់ វណ្ណា អាយុ៦៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ វណ្ណា ចូលរៀនដំបូងនៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ជាមួយគ្រូឈ្មោះអឹម ថ្នាក់ទី១២។ ចូលដល់ថ្នាក់ទី១១ វណ្ណា ប្ដូរទៅរៀនជាមួយគ្រូឈ្មោះ នឹម។ វណ្ណា ចូលរៀនថ្នាក់ទី១១ បានប្រមាណកន្លះខែ  សាលាបានឲ្យសិស្សរៀនភាសាបារាំងបន្ថែមទៀត។​ នៅពេលដែលរៀនភាសាបារាំង វណ្ណា ត្រូវបានគ្រូវាយជាញឹកញាប់ ព្រោះគាត់រៀនមិនចេះ ហើយគាត់បានសម្រេចចិត្តឈប់រៀនក្នុងពេលនោះ។

បន្ទាប់មក វណ្ណា បានក្លាយជាគរុសិស្ស ដឹកនាំកុមារីឲ្យធ្វើការងារក្នុងពេលថ្ងៃ និងបង្រៀនអក្សរនៅក្រោមផ្ទះប្រជាជនក្នុងពេលយប់ រយៈពេលកន្លះម៉ោងបន្ទាប់ពីហូបអាហារពេលល្ងាចរួច។ ប៉ុន្តែការបង្រៀនអក្សរ គឺមិនញឹកញាប់ដូចជាការអប់រំកុមារឲ្យគោរពអង្គការបដិវត្តន៍ កុំឲ្យលួចឆក់ប្លន់ ហើយបើធ្វើខុសត្រូវយកទៅវាយចោល។ ចំណែកកងកុមារា មានឈ្មោះគ្រូ ឆេង ជាអ្នកបង្រៀនមួយក្រុមផ្សេងទៀត។

ជារៀងរាល់ថ្ងៃ វណ្ណា ដឹកនាំកុមារប្រមាណ៤០នាក់ ចេញទៅធ្វើការងារបោចស្មៅ, រែកអាចម៍គោ និងធ្វើជី។ ពេលធ្វើការងារ វណ្ណា រើសបានមាសមួយកញ្ចប់ រួចប្រគល់ឲ្យប្រធានឃុំ។ មូលហេតុដែល វណ្ណា មិនទុកមាសនោះព្រោះគាត់ខ្លាចមានកំហុស ហើយណាមួយគិតថាមាសគ្មានតម្លៃ ព្រោះប្រទេសឈប់ចាយមាស ឬប្រាប់បន្តទៀត។

នៅឆ្នាំ១៩៧៥ អង្គការបានរៀបចំឲ្យ វណ្ណា រៀបការរួមគ្នាជាមួយយុវជន-យុវនារីពីរគូផ្សេងទៀត។ ពេលរៀបការ អង្គការបានឲ្យបុរស និងស្រ្ដី ឆ្លើយថាស្រឡាញ់គ្នាទាំងសងខាង រួចចាប់ដៃគ្នាប្ដេជ្ញារួចបញ្ចប់កម្មវិធី។ វណ្ណា បានឲ្យដឹងថា អំឡុងពេលរៀបការ ប្រសិនបើមានអ្នកបដិសេធថាមិនស្រឡាញ់គ្នា ឬមិនព្រមរៀបការ នោះអង្គការនិងយកទៅសម្លាប់។ មួយវិញទៀត ការរៀបការមិនមានឪពុកម្ដាយ ឬបងប្អូនសាច់ញាតិចូលរួមនោះទេ គឺមានតែប្រធានភូមិ និងប្រធានឃុំ ជាអ្នករៀបចំ។ បន្ទាប់ពីកម្មវិធីបញ្ចប់ អង្គការបានដាំបបរគ្រឿងដាក់សាច់ព្រាប និងមានផ្លែចេកបន្តិចបន្តួច ហូបជុំគ្នា។

នៅពេលរៀបការរួច អង្គការបានចាត់តាំង វណ្ណា ឲ្យចូលទៅក្នុងក្រុមកងចល័ត ដើម្បីធ្វើការងាររែកដី និងជីកព្រែក។ នៅក្នុងកងចល័ត មានអាហារហូបចុកមិនគ្រប់គ្រាន់ ហើយការងារធ្ងន់ៗ រហូតបណ្តាលឲ្យ វណ្ណា រលូតគ័ភ៌ដែលមានអាយុ៥ខែ។ បន្ទាប់មកទៀត នៅពេលដែលអង្គការជម្លៀសប្រជាជន គេចចេញពីកងទ័ពរំដោះ វណ្ណា បានបាត់បង់គ័ភ៌ដែលមានអាយុ៣ខែមួយទៀត និងធ្វើឲ្យគាត់ទាស់ស្គមស្គាំងខ្លាំង។ ចាប់តាំងពីពេលនោះមក វណ្ណា លែងមានកូនបន្តទៀត។

បន្ទាប់ពីខ្មែរក្រហមដួលរលំ វណ្ណា បាត់បង់កូន២នាក់ និងអ៊ំប្រុសម្នាក់ ដែលអង្គការជម្លៀសទៅខេត្តបាត់ដំបង។ វណ្ណា មិនបានដឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែប្រសិនបើមានការកាត់ទោសមែន គឺគាត់ពេញចិត្ត។ មួយវិញទៀត វណ្ណា ​ចង់ឲ្យក្មេងៗជំនាន់ក្រោយបានសិក្សារៀនសូត្រប្រវត្តិសាស្រ្ដខ្មែរក្រហម ដើម្បីការពារកុំឲ្យរបបនោះត្រលប់មកវិញ ព្រោះរបបខ្មែរក្រហម វេទនាខ្លាំងណាស់។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី៣១ ខែសីហា ២០២១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin