ហែម ផល្លី៖ គេចាប់ប្ដីចងចប់ហើយ

បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានចាប់ប្ដីខ្ញុំចង នៅពេលដែលគាត់ជឿតាមការឃោសនាទៅចុះឈ្មោះធ្វើជាមន្ត្រីរាជការវិញ។ មួយវិញទៀត ប្រាក់ដែលខ្ញុំខំរកយ៉ាងលំបាកមកពីមុនជាច្រើន ត្រូវបានបោះបង់ចោលទាំងអស់។
ហែម ផល្លី[1] អាយុ៧៤ឆ្នាំ រស់នៅភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ផល្លី ប្រកបរបរដេរសម្លៀកបំពាក់ជាមួយចិន ហើយប្ដីធ្វើជាមន្ត្រីរាជការក្នុងទីរួមខេត្តតាកែវ។ អំឡុងពេលនោះ គ្រួសាររបស់គាត់ មានជីវភាពធូរធារខ្លាំង រហូតដល់មានលុយជិះយន្តហោះទៅទិញដីនៅទីក្រុងភ្នំពេញ ប៉ុន្តែដោយសារតម្លៃមិនត្រូវគ្នា ទើបគាត់ត្រូវស្ពាយប្រាក់សុទ្ធត្រលប់មកវិញ។ នៅដើមឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានវាយសម្រុកចូលទីរួមខេត្តតាកែវ ហើយបានធ្វើឲ្យប្អូនប្រុសរបស់ផល្លីម្នាក់ស្លាប់ដោយសារត្រូវគ្រាប់ផ្លោង។
បន្ទាប់មក យោធាខ្មែរក្រហមបានចូលទៅគ្រប់គ្រងទីរួមខេត្តតាកែវ និងបានជម្លៀសប្រជាជនទាំងអស់ចេញ។ នៅពេលជម្លៀស គ្រួសាររបស់ផល្លី និងឪពុកម្ដាយ បានរៀបចំសម្លៀកបំពាក់, ស្បៀងអាហារ និងទ្រព្យសម្បត្តិមួយចំនួន រួចធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះ។ ក្នុងពេលធ្វើដំណើរ ផល្លី បានជួបប្រទះនូវការលំបាកខ្លាំង ព្រោះគាត់ត្រូវរែកអម្រែកមួយ ដែលម្ខាងដាក់កូនតូចទើបកើតបានប្រមាណ៣ខែ និងម្ខាងទៀតដាក់សម្លៀកបំពាក់។ ចំពោះឪពុកម្ដាយរបស់ផល្លី បានរែកសម្ភារប្រើប្រាស និងស្បៀងអាហារមួយចំនួន។
នៅពេលដែលធ្វើដំណើរទៅដល់សេកជ្រុំ គ្រួសាររបស់ផល្លី បានឮការឃោសនារបស់អង្គការថា ឲ្យមន្ទ្រីរាជការកាលពីសម័យមុនចូលទៅចុះឈ្មោះចូលធ្វើការវិញ ដោយសន្យាថាបញ្ជូនទៅកាន់តួនាទីកាលពីមុនវិញ។ នៅពេលឮដូច្នេះ ប្ដីរបស់ផល្លី បានទៅចុះឈ្មោះជាមួយអង្គការ រួមជាមួយប្រជាជនជាច្រើននាក់ផ្សេងទៀត។ បន្ទាប់មកអង្គការបានចាប់ចងអ្នកចុះឈ្មោះទាំងអស់ និងអ្នកដែលមានរូបរាងស្អាតស័ក្ដិសមជាអ្នកធ្វើការងារពីមុនទុកមួយកន្លែង រួចបញ្ជូនគ្រួសារឲ្យធ្វើដំណើរបន្តទៅទៀត។ ពេលឃើញដូច្នេះ ផល្លី ចាប់ផ្ដើមអស់សង្ឃឹម និងបានគិតក្នុងចិត្តថា “គេចាប់ចង គេចាប់ចប់ហើយ”។ ចាប់តាំងពីពេលនោះមក ផល្លី លែងបានជួបមុខប្ដីរបស់គាត់បន្តទៀត។
គ្រួសាររបស់ផល្លី បានធ្វើដំណើរទៅមុខបន្តទៀត និងបានស្នាក់នៅក្នុងវត្តចំប៉ា ជាមួយមនុស្សច្រើនកកូះផ្សេងទៀត។ នៅក្នុងវត្តចំប៉ា ផល្លី បានឮកងឈ្លបក្មេងៗដែលមានអាយុប្រមាណ១០ឆ្នាំ ជជែកគ្នា អំពីគោលការណ៍របស់អង្គការ ដែលកំណត់ឲ្យប្រជាជនទាំងអស់ឈប់ចាយប្រាក់។ ពេលឮដូច្នេះ ផល្លី បានអស់សង្ឃឹមម្ដងទៀត ព្រោះខ្លួនបានស្ពាយប្រាក់ជាច្រើនមកតាមខ្លួន ប៉ុន្តែមិនអាចប្រើការបាន។ ផល្លី បានយកប្រាក់នោះទៅទិញទឹកដោះគោពីអ្នកលក់ទាំងអស់ ដើម្បីទុកឲ្យកូនបៅ ហើយសល់ប៉ុន្មានគឺបោះចោលទាំងអស់។
ក្រោយមក អង្គការបានជម្លៀសគ្រួសារផល្លីទៅរស់នៅភូមិពងទឹក និងចាប់ផ្ដើមធ្វើការងារដាំដំណាំ។ នៅក្នុងសហករណ៍ ផល្លី ត្រូវធ្វើការងាររែកដីដំបូក និងរែកទឹក ទៅស្រោចដំណាំ ស្ពៃ, ត្រកួន និងបន្លែផ្សេងៗទៀត រហូតដល់ពេលប្រមូលផល ទើបអង្គការមកកាត់យកទៅដាក់ក្នុងរោងបាយរួម។ ចំពោះការហូបអាហារ ផល្លី ទទួលបានបន្តិចបន្តួច ប៉ុន្តែគាត់មិនហ៊ានលួចលាក់បន្លែដែលគាត់ដាំ ឬរកអាហារហូបបន្ថែមទៀតទេ ព្រោះគាត់ដឹងថាមានកងឈ្លបនៅចាំតាមដាន និងសំងំក្រោមគ្រែរបស់គាត់នៅពេលយប់ ដើម្បីចាំយកការណ៍។
បន្ទាប់មកទៀត នៅពេលដែលកូនចេះដើរ អង្គការបានបញ្ជូន ផល្លី ទៅធ្វើការងាររែកដី និងជីប្រឡាយ កំពង់ក្រសាំង, អាំងវា, ប្រឡាយលេខ១៥ ដែលជាប្រឡាយខ្ពស់ៗរាល់ថ្ងៃ ជាមួយក្រុមកងចល័ត។ ជាញឹកញាប់ នៅពេលយប់ឡើង ផល្លី បានលួចរត់ចេញពីក្នុងកងនៅភូមិតាបិន ត្រលប់ទៅភូមិរំចង់វិញ ដើម្បីមើលកូន និងយាយរបស់គាត់ដែលចាស់ជរា ហើយពេលព្រឹកព្រលឹមទើបគាត់រត់ទៅក្នុងកងវិញ ដើម្បីធ្វើការងារឲ្យទាន់ពេលវេលា។
ថ្ងៃមួយនៅពេលដែល អង្គការបញ្ជូនក្រុមកងចល័តទៅធ្វើការងារនៅសៃវាន ផល្លី បានធ្លាក់ខ្លួនឈឺគ្រុនពោះវៀនធ្ងន់ធ្ងរ ដែលជាហេតុធ្វើឲ្យស្បែករបស់គាត់ចាប់ផ្ដើមលឿង។ ជំងឺរបស់ ផល្លី ចាប់ផ្ដើមធ្ងន់ម្ដងបន្តិចៗរាល់ថ្ងៃ ព្រោះគាត់មិនបានទទួលថ្នាំ ឬការព្យាបាលត្រឹមត្រូវ។ លើសពីនេះទៅទៀត ផល្លី ត្រូវធ្វើការងាររាល់ថ្ងៃដដែល។
នៅឆ្នាំ១៩៧៨ អង្គការបានជម្លៀសគ្រួសារផល្លី និងប្រជាជនផ្សេងទៀត ទៅកាន់ស្រុកលើ។ ពាក្យថាស្រុកលើដែលអង្គការនិយាយមានច្រើនកន្លែងណាស់ ប៉ុន្តែគ្រួសាររបស់ផល្លីជម្លៀសទៅរស់នៅត្រពាំងធំ, ត្រពាំងគល់ និងត្រពាំងអណ្ដើក។ នៅតាមផ្លូវធ្វើដំណើរ ក្រុមខ្មែរក្រហមបានប្រយុទ្ធគ្នាជាមួយទាហានស្ម័គ្រចិត្តវៀតណាម រហូតដល់ផ្ទុះឃ្លាំងគ្រាប់ ដែលជាហេតុធ្វើឲ្យគ្រួសារផល្លី រត់ត្រណាត់ត្រណែង។ នៅត្រពាំងអណ្ដើក គ្រួសារផល្លី ស្នាក់នៅបានប្រមាណ២យប់ ទើបមានកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមកកាន់តែខ្លាំង ហើយគ្រួសារផល្លី បានជម្លៀសទៅខាងសេកយៀរ។ គ្រួសាររបស់ផល្លី សម្រាកនៅសេកយៀរ បានប្រមាណ២យប់បន្ថែមទៀត ទើបកងទ័ពស្ម័គ្រចិត្តវៀតណាមចូលទៅដល់ និងបានប្រាប់ឲ្យប្រជាជនត្រលប់ទៅស្រុកកំណើតវិញ។
នៅដើមខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ផល្លី បានត្រលប់ទៅរស់នៅភូមិពងទឹកវិញ។ ពេលមកដល់ភូមិ ផល្លី ចាប់ផ្ដើមប្រកបរបរចិញ្ចឹមជីវិត និងរកថ្នាំព្យាបាលជំងឺក្រពះពោះវៀនរបស់គាត់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ជំងឺគ្រុនពោះវៀនរបស់ ផល្លី កាន់តែមានអាការៈធ្ងន់ធ្ងរ ព្រោះគាត់មិនបានទទួលការព្យាបាលទាន់ពេលវេលា។ ក្រៅពីជំងឺខាងកើ ផល្លី មានជំងឺភ្នែក, ឈឺសន្លាក់ និងសម្ពាធឈាមឡើងខ្ពស់ ដែលជំងឺទាំងអស់នោះបណ្ដាលមកពីរបបខ្មែរក្រហម និងអាយុរបស់គាត់កាន់តែច្រើន។ ដើម្បីព្យាបាលជំងឺខាងលើ កូនរបស់ផល្លី និងខ្លួនរបស់គាត់ផ្ទាល់បានទិញថ្នាំទុកជាច្រើននៅក្នុងផ្ទះ សម្រាប់លេបកាត់បន្ថយការឈឺចាប់ និងព្យាបាល។ មួយវិញទៀត ផល្លី សង្ស័យថាខ្លួនលើសជាតិអាស៊ីត ប៉ុន្តែដោយសារជំងឺកូវីដ-១៩ រីករាលដាលខ្លាំងទើបមិនបានទៅពិនិត្យ។
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦
[1] ជួបជាមួយឈ្មោះ ហែម ផល្លី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១, សម្ភាសន៍ដោយ ខុំ ស្រីនោរ, ក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។

