ហែម សាន៖ អង្គការភ្នែកម្នាស់ រើសកម្ទេចដំឡូងហូប៣ម៉ាត់ក៏ត្រូវបានដាក់ទោស
ហែម សាន អាយុ៦៥ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សាន មានស្រុកកំណើតនៅភូមិត្រពាំងអន្លង់ និងជាកូនកំព្រាម្នាក់ ក្នុងចំណោមបងប្អូន៥នាក់។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់សាន ត្រូវធ្វើការងារនៅកន្លែងផ្សេងៗពីគ្នា និងមិនដែលបានជួបគ្នានោះទេ។ បងរបស់សាន ធ្វើការងារក្នុងកងយុវជន, សាន ធ្វើការងារក្នុងកងកុមារឈានមុខ និងប្អូនៗរបស់គាត់ ធ្វើការងារក្នុងកងកុមារ។
ជាញឹកញាប់ កងកុមារឈានមុខ ត្រូវបានជម្លៀសចេញទៅធ្វើការងារនៅឆ្ងាយៗពីសហករណ៍ និងផ្លាស់ប្ដូរទីកន្លែងធ្វើការងារជាបន្តបន្ទាប់។ នៅពេលដែលបញ្ចប់ការងារនៅកន្លែងមួយ កងកុមារឈានមុខត្រូវអង្គការជម្លៀសទាំងយប់ ឲ្យធ្វើដំណើរទៅកន្លែងធ្វើការងារថ្មីមួយទៀត ហើយនៅពេលព្រឹកឡើង កងនេះគឺត្រូវធ្វើការងារតាមការកំណត់ធម្មតា។ នៅកន្លែងធ្វើការងារ កងកុមារឈានមុខ ធ្វើការងារដូចក្រុមយុវជនដែរ។ ក្នុងមួយថ្ងៃ អង្គការកំណត់ឲ្យកុមារឈានមុខមួយក្រុមមានសមាជិក ១២នាក់ ត្រូវដកសំណាប និងស្ទូងសំណាបឲ្យបាន១ហិកតា។ នៅរដូវប្រាំ អង្គការចាត់តាំងឲ្យកុមារឈានមុខ ជីកប្រឡាយតាំងពីព្រឹករហូតដល់យប់ម៉ោងប្រមាណ១០ ប៉ុន្តេបើធ្វើរួចរាល់តាមការកំណត់របស់អង្គការ គឺអាចទៅសម្រាកបាន។
នៅការដ្ឋានការងារ អង្គការមិនបានរៀបចំឲ្យមានកន្លែងសម្រាកត្រឹមត្រូវសម្រាប់កងកុមារឈានមុខនោះទេ ហើយការហូបអាហារក៏មិនគ្រប់គ្រាន់ដែរ។ ជាញឹកញាប់ អង្គការចែកបបរឲ្យ សាន ៣វែកក្នុងមួយពេល ហើយពេលខ្លះទៀតបានបាយ២វែក ហូបជាមួយសម្លបន្លែត្រកួន។ ដោយសារតែការហេវហត់ខ្លាំងពេក ក្មេងៗដែលមានឪពុកម្ដាយ បានសុំអង្គការត្រលប់ទៅផ្ទះ ដើម្បីទទួលបានអាហារបន្ថែមទៀតពីគ្រួសារ។ សាន មិនដែលសុំអង្គការត្រលប់ទៅផ្ទះដូចកុមារដទៃទៀតនោះទេ ព្រោះគាត់មិនមានឪពុកម្ដាយ ហើយបងប្អូនរបស់គាត់ត្រូវរស់នៅ និងធ្វើការងារនៅកន្លែងផ្សេងគ្នា។
ថ្ងៃមួយ បន្ទាប់ពីបញ្ចប់ការស្ទូងស្រូវនៅស្រែក្រាំង ជិតភូមិកំពង់អំពិល និងត្នោតទ្រេត សាន បានធ្វើដំណើរត្រលប់ទៅកន្លែងសម្រាកវិញ រួមទាំងឆ្លៀតរើសសត្វខ្យង ក្តាមតូចៗ ដាក់ក្នុងហោប៉ៅ។ ពេលធ្វើដំណើរមកដល់ ធម្មន័យ សាន បានឃើញសត្វជ្រូក ឈ្មុលដីស៊ីដំឡូងរបស់អង្គការ និងឃើញកម្ទេចដំឡូងផ្សេងទៀតនៅលើដី។ ដោយសារតែឃ្លានខ្លាំងពេក សាន បានរើសកម្ទេចដំឡូងនោះយកមកហូបបានប្រមាណ៣ម៉ាត់ រួចធ្វើដំណើរបន្តទៀត។ នៅពេលដែលរៀបរាប់ដល់ត្រឹមនេះ សាន នឹកឃើញដល់ពាក្យរបស់កម្មាភិបាលខ្មែរក្រហមថា៖ “អង្គការភ្នែកម្នាស់”។ រឿងដែលគាត់ រើសដំឡូងហូប ត្រូវបានកងឈ្លបមើលឃើញ និងយកទៅរាយការណ៍ដល់ប្រធានកងចល័តថា គាត់លួចគាស់ដំឡូងអង្គការហូបទៅវិញ។
នៅពេលដែលសាន ទៅដល់កន្លែងសម្រាក ប្រធានកងចល័ត បានចាត់តាំងកងឈ្លបទៅចាប់គាត់ភ្លាមៗយកទៅកសាង។ សាន ត្រូវបានអង្គការចាប់ចង វាយបន្តិចបន្តួច និងឃុំខ្លួន៣ថ្ងៃ។ នៅពេលឃុំខ្លួន សាន ទទួលបានអាហារតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយគាត់ត្រូវសម្រាកហាលខ្យល់ត្រជាក់ ខែកត្ដិក។ ក្រោយមក ដោយសារតែ សាន មិនមានឪពុកម្ដាយ ទើបអង្គការហៅប្រធានក្រុមកងចល័តរបស់គាត់ ទៅស្ដីបន្ទោស រួចឲ្យធានា សាន ត្រលប់ទៅធ្វើការងារវិញ។ មូលហេតុដែល អង្គការអនុញ្ញាតឲ្យប្រធានកងធានា ដោយសារតែ សាន ធ្វើការងារបានល្អ ដូច្នេះបានជាត្រូវទុកកម្លាំងធ្វើការងារបន្តទៀត។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាន បានរៀបការជាមួយយុវជនម្នាក់នៅក្នុងភូមិប្រសៀត។ សាន នៅតែមានអារម្មណ៍ឈឺចាប់ នៅពេលដែលគាត់នឹកឃើញរឿងរ៉ាវរបស់គាត់នៅក្នុងរបបខ្មែរក្រហម។ សាន បានឲ្យដឹងថា គាត់ពេញចិត្តចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ក៏ធ្លាប់ទៅមើលការកាត់ទោសមេដឹកនាំខ្មែរក្រហម និងទៅទស្សនាគុកទួលស្លែងដែរ។ សាន ចង់ឲ្យក្មេងៗជំនាន់ក្រោយ បានដឹងពីការលំបាករបស់ប្រជាជនខ្មែរនៅក្នុងរបបខ្មែរក្រហម ហើយខ្លួនគាត់ផ្ទាល់ក៏បានរៀបរាប់រឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហម ប្រាប់ទៅចៅៗរបស់គាត់។
សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី២៣ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២០ ខែឧសភា ២០២៥