ហឹម សយ៖ សីលធម៌ដប់ពីរប្រការ

ហឹម សយ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ហឹម សយ ភេទស្រី មានអាយុ ៦៧ឆ្នាំ ជាកសិកររស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ សយ មានបងស្រីម្នាក់ឈ្មោះ សុខ។ សយ រំឭកថា បងប្អូនជីដូនមួយ ឈ្មោះ បងធន់, បងថន, ម្ដាយមីងឈ្មោះ មីងរឿន និងឪពុកមារបស់គាត់ឈ្មោះ ពូសុន ត្រូវបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ សយ បានឈប់រៀនត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាស្វាយតានី និងជួយធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។​ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ នៅក្នុងភូមិ គឺមានការប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម និងមានការទម្លាក់គ្រាប់បែក។ សយ ថាគ្រាប់បែកភាគច្រើនគឺទម្លាក់នៅតាមព្រៃ។ សយ បានរត់គេចខ្លួនចេញពីភូមិទៅខាងម្លេច បន្ទាប់មកទៅស្នាក់នៅឯខាងវត្តភ្នំ និងភូមិក្បាលកោះ។

នៅឆ្នាំ១៩៧៣ បន្ទាប់ពីខ្មែរក្រហមដណ្តើមបានភូមិព្រែកតូច សយ បានត្រលប់មករស់នៅភូមិកំណើត និងធ្វើជី។ នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស សយ ទៅធ្វើការក្នុងកងចល័តនារី និងរែកដីនៅទួលក្រសាំង។ សយ ត្រូវធ្វើការរួម និងហូបចុករួម ដោយមិនគ្រប់គ្រាន់ និងក្នុងមួយថ្ងៃហូបពីរពេល គឺពេលថ្ងៃម៉ោង១១ព្រឹក និងពេលល្ងាចម៉ោង៥ល្ងាច។ របបអាហារ មានតែបាយលាយជាមួយពោត, ម៉្សៅមី និងសម្លត្រកួន។ នៅពេល សយ ដែលជាប្រជាជនមូលដ្ឋាន មានជំងឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ ប៉ុន្តែចំពោះយោធា គឺមានថ្នាំនាំចូលពីបរទេសសម្រាប់ព្យាបាល។

នៅរបបខ្មែរក្រហម សយ ថាខ្មែរក្រហមបានឲ្យប្រជាជនទាំងអស់គោរពតាមសីលធម៌ដប់ពីរប្រការ ក្នុងនោះខ្មែរហាមមិនឲ្យប្រព្រឹត្តអំពើខុសសីលធម៌ និងយកប្រពន្ធអ្នកដទៃ។ គណៈស្រុក ឈ្មោះ តាសារឿន, តាសៀន និងក្មួយប្រុស ត្រូវយោធាវាយសម្លាប់ដោយសារប្រព្រឹត្តអំពើខុសសីលធម៌។ ចំណែក ប្រជាជនវិញ គ្រាន់តែលួចផ្លែត្របែកក៏ត្រូវខ្មែរក្រហមសម្លាប់ដែរ។ សយ ចងចាំថា នៅសាលាស្វាយតានី មានទីតាំងកប់សពមួយ។

ខ្មែរក្រហមបានធ្វើការស្រាវជ្រាវ និងរកឃើញថាគ្រួសាររបស់ម្ដាយមីងនិងឪពុកមារបស់សយ មានជាប់ខ្សែរយៈ ដូច្នេះខ្មែរក្រហមបានបញ្ជូនទាំងគ្រួសារទៅកាប់ឫស្សីនៅកោះគរ។ ក្រោយមក សយ ដែលជាប្រធានក្រុមកុមារ ក៏ត្រូវខ្មែរក្រហមបញ្ជូនទៅរែកដីឲ្យបានតាមការកំណត់នៅកោះគរ ដែលគេហៅថា មន្ទីរ១៥ ដោយសារមានអ្នករាយការណ៍ថាគាត់បានវាយដំកុមារផ្សេងទៀត ប៉ុន្តែក្រោយមកខ្មែរក្រហមបានដោះលែងគាត់វិញ។ សយ និយាយថា គាត់មិនបានសម្លាប់ ឬវាយដំកុមារដូចគេចោទនោះទេ។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ សយ បានត្រលប់មករស់នៅភូមិកំណើត និងធ្វើស្រែប្រាំង។ នៅឆ្នាំ១៩៨៣ សយ បានរៀបការ និងនៅឆ្នាំ១៩៨៩ ប្តីរបស់សយ បានស្លាប់នៅពេលប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ៕

សម្ភាសដោយ ម៉ាប់ សុភ័ត្ត ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin