ហោ សាក់៖ បាត់ខ្លួននៅកោះគរ

ហោ សាក់ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ហោ សាក់ ភេទស្រី មានអាយុ ៦៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅនិងមានស្រុកកំណើតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សាក់ មានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះមានស្រីប្រាំនាក់។

កាលពីកុមារភាព សាក់ មិនបានរៀនសូត្រនោះទេ ដោយត្រូវនៅផ្ទះ និងជួយធ្វើការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ គ្រួសាររបស់សាក់ បានជីកលេណដ្ឋានជម្រៅពីរម៉ែត្រ ដើម្បីគេចពីគ្រាប់បែក និងអំបែងគ្រាប់បែក។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុកគ្រួសាររបស់សាក់ជាប្រជាជនចាស់។ សាក់ បានចូលធ្វើការក្នុងកងអង្គភាពភូមិរហូតដល់ឆ្នាំ១៩៧៧ ទើប សាក់ ចូលធ្វើការក្នុងកងអង្គភាពស្រុកលេខ៧។ សាក់ ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ជារៀងរាល់ថ្ងៃ សាក់ ត្រូវរែកដី, លើកទំនប់, ជីកប្រឡាយ និងស្ទូងស្រូវ នៅភូមិទួលក្រសាំង។ ចំណែករបបអាហារ គឺមានតែបាយមួយវែក, បបរពីរវែកលាយជាមួយព្រលិត ឬពោតស្ងោរមួយផ្លែប៉ុណ្ណោះ សម្រាប់ហូបក្នុងមួយពេល។

សាក់ ចងចាំថា នៅរបបខ្មែរក្រហម គ្រួសាររបស់ឪពុកមា និងម្ដាយមីងរបស់គាត់ចំនួនពីរគ្រួសារ ដែលមានសមាជិកជាងដប់នាក់ត្រូវបានខ្មែរក្រហមបញ្ជូនទៅកោះគរ និងបាត់ខ្លួនរហូតមក។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាក់ បានទៅរស់នៅភូមិចុងព្រែកអស់មួយរយៈពេលខ្លី និងក្រោយមកគាត់បានរៀបការ និងត្រលប់មករស់នៅភូមិកំណើតវិញ៕

សម្ភាសដោយ រ៉េន រចនា ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin