ការកំណត់របស់អង្គការ

ហម ឡត រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ ហម ឡត ភេទស្រី មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់។ សព្វថ្ងៃ ឡត រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឡត មានបងប្អូនបួននាក់ ក្នុងនោះស្រីម្នាក់។ ឡត ជាកូនទី៣។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងរបបសង្គមរាស្ត្រនិយម ភូមិអូរស្វាយ ត្រូវបានបង្កើតឡើង ដោយមានការកសាងមន្ទីរពេទ្យ, បន្ទាយទាហាន និងស្តូប ដើម្បីឲ្យប្រជាជនមកតាំងទីលំនៅ, ធ្វើស្រែចម្ការ និងនេសាទ។​ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ ភូមិនេះត្រូវទទួលរងការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលមកដល់ភូមិអូរស្វាយ។  នៅឆ្នាំ១៩៧៣ ប្រជាជននៅភូមិអូរស្វាយ ចាប់ផ្តើមធ្វើស្រែប្រវាស់ដៃ។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមកាន់អំណាចទូទាំងប្រទេស ប្រជាជននៅក្នុងភូមិ ត្រូវបានជម្លៀសឲ្យទៅនៅតាមសហករណ៍ ដោយរស់នៅរួម, ធ្វើការរួម និងហូបរួម។ ឡត ត្រូវចាត់តាំងឲ្យធ្វើការក្នុងកងចល័ត ដែលមានការងារដូចជាលើកទំនប់, រែកដី និងត្រូវរស់នៅដោយបែកបាក់គ្រួសារ។ បងប្រុសរបស់ឡត ត្រូវទៅធ្វើជាយោធា ចំណែកឪពុកម្ដាយរបស់គាត់ត្រូវរស់នៅក្នុងសហករណ៍។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានបញ្ជូន ឡត ទៅធ្វើពលកម្មនៅអូររនោង ស្រុកសៀមប៉ាង។ ឡត ត្រូវធ្វើការដោយនឿយហត់ គ្មានពេលសម្រាក, របបអាហារហូបចុកមិនគ្រប់គ្រាន់ និងបែកបាក់ពីគ្រួសារ។ ក្នុងមួយថ្ងៃ ឡត ទទួលបានអាហារពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេល ឡត ទទួលបានបាយមួយចានចង្កឹះ លាយជាមួយគល់ចេក, គល់ល្ហុង, ផ្លែល្វា និងមើមក្តួច។

ខ្មែរក្រហម បានបង្ខិតបង្ខំប្រជាជនឲ្យធ្វើការ និងសម្លាប់ប្រជាជន។ ខ្មែរក្រហម តែងនិយាយថាយកទៅរៀនសូត្រ។  ចំណែក បងប្រុសទី២របស់ឡត ត្រូវបានខ្មែរក្រហមបញ្ជូនទៅកសាងបីយប់បីថ្ងៃ និងគំរាមសម្លាប់។ បន្ទាប់មក បងប្រុសរបស់ឡត ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការផ្នែកដឹកជញ្ជូន។

ឡត និយាយថា ប្រជាជនមិនអាចប្រឆាំងនឹងបញ្ជារបស់ខ្មែរក្រហមបាននោះទេ។ អ្នកដែលប្រឆាំងនឹងត្រូវយកទៅសម្លាប់។ ក្រោយមក ឡត ត្រូវធ្វើការនៅកន្លែងលត់ដំ ដោយត្រូវលើកទំនប់ទាំងយប់ទាំងថ្ងៃ រហូតដល់ម៉ោង១២យប់ ទើបបានសម្រាក។ ទោះបីជា ឡត មានជំងឺ ឬហត់នឿយយ៉ាងណា ក៏ ឡត ត្រូវតែធ្វើការឲ្យបានតាមការកំណត់របស់អង្គការដែរ។

នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមបានដួលរលំ ឡត បានត្រលប់មករស់នៅជួបជុំគ្រួសារនៅភូមិកំណើត និងចាប់ផ្តើមធ្វើស្រែចម្ការ និងនេសាទរហូតមក។ បច្ចុប្បន្ន ឡត មានការព្រួយបារម្ភអំពីអនាគតនៃការនេសាទនៅក្នុងភូមិអូរស្វាយ ដោយសារទិន្នផលនេសាទមានការធ្លាក់ចុះ៕

សម្ភាសន៍ដោយ ទូច ស្រីទីន ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin