ហុច អូន៖ ចេញពីសហករណ៍ទៅធ្វើការងារដាំបន្លែ និងដាំបាយនៅទីក្រុងភ្នំពេញ

កុច អូន ឬហុច អូន[1] អាយុ៤២ឆ្នាំ(២០០៣) រស់នៅភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភូមិប្របសៀម ស្ថិតនៅក្នុងឃុំពពេល ស្រុក១០៥ តំបន់១៣ ខេត្តតាកែវ។ អូន មានឪពុកឈ្មោះ កន មានស្រុកកំណើតនៅភូមិពោងពាង និងម្ដាយឈ្មោះ អៀម មានស្រុកកំណើតនៅភូមិប្របសៀម។ អូន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៤នាក់។
នៅអាយុ១៣ឆ្នាំ អង្គការបានចាត់តាំង អូន ឲ្យទៅរស់នៅក្នុងកងចល័តភូមិប្របសៀម ជាមួយកុមារជាច្រើននាក់ទៀតនៅក្នុងភូមិ។ នៅក្នុងកងចល័ត អូន ធ្វើការងារ រើសអាចម៍គោ, ស្ទូងស្រូវ និងជីកប្រឡាយ។ ក្រៅពីការធ្វើការងារ កុមារអាចរៀននៅក្រោមដើមឈើ បានរយៈពេល១ ទៅ២ម៉ោងក្នុងមួយថ្ងៃ បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួច។ អូន បានឲ្យដឹងថា គាត់រៀនមិនចេះនោះទេ ព្រោះគ្រូបង្រៀន ឬក៏ប្រធានក្រុមឈ្មោះ សុន បានណែនាំឲ្យកុមារខិតខំប្រមូលជីឲ្យបានច្រើន យកទៅដាក់ក្នុងសហករណ៍ ជាជាងរៀនអក្សរ និងលេខ។ នៅក្នុងកងកុមារ អូន អាចទៅលេងម្ដាយ-ឪពុក នៅផ្ទះម្ដងក្នុងរយៈពេល១ខែ ទៅ៣ខែ។
នៅឆ្នាំ១៩៧៦ ប្រធានកង បានជ្រើសរើស អូន និងមិត្តនៅក្នុងកងចំនួន៦នាក់ផ្សេងទៀត ឲ្យទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ មុនពេលចេញដំណើរ អូន បានត្រលប់មកផ្ទះប្រាប់ដំណឹងឪពុកម្ដាយ រួចបន្តជិះឡានទៅភ្នំពេញ។ ពេលទៅដល់ភ្នំពេញ អង្គការបានបញ្ជូន អូន ឲ្យទៅដាំដំណាំនៅកោះក្បាលជ្រោយ ខាងត្បូងជ្រោយចង្វារ ហើយអ្នកដែលធ្វើដំណើរចេញពីស្រុកមកជាមួយគ្នាត្រូវទៅធ្វើការងារនៅកន្លែងផ្សេង។ ពេលទៅដល់ភ្នំពេញ អូនត្រូវអង្គការរៀបចំឲ្យធ្វើប្រវត្តិរូប[2]។
នៅក្បាលកោះជ្រោយ អូន ដាំបន្លែត្រឡាច, ត្រប់, ប៉េងប៉ោះ, ត្រកួន និងបន្លែផ្សេងៗទៀត។ នៅកន្លែងដាំដំណាំ ការងាររបស់ អូន គឺងាយស្រួលជាងនៅសហករណ៍ ព្រោះគាត់ត្រូវដាំដុះតែបន្លែ ហើយការហូបអាហារមានបាយលាយពោត និងមានកន្លែងសម្រាកត្រឹមត្រូវ។ បើនៅសហករណ៍វិញ អូន ត្រូវធ្វើការងារធ្ងន់ៗ ហើយរបបអាហារដែលគាត់ទទួលបានគឺបបរជាប្រចាំ។ មួយវិញទៀត នៅពេលដែល អូន ចេញទៅធ្វើការងារជីកប្រឡាយនៅការដ្ឋាន គាត់ត្រូវសម្រាកនៅក្នុងព្រៃ ឬវាល ហាលខ្យល់ និងមានសត្វល្អិតខាំ។
នៅឆ្នាំ១៩៧៧ អង្គការបានប្ដូរតួនាទី អូន ពីអ្នកដាំដំណាំ ទៅជាអ្នកដាំបាយ និងស្នាក់នៅបុរីកីឡា ផ្ទះថ្ម៦ជាន់។ នៅក្នុងបុរីកីឡា អង្គការបានរៀបចំឲ្យមានក្រុមដាំបាយ, ក្រុមធ្វើម្ហូប និងក្រុមផ្សេងៗទៀត។ នៅក្នុងក្រុមរបស់ អូន ធ្វើការមានសមាជិកចំនួន១២នាក់ ក្នុងនោះមានមនុស្សវ័យចំណាស់ និងយុវជនបុរស-ស្រ្ដី ធ្វើការងារជាមួយគ្នា ក្រោមការគ្រប់គ្រងរបស់ឈ្មោះ មឿន ។ ជារៀងរាល់ថ្ងៃ មឿន ចាត់តាំងឲ្យសមាជិកក្នុងក្រុមដាំបាយពីរពេលគឺ ពេលព្រឹកដាំបាយឲ្យរួចរាល់នៅម៉ោង១០ព្រឹក ហើយពេលយប់ម៉ោង៦ ទៅម៉ោង៧។ ក្នុងមួយពេល មឿន កំណត់ឲ្យសមាជិកក្រុម យកអង្ករទៅដាំបាយចំនួន២០០ ទៅ៣០០កំប៉ុង សម្រាប់មនុស្សប្រមាណ៣០០ ទៅ៤០០នាក់ បើគិតក្នុងមនុស្សម្នាក់ៗទទួលបានបាយមួយជង។ ចំពោះ អូន បានមួយជង គឺមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែបើធៀបទៅកន្លែងដាំបន្លែគឺល្អប្រសើរជាង ទាំងការហូបអាហារ និងការធ្វើការងារ។
អូន បានឲ្យដឹងថា នៅបូរីកីឡា អង្គការបែងចែកតួនាទីច្បាស់ៗ អ្នកដាំបាយផ្សេង ធ្វើម្ហូបផ្សេង និងលាងចានផ្សេង ប៉ុន្តែអ្នកដែលមកហូបអាហារមិនដឹងថាធ្វើការងារនៅកន្លែងណាខ្លះនោះទេ។ នៅកន្លែងដាំបាយ អូន មិនបានជួបការគំរាមកំហែងនោះទេ ព្រោះគាត់ធ្វើតាមអង្គការចាត់តាំងបានល្អ។ ប៉ុន្តែសមាជិករបស់អូន មានអ្នកធ្វើខុសសីលធម៌ ហើយអង្គការបញ្ជូនចេញទៅបាត់។ នៅក្នុងក្រុមអ្នកដាំបាយ មានការប្រជុំជាញឹកញាប់ ក្នុងមួយថ្ងៃម្ដង ឬ២ថ្ងៃម្តង ដើម្បីប្រាប់អ្នកឲ្យដាំបាយ កុំប៉ះពាល់គ្នា និយាយលេងសើចច្រើន។ អូន បានបន្តថា ប្រសិនបើគាត់ហូបឆ្អែត សម្រាន្ដលក់គឺគាត់សុខសប្បាយ ប៉ុន្តែប្រសិនបើគាត់ខ្វះខាត អ៊ីចឹងគាត់សម្រាកដោយឃ្លាន និងនឹកឪពុកម្ដាយ។
ពេលនៅភ្នំពេញ អូន ធ្លាប់សុំអង្គការត្រលប់មកលេងផ្ទះនៅខេត្តតាកែវ ប៉ុន្តែដោយសារតែមិនស្គាល់ផ្លូវ ហើយមិនមានអ្នកទៅជាមួយ និងធ្វើការងាររាល់ថ្ងៃគ្មានពេលសម្រាក ទើបគាត់មិនបានទៅលេងផ្ទះ។ នៅខែមករា ឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពវៀតណាមចូលមក អូន បានរត់ភៀសខ្លួនតាមអ្នកធ្វើការងារជាមួយគ្នា ចេញពីទីក្រុងភ្នំពេញ។[3] ក្រោយមក អូន បានធ្វើដំណើរទៅស្រុកកំណើត និងបានជួបឪពុក-ម្ដាយវិញ។ នៅពេលសម្ភាស អូន មានកូន២នាក់ និងកូនប្រសារម្នាក់។ នៅក្នុងសម័យខ្មែរក្រហម អូន បាត់ដំណឹងបងប្អូន២នាក់។ អូន មិនបានជួបការលំបាក ឬក៏គំរាមកំហែងទេ នៅក្នុងសម័យខ្មែរក្រហម ប៉ុន្តែគាត់ជឿជាក់ថាមានការសម្លាប់មនុស្ស តាមរយៈគុកទួលស្លែង និងគុកក្រាំងតាចាន់។
អត្ថបទដោយ ភា រស្មី
[1] ឯកសារលេខ TKI0029 ឈ្មោះ ហុយ អូន, មុខងារជាប្រធានក្រុម, សម្ភាសដោយ អ៊ីសា ឧស្មាន ថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៣។
[2] ឯកសារលេខ I05445, ប្រវត្តិរូបបដិវត្តសង្ខេបឈ្មោះ ហុច អូន, ឯកសារតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូប អូនចូលធ្វើបដិវត្តក្នុងឆ្នាំ១៩៧៧ នៅឃុំពពេល ហើយអ្នកនាំចូលឈ្មោះ រីម ។ តាំងពីចូលបដិវត្ត អូនទទួលភារកិច្ចធ្វើជាប្រធានក្រុម និងធ្វើការងារជីកប្រឡាយតូច ប្រឡាយធំច្រើន នៅក្នុងសហករណ៍។
[3] ប្រវត្តិវិទ្យា ថ្នាក់ទី៦, ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព (អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា៖ ក្រសួងអប់រំ យុវជន និងកីឡា, ២០២៥) ទំព័រទី៤១។ នៅក្នុងសៀវភៅបានសរសេរថា៖ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្រ្ដនៃការរំដោះជាតិ។