ហួន គឹមស្រេង៖ ឪពុកស្លាប់ដោយសារអត់អាហារ ហើយបងប្អូនត្រូវអង្គការចាប់យកទៅសម្លាប់

នៅក្នុងសម័យ លន់ នល់ ផ្ទះរបស់គឹមស្រេង ត្រូវបានឆេះដោយសារការទម្លាក់គ្រាប់បែក។ បន្ទាប់ពីឆេះផ្ទះ បងប្អូនរបស់គឹមស្រេង បានបែកចេញពីគ្នា ដើម្បីរការងារធ្វើ។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់គឹមស្រេង បាត់បង់ឪពុកម្នាក់ដោយសារកង្វះអាហារ និងជំងឺ និងបងប្អូន៤នាក់ទៀត ត្រូវអង្គការសម្លាប់នៅកន្លែងផ្សេងៗគ្នា។ គឹមស្រេង មិនបានឃើញអង្គការយកបងប្អូនរបស់គាត់ទៅសម្លាប់ផ្ទាល់ទេ ប៉ុន្តែបានឮពីអ្នកស្គាល់គ្នា ប្រាប់គាត់បន្ទាប់ពីរបបខ្មែរក្រហមដួររលំ។

ហួន គឹមស្រេង ភេទស្រី អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅភូមិរមូល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្ន គឹមស្រេង រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុកគឹមស្រេង ឈ្មោះ ភួង កន ស្លាប់នៅក្នុងរបបខ្មែរក្រហម ហើយម្ដាយឈ្មោះ ព្រួច ទូច ស្លាប់តាំងពីគាត់នៅក្មេង។ គឹមស្រេង មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រី៥នាក់។ កាលពីក្មេង គឹមស្រេង រៀនបានត្រឹមថ្នាក់ទី៣ ក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ។

នៅក្នុងសម័យ លន់ នល់ នៅក្នុងភូមិរមូល មានការទម្លាក់គ្រាប់បែក និងធ្វើឲ្យឆេះផ្ទះរបស់ប្រជាជនជាច្រើនខ្នង ក្នុងនោះក៏មានផ្ទះរបស់គឹមស្រេងមួយដែរ។ នៅពេលដែលឆេះផ្ទះអស់ គ្រួសាររបស់គឹមស្រេង បានទៅរស់នៅបន្ទាយទាហាន២ខែ ដើម្បីគេចពីគ្រាប់បែកធ្លាក់ក្នុងភូមិរាល់ថ្ងៃ និងគិតរកកន្លែងថ្មីដើម្បីស្នាក់នៅ។ បន្ទាប់មក គឹមស្រេង បានចេញទៅធ្វើការងាររោងចក្រ វាយនភណ្ឌ នៅខេត្តកំពង់ចាម និងបានរៀបការជាមួយឈ្មោះ ប៉ោ ឈិន ក្នុងនៅឆ្នាំ១៩៧៣។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីទាហានខ្មែរក្រហមទទួលបានជ័យជម្នះ គឹមស្រេង បានជម្លៀសចេញពីខេត្តកំពង់ចាម ទៅរស់នៅភូមិថ្មី ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។ គ្រួសាររបស់គឹមស្រេង បានចំណាយពេលប្រមាណ១ខែ ទើបធ្វើដំណើរដល់ស្រុកបាទី និងចាប់ផ្ដើមធ្វើការងារនៅទីនោះ។ នៅភូមិថ្មី ការងារដំបូងរបស់ គឹមស្រេង គឺរែកដីដំបូកយកមកលាយជាមួយលាមក ដើម្បីធ្វើជី និងរែកដីបាតត្រពាំងតាមវត្ត យកទៅដាក់ក្នុងស្រែ។ នៅរដូវធ្វើស្រែ អង្គការបានចាត់តាំង គឹមស្រេង ឲ្យទៅដកសំណាប និងស្ទូងស្រូវ ទាំងមានភ្លៀងធ្លាក់ ហើយពេលខ្លះត្រូវអុចភ្លើងបំភ្លឺធ្វើទាំងយប់។ ចំពោះរបបអាហារ គឹមស្រេង ទទួលបានបបររាវៗមិនគ្រប់គ្រាន់នោះទេ ព្រោះនៅពេលដែលដាច់ស្បៀងខ្លាំង អង្គការបបរមួយខ្ទះ ដាក់អង្ករតែ៣កំប៉ុងប៉ុណ្ណោះ។ ដើម្បីចម្អែតក្រពះ គឹមស្រេង បេះស្លឹកឈើ យកទៅលាយជាមួយបបរបន្ថែម។ នៅពេលដែលមានជំងឺ គឹមស្រេង បានឃើញគ្រូពេទ្យយកថ្នាំនៅក្នុងដប ទៅចាក់ឲ្យអ្នកជំងឺដែលធ្ងន់ ប៉ុន្តែបើឈឺស្រាល ត្រូវលេបថ្នាំរាងដូចជាអាចម៍ទន្សាយ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួររលំ គឹមស្រេង បានផ្លាស់ទៅរស់នៅភូមិត្រពាំងលាន និងប្រកបរបបធ្វើស្រែ។ គឹមស្រេង នៅតែមានអារម្មណ៍ខឹង និងឈឺចាប់នៅពេលដែលគាត់នឹកឃើញរបបខ្មែរក្រហម​ ព្រោះពេលនោះគាត់រស់នៅលំបាក និងបាត់បង់បងប្អូនជាច្រើននាក់។ នៅក្នុងសម័យខ្មែរក្រហម គឹមស្រេង បាត់បង់ឪពុក និងបងប្អូន៤នាក់។ ឪពុករបស់គឹមស្រេង ស្លាប់ដោយសារកង្វះអាហារ មានជំងឺ ហើមជើង និងឈឺជង្គង់។ មុនពេលស្លាប់ ឪពុករបស់គាត់បានជិះក្របីទៅផ្ទះបងរបស់គឹមស្រេង ដើម្បីរកអាហារហូប ប៉ុន្តែមិនបានជួប ព្រោះអង្គការបានចាប់គ្រួសារបងគាត់ទៅកសាងបាត់។

ចំពោះប្អូនស្រីម្នាក់ទៀត គឹមស្រេង បានឮដំណឹងថា អង្គការបានបណ្ដើរប្អូនស្រីរបស់គាត់រួមជាមួយកូនតូចទៅសម្លាប់ក្នុងព្រៃ។ នៅពេលដែលសម្លាប់ កងឈ្លបបានយកកូនរបស់ប្អូនគឹមស្រេង ទៅបោកនៅដើមឈើ ហើយប្អូនរបស់គាត់បានតដៃ ទើបត្រូវសម្លាប់ក្នុងពេលជាមួយគ្នា។​ មូលហេតុដែលប្អូនរបស់គាត់ស្លាប់  ដោយសារតែអ្នកធ្លាប់លេងជាមួយគ្នាកាលពីក្មេង មានគំនុំនៅក្នុងចិត្ត ហើយដល់ពេលមានអំណាចនៅក្នុងសម័យខ្មែរក្រហម ទើបចាប់ប្អូនរបស់គឹមស្រេងទៅសម្លាប់។ ចំណែកប្អូនប្រុសម្នាក់ទៀត គឹមស្រេង មិនដឹងថាអង្គការយកទៅសម្លាប់ទីណាឲ្យច្បាស់លាស់នោះទេ ប៉ុន្តែធ្លាប់ឮអ្នកស្គាល់គ្នារៀបរាប់ថាអង្គការយកទៅសម្លាប់នៅព្រែកក្ដាម។ ចំពោះបងស្រីមួយគ្រួសារទៀត គឹមស្រេង បានទទួលដំណឹងថា អង្គការយកទៅសម្លាប់នៅភ្នំស្រី ភ្នំប្រុស។ នៅពេលបច្ចុប្បន្ន គឹមស្រេង មានកូន៥នាក់(ស្រីម្នាក់) រស់នៅខេត្តតាកែវ ហើយបងប្អូន២គ្រួសារទៀត រស់នៅខេត្តកំពង់ចាម និងខេត្តបាត់ដំបង។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖  ភា រស្មី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin