យោធាដេញបាញ់ ដោយសារផ្លែគមួយផ្លែ

អុឹម សាលី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(បាត់ដំបង)៖ អុឹម សាលី អាយុ៥៦ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃប្រកបមុខរបរជាអ្នកលក់ត្រី។ ភូមិ​របស់គាត់ត្រូវបាន​គ្រប់​គ្រង​​ដោយ​ខ្មែរក្រហមចាប់​តាំងពីឆ្នាំ១៩៧០។ នៅឆ្នាំដដែល ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនទៅធ្វើការនៅ​តាមការដ្ឋាន ពីភូមិមួយទៅភូមិមួយ ដើម្បីបង្កើតជា សហករណ៍ធ្វើការរួម និង ហូបចុករួម ដែលមានកងឈ្លបជាអ្នកមើលការខុសត្រូវ។ ការងារនៅក្នុង​សហករណ៍មានដូចជាកាប់ព្រៃ លើកភ្លឺស្រែ ធ្វើចម្ការ និងដាំដំឡូងជាដើម។

ការដ្ឋាន នៅសម័យនោះអាចមានន័យថា ជាកន្លែងធ្វើការផង និងកន្លែងហូបបាយផង។ ខ្មែរក្រហម បែងចែកមនុស្សជាបីប្រភេទ កម្លាំងស្រួច ឬកងចល័ត ក្រុមកុមារ និងក្រុមចាស់ជរា។ ក្រុមកុមារ ត្រូវធ្វើការស្ទូងស្រូវ និងលើកទំនប់ ជាដើម។ កាលនោះ សាលី មានវ័យប្រហែល ១៤ឆ្នាំ ដែលត្រូវជីកប្រឡាយ លើកប្រព័ន្ធភ្លឺស្រែ មានកម្ពស់កន្លះម៉ែត្រ មួយ​ព្រឹកលើកឲ្យបានបីម៉ែត្រ។ ប្រសិន​បើធ្វើមិនបាន​ ការហូបចុកនឹង​ត្រូវបានកាត់បន្ថយ។ គាត់បន្តថា នៅក្នុង​សម័យនោះ គ្មានសេរីភាពក្នុងការដើរហើរនោះទេ។ ដល់ម៉ោងបាយ ប្រជាជន​ត្រូវយកចានផ្ទាល់ខ្លួនទៅរោងបាយ ដែលកាលនោះនៅឆ្នាំ ​១៩៧១នៅឡើយ។

ឆ្នាំ១៩៧២ ខ្មែរក្រហមចាប់ផ្តើមឲ្យប្រជាជនហូបបបរវិញ ឬបង្អត់អាហារ​ និងប្រមូលសម្ភារៈតាមផ្ទះ ដូចជាមាសប្រាក់ វិទ្យុ សម្រាប់ប្រើប្រាស់រួម។ តែការពិត កម្មាភិបាលខ្មែរក្រហមបានប្រមូលទុកជាកម្មសិទ្ធិផ្ទាល់ខ្លួន។ នៅឆ្នាំដដែល សាលីបានបាយសម្រាប់អាហារ​ពេលព្រឹក និងល្ងាច​បានបបរ។​ រៀងរាល់ម៉ោងបួនភ្លឺ កងកុមារត្រូវងើបទៅធ្វើការ ក្រោយ​ពីលឺសម្លេងជួង។ ខ្មែរក្រហមបាន​វាស់ម៉ែត្រ និងបោះបង្គាលបីម៉ែត្រ សម្រាប់បំពេញការងារមួយព្រឹក តែបើបាន​ប្រាំមួយម៉ែត្រ ល្ងាចឡើងមិនចាំបាច់ធ្វើការ តែហាមមិន​ឲ្យទៅណានោះទេ។ នៅចុងឆ្នាំ១៩៧២ ខ្មែរក្រហមចាប់ផ្តើមស្រាវជ្រាវប្រវត្តិ​រូប និងចាប់មនុស្សដែលធ្វើការនៅសម័យ លន់ នល់យកទៅសម្លាប់ចោល។ សាលី បានបញ្ជាក់ថា ខ្មែរក្រហមស្អប់ការបែងចែកវណ្ណៈ ជាពិសេស«ពួកសក្ដិភូមិ»។

នៅឆ្នាំ១៩៧៣​ សាលី បានស្នើសុំប្រធានយោធាចូលក្នុងកងចល័ត ដែលបានរបបបាយច្រើនជាងកងកុមារ។ តែមិនយូរប៉ុន្មាន គាត់និងអ្នកទាំងអស់បានត្រឹមតែបបរប៉ុណ្ណោះ។ ថ្ងៃមួយ សាលី ឃ្លានពេក បានទៅលួចហូបស្រូវ ដោយមិនដឹងថាយោធានៅឃ្លាំមើលពីលើចុងឈើ គាត់ត្រូវបានចាប់ចងយកទៅយោធាគណៈតំបន់ ដោយគ្មានសង្ឃឹមថាបានរស់រានមានជីវិតនោះទេ ជាសំណាងល្អមេយោ​ធាម្នាក់នោះក៏បានដោះលេងគាត់។ រឿងមួយទៀត គាត់បានបេះផ្លែគ យោធាក៏បានដេញបាញ់ពីក្រោយ និង​ចាប់ខ្លួនគាត់​ឃុំឃាំងកន្លះខែ។ ពូមីងរបស់គាត់ចំនួនប្រាំបីនាក់​ត្រូវបានយកទៅសម្លាប់ដោយមិនដឹងពីមូលហេតុ។ នៅ​ក្នុង​សម័យនេះ សូមបីតែ​ក្នុង​គ្រួសារ​តែ​មួយ ក៏ពុំមានការទុកចិត្តគ្នាទៅវិញទៅមកនោះដែរ។​

ជាចុងក្រោយ សាលី យល់ថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមជារឿងត្រឹមត្រូវ ទៅតាមច្បាប់អន្តរជាតិ។ គាត់គិតថាគួរតែមានការចងក្រងជាឯកសារ ឬសារមន្ទីរ និងការអប់រំនៅតាមសាលារៀន ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានយល់ដឹងពីប្រវត្តិសាស្ត្រ មិនគួរឲ្យបាត់បង់នោះទេ នៅពេលចាស់ៗដូចរូបគាត់លាចាកពីលោកនេះទៅ៕

សម្ភាសន៍ដោយ លឿប សុផៃលីន ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស៊្រាង លីហ៊ួរ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin