កង សុំ៖ ប្រធានអនុសេនាតូចកងពល១៦៤ ប្រចាំការនៅកោះក្រចកសេះ
បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានបញ្ជូន សុំ ឲ្យទៅប្រចាំការនៅលើកោះក្រចកសេះ។ កោះក្រចកសេះ គឺជាកោះមួយក្នុងចំណោមកោះទាំងឡាយ ក្នុងឈូងសមុទ្រថៃ ដែលបារាំងបានកាត់ឲ្យទៅប្រទេសវៀតណាម។ បន្ទាប់ពីទទួលបានជ័យជម្នះនៅ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានតវ៉ាអំពីការត្រួតត្រារបស់វៀតណាម ទៅលើកោះទាំងអស់នៅក្នុងឈូងសមុទ្រថៃនេះ។[1] ការតវ៉ា ចង់កាន់កាប់កោះនានារបស់ អង្គការខ្មែរក្រហម គឺជាការចាប់ផ្ដើមសង្គ្រាមដំបូងបំផុតជាមួយប្រទេសវៀតណាម បន្ទាប់ពីទទួលបានជ័យជម្នះទាំងស្រុងនៅប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់ឈ្មោះ កង សុំ ដែលបានប្រយុទ្ធ និងការពារនៅលើកោះក្រចកសេះ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ និងរឿងរ៉ាវផ្សេងៗរបស់គាត់នៅក្នុងសម័យខ្មែរក្រហមទាំងមូល៖
កង សុំ ភេទប្រុស អាយុ៦៥ឆ្នាំ(២០១៥)។ សុំ មានស្រុកកំណើតនៅភូមិស្ដុក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប្រពន្ធរបស់ សុំ ឈ្មោះ ឈើន រឿង និងមានកូន៥នាក់ ស្រី៤នាក់។ សព្វថ្ងៃ សុំ រស់នៅភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឪពុករបស់ សុំ ឈ្មោះ កង ង៉ែត ហើយម្ដាយឈ្មោះ ខាត់ យ៉ែម និងមានបងប្អូន១២នាក់ ស្រី៦នាក់។ កាលពីក្មេង សុំ ចូលបួសរៀនបាន ៥វស្សា (នេន ២វស្សា និងបំពេញភឹក បាន៣វស្សា)។ នៅឆ្នាំ១៩៧១ សុំ បានសម្រេចចិត្តលាចាកសិក្ខាបទ ដោយសារតែ ខ្មែរក្រហម បានយកនារីទៅធ្វើមេទិញ ប្រឆាំង និងថ្កោលទោសព្រះសង្ឃ។[2]
បន្ទាប់ពីលាចាកសិក្ខាបទ សុំ បានចេញទៅធ្វើជាយោធា ក្នុងកងពលលេខ៩ ជាមួយវៀតណាមខាងជើង។ កងពលលេខ៩ គឺឈរជើងនៅម្ដុំកាត់ភ្លុក វត្តផុង ដើម្បីប្រយុទ្ធជាមួយវៀតណាមខាងត្បូង (ធីវគី)។ ការចូលធ្វើជាយោធានេះ គឺតាមការចាត់តាំងរបស់មេភូមិ មិនមែនជាការស្ម័គ្រចិត្តរបស់ សុំ នោះទេ។ នៅឆ្នាំ១៩៧២ បន្ទាប់ពី តាម៉ុក ទាមទារកងទ័ពមកវិញ សុំ បានចេញមកនៅក្រុម សេ-៤ ឬកវរកងលេខ៤ ដោយមានមេកងឈ្មោះ ណាត, ពីន និងស៊រ។ ទីតាំងរបស់ កងវរលេខ៤ ពេលនោះគឺនៅស្រុក ស្អាង-កោះធំ។ នៅក្នុងវរលេខ៤ សុំ មាននាទីជាអនុសេនាតូច ក្នុងកងហារ។ ក្រោយមកទៀត សុំបានចេញពីវរលេខ៤ ចូលទៅកងពលលេខ១២ ជាមួយឈ្មោះ ណាត និងពីន។ សុំ បានចូលរួមវាយសមរភូមិខាងត្បូងភ្នំពេញរយៈពេល៣ឆ្នាំ ទើបទទួលបានជ័យជម្នះនៅខែមេសា ឆ្នាំ១៩៧៥។
នៅពេលទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ បាន៣ខែ អង្គការ បានចាត់តាំងឲ្យ សុំ ទៅបម្រើការងារនៅក្នុងកងពល១៦៤ និងឈរជើងនៅកោះក្រចកសេះ។ ការផ្លាស់ប្ដូរនេះ គឺដោយសារតែអង្គការគិតថាកងពល១៧០ក្បត់ ហើយខ្លាចកងពលផ្សេងមានការពាក់ព័ន្ធជាមួយអំពើក្បត់នេះ ដូច្នេះបានជាអង្គការដកមេបង្អែកចេញ និងដាក់យោធារបស់អង្គការមកគ្រប់គ្រងជំនួសវិញ។ ប្រធានវរសេនាធំដឹកនាំ និងប្រចាំការនៅកោះក្រចកសេះ មានឈ្មោះថា ស៊ន, ប៉ក់ និងណេន។ ចំណែក សុំ មានតួនាទីជាអនុសេនាតូច គ្រប់គ្រងយោធាប្រមាណ៤០នាក់។ សុំ បានឲ្យដឹងថា នៅលើកោះក្រចកសេះ សម្បូរសត្វរំពេរ ត្រីអណ្ដែងពាន់ ត្រីភ្ទក់ ត្រីទឹកប្រៃ និងដំណាំ ដូង ស្វាយ ខ្នុរ ប៉ុន្តែមិនមានសត្វព្រៃ ដូចកោះក្បែរៗនោះទេ។ ចំណែកស្បៀងអាហារ អង្គការដឹកយកចេញពី កំពង់សោម ទៅឲ្យយោធាដែលការពារកោះនោះ។
បន្ទាប់ពីបានគ្រប់គ្រងទាំងស្រុងលើកោះក្រចកសេះ អង្គការបានរៀបចំការប្រជុំមួយនិយាយអំពីការជម្លៀស ប្រជាជនវៀតណាម ដែលនៅលើកោះនេះឲ្យទៅរស់នៅកោះត្រល់វិញ។ កងពល១៦៤ បានយកកាណូតលេខ៣៧ ចំនួន៤គ្រឿង ដឹកប្រជាជនវៀតណាម ទាំងអស់ចេញទៅ លើកលែងតែតាចាស់ម្នាក់ឈ្មោះ ង៉ុក។ អង្គការ ទុក ង៉ុក ដើម្បីឲ្យជួយជូនយោធាទាំងអស់ ដើរមើលទីតាំងនៅលើកោះក្រចកសេះនេះ ហើយបន្ទាប់មក ង៉ុក ត្រូវបានអង្គការសម្លាប់។ ក្រោយមកបន្ទាប់ពីឃើញកាប៉ាល ម៉ាយ៉ាហ្កេស(មៃយ៉ាហ្គេ) របស់អាមេរិក ចូលមកយកការណ៍ នៅក្បែរកោះតាង ឈ្មោះមុត បានបញ្ជូនយោធាខ្មែរក្រហម រួមទាំង សុំ ឲ្យទៅប្រយុទ្ធគ្នាជាមួយជាមួយកងទ័ពអាមេរិកនៅលើកោះពូលូវ៉ៃ។[3]
ក្រោយមក កងទ័ពវៀតណាមបានលួចចូលទៅលើកោះក្រចកសេះទាំងយប់ និងសម្លាប់យោយធាខ្មែរក្រហម ៨នាក់។ យោធាខ្មែរក្រហមទាំងអស់ដែលនៅលើកោះត្រូវបានវៀតណាមចាប់ដាក់មួយកន្លែង និងរឹបអូសយកកន្សែងសូត្រ នាឡិកា កាំភ្លើង និងសួររកមេបញ្ជាការនៅលើកោះនេះ។ យោធាខ្មែរក្រហមទាំងអស់បានលាក់ ស៊ន, ប៉ក់ និងណេន និងប្រាប់កងទ័ពវៀតណាមវិញថាអ្នកដែលស្លាប់នោះ គឺជាអ្នកគ្រប់គ្រងនៅទីនេះ។ ពេលព្រឹកឡើង វៀតណាម បានយកកាណូតលេខ៣៧ ដឹកយោធាខ្មែរក្រហមទាំងអស់យកទៅឃុំឃាំងនៅកោះត្រល់។[4]
វៀតណាម បានយកយោធាកងពលលេខ ១៦៤ ទាំងអស់ទៅឃុំឃាំងក្នុងបន្ទាយ ធីវគី (វៀតណាមខាងត្បូង) ចាស់។ នៅលើកោះត្រល់ កងពលលេខ១៦៨ ត្រូវចេញទៅក្រៅឃុំដើម្បីធ្វើការងារបោចស្មៅធូរ៉េន និងស្មៅសាវម៉ៅ។ សុំ បានឲ្យដឹងថាប្រជាជននៅលើកោះត្រល់ មានចិត្តល្អណាស់ បានទិញនំចំណីឲ្យអ្នកទោសហូបបន្ថែមទៀត។ លើសពីនេះទៅទៀត យោធាវៀតណាម បានចាត់ចែងឲ្យមានអ្នកដឹកនាំនៅក្នុងក្រុមអ្នកទោស។ មុនពេលវៀតណាមដោះលែង ២ថ្ងៃ កងពលលេខ១៦៤ ទាំងអស់មានគម្រោង ហែកគុក រួចហែលត្រឡប់មកកោះក្រចកសេះវិញ ដែលចំងាយប្រមាណ៧គីឡូ។
បើតាមសម្ដីរបស់ សុំ យោធាខ្មែរក្រហមទាំងអស់បានជាប់ឃុំឃាងនៅលើកោះត្រល់ អស់រយៈពេល៣ខែ មុនពេលវៀតណាមដោះលែង។ ការដោះលែងនេះគឺដោយសារតែ សម្ដេចព្រះ នរោត្តម លោកធ្វើសមាជ និយាយអំពីមិត្តភាព ពិសេសសាមគ្គីភាព មិត្តភាពវៀតណាម និងកម្ពុជា។ មុនពេលយោធាចេញមកកម្ពុជាវិញ វៀតណាម បានចែក ស្បែកជើង មួកមេតាប៉ែ ហើយយកក្រណាត់អង្រឹងកាត់ធ្វើអាវពណ៌ខៀវឲ្យអ្នកទោសទាំងអស់ រួចធ្វើដំណើរចេញមកតាមច្រក ហាទៀង។ ពេលមកដល់ទឹកដីខ្មែរ មានកងពលលេខ៣៥ (យោធាខាងកំពត) ដែលជាយោធា កង ចាប យកឡានទៅចាំទទួល និងដឹកចេញទៅកំពង់សោម។ បើតាមការសង្កេតមើលរបស់ ស៊ី យោធារបស់ខ្មែរក្រហមមានការរើសអើង និងចោទថាអ្នកទោសដែលត្រឡប់មកពីវៀតណាម គឺជា កា សេ បេ និង សេ អ៊ី អា របស់យួន ឬក៏របស់អាមេរិក។
យោធាក្នុងកងពលលេខ១៦៤ ត្រូវបានដឹកយកទៅដាក់នៅអូតែលសុខា ជិតដំណាក់ស្ដេច ដើម្បីប្រជុំបែងចែក សមាជិកទៅកន្លែងផ្សេងគ្នា។ ប្រធានកងពល ស៊ន, ប៉ក់ និងណេន ត្រូវបានអង្គការទម្លាក់ដំណែង និងបែងចែកឲ្យទៅធ្វើការនៅកន្លែងផ្សេងគ្នា។ សុំ ធ្វើការនៅកង១៦៤ដដែល ប៉ុន្តែការងាររបស់គាត់គឺត្រូវធ្វើស្រែនៅអូម្លូ។ ការងាររបស់ សុំ គឺទាញខ្សែ ឲ្យសមាជិក ដក ស្ទូង ក្រឡាឈើត្រង់ នៅតារាងកងកេង និងស្រីអ៊ីកងកេង។ កងពលរបស់ សុំ ធ្វើស្រែ ដកស្ទូងចាប់ពីចំការដូងចេងហេង មកទិសខាងត្បូង រហូតដល់គល់ស្ពានទឹកសាប។ សុំ ធ្វើការងារ ដក ស្ទូង បាន ៤ខែ អង្គការចាប់ផ្ដើមជ្រើសរើសយោធា ទៅប្រយុទ្ធជាមួយវៀតណាម នៅខាង ត្រឡោកបែក, ចន្ទ្រា, រមាសហែក និងសូត្រសំរោង។
សុំ បានចូលកងពល ៧០៣[5] ជាមួយឈ្មោះ ឌី, ស៊ង និងពីន ហើយឈ្មោះ សារឿន និងញ៉ាន់ គឺជាអ្នកដឹកនាំយុវជនពីកងពល១៦៤ ចំនួន១៤នាក់ ចូលទៅកងពល៧០៣។ នៅក្នុងកងពល ៧០៣ សុំ បានចូលធ្វើការងារក្នុងកងពិសេស ដែលជាកងពលស៊ើបការណ៍ពីទីកន្លែងរបស់វៀតណាម ដើម្បីឲ្យយោធាខ្មែរក្រហមវាយចូលទៅ។ នៅក្នុងកងពលពិសេសមានសមាជិក១៥០នាក់ ហើយ សុំ គឺជាប្រធានកងពល។ សុំ បានឲ្យដឹងថា ក្រុមរបស់គាត់បានចូលទៅស៊ើបការណ៍ ដល់រោងចក្រស្ករ ខេត្តតៃនិញ ក្នុងប្រទេសវៀតណាម។ សុំ បានបន្តថា ដើម្បីសម្គាល់សមាជិក ក្រុមរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ មូលដៃម្ខាង ហើយគ្រប់សកម្មភាពទាំងអស់គឺធ្វើឡើងនៅពេលយប់។ បន្ទាប់ពីចូលទៅស៊ើបការណ៍ ក្រុមរបស់ សុំ ត្រូវគូរផែនទីថ្មើរជើងឲ្យយោធាខ្មែរក្រហមចូលទៅវាយបន្ទាយវៀតណាម។
បើតាមសម្ដីរបស់ សុំ ការប្រយុទ្ធគ្នានៅព្រំដែន ខេត្តស្វាយរៀង បានធ្វើឲ្យទាហានវៀតណាម និងយោធាខ្មែរក្រហម ស្លាប់អស់ជាច្រើនអ្នក។ សាកសពយុវជនខ្មែរក្រហម ភាគច្រើនបានដឹកយកទៅកប់នៅព្រៃឈរ ព្រំប្រទល់ខេត្តព្រៃវែង។ នៅចុងឆ្នាំ១៩៧៨ ទាហានវៀតណាម វាយសម្រុកចូលមកកាន់ប្រទេសកម្ពុជាកាន់តែខ្លាំង។ កងពលរបស់ សុំ ទាំងអស់បានរត់ចេញពីសមរភូមិផ្លូវជាតិលេខ៧ មកកាន់ សមរភូមិអ្នកលឿង ដើម្បីទប់ទល់ជាមួយទាហានវៀតណាម។ នៅសមរភូមិអ្នកលឿង យន្តហោះមកទម្លាក់គ្រាប់បែក ហើយអំបែងគ្រាប់បែកបានខ្ទាតមកត្រូវភ្លៅរបស់ សុំ។
ពេលត្រូវរបួស សុំ បានមកសម្រាកនៅពេទ្យ ៦ មករា ប៉ុន្តែមិនបានមួយសប្ដាហ៍ផង គាត់ត្រូវជម្លៀសតាមរទេះភ្លើងរត់ទៅនៅខេត្តពៅធិ៍សាត់។ សុំ បានជិះរថភ្លើង មកឈប់នៅ ពោធិ៍សាត់ ហើយបន្តដំណើរដោយថ្មើរជើងរហូតដល់ ស្រុកថ្មគោល ខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង សុំ និងសមាជិករបស់គាត់មួយចំនួនបានចូលរួមជាមួយកងពលលេខ៦០៣ ភូមិភាគកណ្ដាល ដើម្បីទប់ទល់ជាមួយកងទ័ពវៀតណាម។ នៅថ្មគោល សុំ ទទួលខុសត្រូវ ពេទ្យ ព១, ព២, ពេទ្យ ១៧មេសា និងពេទ្យ ៦មករា។ សុំ ធ្វើការងារនៅសមរភូមិថ្មគោល បានកន្លះខែ ទើបគាត់រត់ទៅជាមួយប្រជាជនបន្តទៀតដើម្បីចូលទៅក្នុងទឹកដីប្រទេសថៃ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីបានរស់នៅក្នុងជំរំសាយអេច សុំ បានរៀបការជាមួយឈ្មោះ ឈើន រឿង ដែលជាប្រជាជនជម្លៀសចេញពី ខេត្តព្រៃវែង។ ពេលនៅក្នុងជំរំ សុំ ធ្វើជាតួសម្ដែង ល្ខោន យីកេ ដើម្បីប្ដូរយកត្រីខ មកចិញ្ចឹមប្រពន្ធ។ ក្រោយមកទៀត នៅពេលដែល សុំ ធ្លាក់ខ្លួនឈឺ គាត់ត្រូវបានបញ្ជូនឲ្យទៅព្យាបាលខ្លួននៅភ្នំក្រង៉ុក និងជំរំស្រះកែវ រហូតដល់ជាសះស្បើយ។ ពេលត្រឡប់មកវិញ សុំ បាននាំប្រពន្ធរបស់ខ្លួនដែលរៀបឡើងលើយន្តហោះទៅបរទេស ឲ្យត្រឡប់មកកាន់ភូមិចាស់វិញ។ ពេលមកដល់ភូមិ សុំ ចូលធ្វើជាយោធា ក្នុងតួនាទីជាអនុសេនាតូច រហូតដល់ផ្ដាច់ខ្លួនសមាហរណកម្ម។ បន្ទាប់ពីមានសមាហរណកម្ម សុំ ទទួលបានស័ក្ដិ២ ឈរជើងនៅឡែម និងទទួលបានប្រាក់ខែ ៦០០។[6]
អត្ថបទដោយ៖ ភា រស្មី
[1] ណាយ៉ាន់ ចាន់ដា, បកប្រែ ទេព ម៉េងឃាន, ពិនិត្យនិងកែសម្រួល ឆាំង យុ, សត្រូវបងប្អូនឯង (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០០៧) ទំព័រទី១៣។
[2] ឯកសារលេខ BBI0114.(២០១៥). បទសម្ភាសជាមួយ កង ស៊ី ដោយ ឡុង ដានី នៅខែ មីនា ឆ្នាំ២០១៥. មជ្ឈមណ្ឌលឯកសារកម្ពុជា.
[3] ណាយ៉ាន់ ចាន់ដា, បកប្រែ ទេព ម៉េងឃាន, ពិនិត្យនិងកែសម្រួល ឆាំង យុ, សត្រូវបងប្អូនឯង (ភ្នំពេញៈ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០០៧) ទំព័រទី០៩។ នៅក្នុងសៀវភៅបានសរសេរថា កប៉ាល់ ម៉ៃយ៉ាហ្គេ របស់អាមេរិក ត្រូវបានរុញច្រានដោយទឹករលក ហើយទម្លាក់យុថ្កាឈប់នៅនៅត្រង់សមុទ្រក្បែរកោះតាង។ កាលពីថ្ងៃទី១២ ឧសភា នាវាតូចមួយរបស់កម្ពុជាដែលផ្ទុកទៅដោយយុទ្ធជនក្មេងៗក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបានវាយដណ្ដើមយកនាវានេះដោយកម្លាំងនៅក្នុងលំហសមុទ្រត្រង់តំបន់កោះពូលូវ៉ៃ។ លោកប្រធានាធិបតី ហ្សេរ៉ាល់ ហ្វ័រដ៍ បានបញ្ហាឧទ្ធម្ភាគចក្រមួយ មកជួយកប៉ាល់ ម៉ៃយ៉ាហ្គេ ប៉ុន្តែត្រូវបាន យោធាខ្មែរក្រហមវាយកម្ទេច…។
[4] ណាយ៉ាន់ ចាន់ដា, បកប្រែ ទេព ម៉េងឃាន, ពិនិត្យនិងកែសម្រួល ឆាំង យុ, សត្រូវបងប្អូនឯង (ភ្នំពេញៈ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០០៧) ទំព័រទី១៣។ នៅក្នុងសៀវភៅបានរៀបរាប់ថា ខ្មែរក្រហមបានវាយលុកតាមផ្លូវសមុទ្រចូលទៅត្រួតត្រាលើកោះនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៧៥។ ប្រាំថ្ងៃក្រោយមក ខ្មែរក្រហមបានវាយយកកោះ ពូឡូប៉ង់ហ្សង់ វៀតណាមហៅថូជូ ខ្មែរហៅកោះក្រចកសេះ។ ក្រោយការគំរាមហំហែងនៃអាវុធប្រជាជនវៀតណាម ៥០០ នាក់ ត្រូវបានបណ្ដេញចេញពីទីនោះ។ ពីរសប្ដាហ៍ក្រោយ ការកាន់កាប់របស់ខ្មែរក្រហម វៀតណាមបានបើកការវាយបកមួយសងទៅវិញដោយបានសម្លាប់ខ្មែរក្រហមអស់ជាច្រើននាក់ និងចាប់បាន៣០០នាក់ជាឈ្លើយសឹក។
[5] ហ៊ុយ វណ្ណៈ, កងពលខ្មែរក្រហមលេខ ៧០៣៖ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៣) ទំព័រទី៣។ នៅក្នុងសៀវភៅបានសរសេរថា៖ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ១៩៧៥ ពីធីចាត់តាំងកងទ័ពបដិវត្តន៍របស់មជ្ឈិមបក្សកុម្មុយនិស្ដកម្ពុជា ត្រូវបានរៀបចំឡើងក្នុងបរិវេណពហុកីឡាដ្ឋានអូឡាំពិក ក្រោមអធិបតីភាពរបស់សមមិត្ត សុន សេន រដ្ឋមន្ត្រីក្រសួរការពារប្រទេស ទទួលបន្ទុកសេនាធិការ និងសន្តិសុខ និងតំណាងគ្រប់អង្គភាពនៃកងទ័ពបដិវត្តន៍ប្រមាណ៣ពាន់នាក់។ ចាប់តាំងពីពេលនោះ កងពលលេខ១២ ត្រូវប្ដូរទៅជា “កងពលលេខ៧០៣”។
[6] ឯកសារលេខ BBI0114.(២០១៥). បទសម្ភាសជាមួយ កង ស៊ី ដោយ ឡុង ដានី នៅខែ មីនា ឆ្នាំ២០១៥. មជ្ឈមណ្ឌលឯកសារកម្ពុជា.