កែវ ជ្រន៖ ជីវិតកងទ័ពមិនចេះស្រួលនោះទេ
កែវ ជ្រន អាយុ៦៣ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ ជ្រន បានស្ម័គ្រចិត្តចូលធ្វើជាយោធាក្នុងកងពល១៦៤ វាយជាមួយទាហាន លន់ នល់។ នៅពេលវាយជាមួយទាហាន លន់ នល់ កងទ័ពទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចលនាបដិវត្តន៍ ហើយការហូបអាហារគឺគ្រប់គ្រាន់។ ក្រោយមក ជ្រន បានប្ដូរទៅក្នុងកងពលលេខ ២២១។
ចូលដល់ឆ្នាំ១៩៧៥ កងទ័ពបដិវត្តន៍ បានទទួលជ័យជម្នះលើទាហាន លន់ នល់ ហើយប្រទេសជាតិស្ថិតនៅក្រោមការគ្រប់គ្រងនៃរបប ប៉ុល ពត។ នៅក្រោមការគ្រប់គ្រងរបស់អង្គការ កងទ័ពនៅតាមព្រំដែនជួបប្រទះនូវការអត់ឃ្លានដូចប្រជាជននៅតាមមូលដ្ឋានដែរ ហើយនៅពេលដែលមានជំងឺ កងទ័ពទាំងនោះមិនមានថ្នាំព្យាបាលត្រឹមត្រូវនោះទេ។ ជ្រន បានរៀបរាប់ថា ជីវិតជាកងទ័ពគឺមិនស្រួលនោះទេ។ ពេលមានសង្គ្រាម គាត់ត្រូវប្រចាំការនៅតាមព្រំដែន ខេត្តស្វាយរៀង និងកំពង់សោម ប៉ុន្តែពេលគ្មានសង្គ្រាម គាត់ត្រូវជួបប្រទះនូវការអត់ឃ្លាន។ បន្ទាប់មក អង្គការបានបញ្ជូនយោធាទៅប្រយុទ្ធជាមួយវៀតណាមបន្តទៀត។
នៅឆ្នាំ១៩៧៩ អំឡុងពេលដែល កងទ័ពរំដោះចូលមក ជ្រន បានរត់ភៀសខ្លួនទៅនៅ ដំណាក់គ្រាំ ខេត្តពោធិ៍សាត់។ នៅដំណាក់គ្រាំ ជ្រន បានដើរទៅជួបសាកសពមនុស្សជាច្រើននាក់ ដែលអង្គការបានសម្លាប់ទម្លាក់ក្នុងអូរ។ នៅក្នុងអូរ ជ្រន បានឃើញសភាពសាកសព ហើមស្អុយ ខ្លះនៅសល់តែឆ្អឹង, ខ្លះទៀតរលួយ និងខ្លះទៀតនៅថ្មីៗ ដែលមើលទៅគួរឲ្យខ្លោចផ្សាក្នុងចិត្ត។ ចំណែកឯនៅជុំវិញអូរ ជ្រន បានឃើញគល់ឫស្សីដែលមានឈាមប្រឡាក់ពេញ ប៉ុន្តែគាត់មិនបានឃើញអ្នកសម្លាប់នោះទេ។ បន្ទាប់មកទៀត ជ្រន បានសម្រេចចិត្តចូលធ្វើជាទាហានសម័យរដ្ឋកម្ពុជាមួយឆ្នាំបន្ថែមទៀត មុនពេលត្រលប់មករស់នៅខេត្តតាកែវវិញ។
នៅក្នុងសម័យខ្មែរក្រហម ជ្រន បាត់បង់បងប្អូនចំនួន៤នាក់ ក្នុងនោះមានប្អូនប្រុស២នាក់ និងបងស្រី២នាក់។ ជ្រន មិនបានដឹងថាបងប្អូនរបស់គាត់ស្លាប់ដោយសារតែមូលហេតុអ្វីនោះទេ ប៉ុន្តែគាត់គិតថា អង្គការចាប់យកទៅសម្លាប់ដោយសារតែបងប្អូនរបស់គាត់លួចអ្វីបន្តិចបន្តួច។
ជ្រន បានឲ្យដឹងទៀតថា គាត់មិនដែលបានតាមដានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែគាត់ពេញចិត្តក្នុងការកាត់ទោសនេះ ព្រោះការកាត់ទោសបានផ្ដល់ភាពយុត្តិធម៌ដល់ប្រជាជន។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ជ្រន មានជំងឺក្រពះ និងលើសសម្ភាធឈាម។ ដើម្បីព្យាបាលជំងឺ ជ្រន ទៅទទួលថ្នាំពេទ្យពីមណ្ឌលសុខភាពយកមកលេប រួមផ្សំជាមួយហូបថ្នាំខ្មែរ។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ មឿន ហាច ថ្ងៃទី២៤ ខែសីហា ២០២១