បង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម

កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) (រូបតំណាង)

នៅអាយុ១៨ឆ្នាំ លឿ បានបង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម តាមការអូសទាញរបស់ប្រធានភូមិ។ ការចូលបដិវត្តន៍របស់ លឿ កើតឡើងបន្ទាប់ពី សម្ដេចព្រះ នរោត្តម សីហនុ(ព្រះបរមរតនកោដ្ឋ) ប្រកាសឲ្យកូនចៅចូលព្រៃម៉ាគី។ នៅឆ្នាំ១៩៧១ លឿ បានស្នើសុំអង្គភាពត្រលប់មកភូមិកំណើតវិញ ព្រោះគាត់កើតជំងឺគ្រុនចាញ់។ ប៉ុន្តែពេលមកដល់ផ្ទះ គាត់ត្រូវបានប្រជាជននៅក្នុងភូមិរើសអើង។ លឿ បានសម្រេចចិត្តត្រលប់ចូលទៅធ្វើជាយោធាវិញ និងបានធ្លាក់ខ្លួនពិការជើង ដោយសារត្រូវគ្រាប់កាំភ្លើង។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់ លឿ ចាប់តាំងពីគាត់នៅជាកុមារភាព រហូតដល់ខ្មែរក្រហមដួលរលំ៖

ឈ្មោះ កែវ លឿ[1] ហៅផល ភេទប្រុស អាយ៥៤ឆ្នាំ(២០០៥)។ លឿ រស់នៅភូមិជាំផល ឃុំមានជ័យ ខេត្តកំពង់ធំ។ ឪពុកឈ្មោះ កែវ លាង និងម្ដាយឈ្មោះ សន។ សឿ មានបងប្អូន ៣នាក់។ ប្រពន្ធរបស់ លឿ ឈ្មោះ សុខ សារ៉េត និងមានកូន៨នាក់។ កាលពីក្មេង លឿ បានចូលបួសរៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់ដែលស្មើនឹងថ្នាក់ទី៣ បច្ចុប្បន្ន) នៃសាលាបាលី ក្នុងវត្ត ងន។ នៅឆ្នាំ១៩៧០ លឿ បានឈប់រៀន ហើយលាចាកសិក្ខាបទត្រលប់មកផ្ទះវិញ ដោយសារតែមានសង្គ្រាមនិងរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែងប្រមុខរដ្ឋ។ ពេលមកដល់ផ្ទះ លឿ ចាប់ផ្ដើមជួយធ្វើស្រែ ឪពុក ម្ដាយ។

ក្រោយមកទៀត នៅពេល លឿ រស់នៅជាមួយគ្រួសារបាន៣ខែ  ប្រធានភូមិឈ្មោះ ចាន់ បញ្ជូនគាត់ឲ្យទៅធ្វើជាយោធា។ លឿ បានឲ្យដឹងថា គាត់មិនចង់ទៅធ្វើជាយោធានោះទេ ប៉ុន្តែដោយសារតែខ្លាចឪពុករបស់គាត់ត្រូវទទួលរងទារុណកម្ម គាត់បានយល់ព្រមទៅ។ លឿ បានធ្វើដំណើរចេញពីភូមិជាមួយយុវជនចំនួន២៣នាក់ផ្សេងទៀត។ ក្នុងចំនោមនោះ មានតែយុវជន៣នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតដល់​សព្វថ្ងៃ។ លឿ បានហាតក្បួនយោធានៅស្រុកសណ្ដាន់ ហើយ២ខែក្រោយមកគាត់ទទួលបានតួនាទីជាគ្រូបង្ហាត់យុវជនថ្មីៗដែល អង្គការបញ្ជូនមក។

នៅឆ្នាំ១៩៧១ លឿ បានស្នើសុំអង្គភាពត្រលប់ទៅផ្ទះវិញ នៅពេលដែលខ្លួនកើតជំងឺគ្រុនចាញ់។ នៅក្នុងសហករណ៍ ប្រជាជនទាំងអស់មិននិយាយស្ដីជាមួយ លឿ ទេ ព្រោះគិតថា គាត់ជាយោធា រត់​ត្រលប់មកផ្ទះវិញ។ បន្ទាប់ពីទទួលបានការរើសអើងពីអ្នកភូមិ លឿ បានសម្រេចចិត្តចូលទៅធ្វើជាយោធាវិញ បន្ទាប់ពីសម្រាកអស់រយៈពេល៣ខែ។ លឿ បានចេញដំណើរពីភូមិជាលើកទី២ និងចូលមកហ្វឹកហាត់ក្បួនទ័ពបន្ថែមទៀត នៅក្នុងជំរំ១០ និង១១។ ពីរខែក្រោយបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ លឿ បានបន្តធ្វើជាយុទ្ធជនក្នុងកងពល៣១០ និងកាន់កាំភ្លើងចុះសមរភូមិ។ សមរភូមិដំបូងរបស់ លឿ គឺនៅដេសែប រួចបន្តទៅប្រម៉ាត់ដី អូក្អែកព, សាន់គ និងរលួស។ លឿ បានប្រយុទ្ធក្នុងសមរភូមិជុំវិញខេត្តកំពង់ធំ និងបានឡើងឋានៈ តួនាទីជាអនុកងតូចគ្រប់គ្រង យុទ្ធជនចំនួន៣០នាក់។

នៅឆ្នាំ១៩៧៣ សំបូរ ដែលជាប្រធានកងពល និងយាន ជាអនុប្រធាន បានបញ្ជូន លឿ ឲ្យទៅភ្នំគូលែន ខេត្តសៀមរាប ដើម្បីទទួលសម្ដេចព្រះ នរោត្តម សីហនុ ដែលយាងមាតុភូមិនិវត្តពីទីក្រុងប៉េកាំង។ បើតាមសម្ដីរបស់ លឿ សម្តេចព្រះ នរោត្តម សីហនុ យាងត្រលប់មកវិញនេះ គឺដើម្បីសួរសុខទុក្ខកូនចៅដែលចូលតស៊ូព្រៃម៉ាគី និងលើកទឹកចិត្តប្រជាជនខ្មែរទាំងអស់ឲ្យខិតខំប្រឹងប្រែតស៊ូប្រយុទ្ធជាមួយចក្រពត្តិអាមេរិក លន់ នល់ បន្តទៀត។ លឿ បាននិយាយបន្ថែមអំពីព្រះរាជបន្ទូលរបស់ព្រះអង្គថា “នៅពេលដែលទទួលបានជ័យជម្នះ ប្រទេសកម្ពុជានឹងវិលត្រលប់ទៅដូចសម័យសង្គមរាស្រ្ដនិយមវិញ និងមិនឲ្យកូនចៅធ្វើសង្គ្រាមទៀតទេ”។ យោងតាមសៀវភៅ «សាក្សីប្រវត្តិសាស្ដ្រ» មានមនុស្សប្រហែល១ម៉ឺននាក់បានចូលគាល់ព្រះអង្គ ដែលក្នុងនោះរួមមានព្រះសង្ឃ, យុទ្ធជន និងប្រជាជន។ ក្នុងអំឡុងព្រះរាជដំណើររយៈពេល​ជាង១ខែ ព្រះអង្គបានជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃចលនាតស៊ូនៅក្នុងប្រទេស ដូចជា សាឡុត ស(ប៉ុល ពត) ដែលកាលនោះមិនទាន់បង្ហាញសមាសភាពពិតរបស់ខ្លួនក្នុងឋានានុក្រមកុម្មុនីយ្ដកម្ពុជា ហើយនៅតែបន្ត “លាក់បាំងខ្លួន” នៅពីក្រោយខ្នង ខៀវ សំផន ដែលជាឧបនាយករដ្ឋមន្ត្រីនៃរណសិរ្យរួបរួមជាតិកម្ពុជា។ ព្រះអង្គបានជួបជាមួយនិង ហូ នឹម (រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរណសិរ្សរួមជាតិកម្ពុជា), ហ៊ូ យន់ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃរណសិរ្សរួមរួមជាតិកម្ពុជា និងអ្នករួមដំណើរដទៃទៀត។[2]

ក្រោយមក លឿ បានត្រលប់មកអង្គភាព វរៈសេនាតូច ៣១៧ ក្នុងកងពល៣១០វិញ និងបន្តចុះបេសកកម្មនៅ ខេត្តកំពង់ស្ពឺ។ នៅខេត្តកំពង់ស្ពឺ លឿ បានប្រយុទ្ធជាមួយ ទាហាន លន់ នល់ ម្ដុំ វង់ភេ, កាណាតពង, បែកចាន និងខាងលិច២៦។ បីខែក្រោយមក ក្រុមរបស់លឿ បានប្ដូរមកខេត្តកំពង់ធំវិញ និងប្រយុទ្ធគ្នានៅសមរភូមិរលួស រហូតដល់ដាច់ឆ្នាំ១៩៧៤។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧៤ លឿ បានទទួលឋានៈជាអនុប្រធានកងវរសេនាតូច បន្តពីឈ្មោះគឹម។ ការដែល លឿ ឡើងតួនាទីនេះគឺដោយសារតែ អង្គការរកឃើញថា សំបូរ បានក្បត់ ចូលដៃជាមួយកម្លាំង លន់ នល់ ។ អង្គការបានបាញ់ សំបូរ សម្លាប់ភ្លាមៗនៅលើអង្រឹងនៅភ្នំសន្ទុក។

នៅឆ្នាំ១៩៧៥ លឿ បាននាំយោធារបស់ខ្លួនចូលទៅវាយសមរភូមិភ្នំពេញ។ ​នៅសមរភូមិភ្នំពេញ ក្រុមរបស់ លឿ ឈរជើងនៅស្ពានសត្ថា (ព្រែកព្នៅ)។ នៅពេលប្រយុទ្ធគ្នានៅភូមិធំស្លែង ជើងរបស់ លឿ បានត្រូវគ្រាប់កាំភ្លើងបណ្ដាលឲ្យបែកឆ្អឹង។ ដូច្នេះ គាត់បានធ្លាក់ខ្លួនពិការនិងត្រូវសម្រាកនៅមន្ទីរពេទ្យ។ ពេលរបួសដំបូង លឿ សម្រាកបាន៦ខែ ដោយ២ខែដំបូង សម្រាកនៅមន្ទីរពេទ្យភូមិក្រសាំង ខេត្តកំពង់ស្ពឺ ហើយបន្តមកសម្រាកនៅ ភូមិភាគអូរក្រវ៉ាន់ ស្រុកបារាយណ៍។ នៅពេលព្យាបាលបានជាសះស្បើយ លឿ បានឡើងទៅអង្គភាព ៣១០វិញ និងបាននៅជាមួយ គឹម។ នៅកងពល ៣១០ លឿ មិនទាន់បានធ្វើការងារអ្វីនោះទេ រហូតដល់ឆ្នាំ១៩៧៦ ទើបគាត់ចូលក្នុងអង្គភាព ក៤ ម្ដុំឃ្នួញ។ អង្គភាព ក៤ គឺជាអង្គភាពថ្មីមួយដែលបង្កើតឡើងសម្រាប់ចងក្រងអ្នកពិការដូចជា កឿន ដើម្បីធ្វើស្រែ ឬការងារផ្សេងៗតាមដែលអាចធ្វើទៅបាន ដោយមានអ្នកដឹកនាំដោយឈ្មោះ ទឺ(ប្រធានវរៈ)។ ក្នុងអង្គភាពនេះ លឿ មានតួនាទីជាកងធំ។

នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការបានចោទប្រកាន់កម្មាភិបាលនៅក្នុងកងពល៣១០ ថាក្បត់បដិវត្តន៍ និងបានចាប់ប្រធានកង និងអនុកងពល វរៈសេនាធំទាំងអស់យកទៅ។ បន្ទាប់មក លឿ បានឡើងតួនាទីជាអនុវរៈ ហើយឈ្មោះ សី ឡើងជំនួសឈ្មោះ ទឺ។ រហូតដល់ ខែធ្នូ ឆ្នាំ១៩៧៧ អង្គការបានបែងចែកកម្មាភិបាលម្ដងទៀត ដើម្បីបង្កើតជាអង្គភាពថ្មីលេខ ៣១៧ នៅកប់ស្រូវ ហើយក្នុងនោះក៏មាន លឿ ដែរ។ នៅក្នុងអង្គភាពថ្មី លឿ និងអ្នកផ្សេងទៀតត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការធ្ងន់ជាងមុន ដើម្បីលុតដំខ្លួន។ ជារៀងរាល់ថ្ងៃ លឿ ត្រូវក្រោកតាំងពីម៉ោង៣ទៀបភ្លឺ និងទទួលបានអាហារពេលថ្ងៃត្រង់នៅម៉ោង១រសៀល។ អាហារមួយពេលទៀតគឺនៅម៉ោង១០យប់។[3]

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៨ អង្គការបានបញ្ជូន លឿ ឲ្យទៅធ្វើព្រលានយន្តហោះនៅ ខេត្តកំពង់ឆ្នាំង។ ពីរខែក្រោយមក លឿ បានជួបមិត្តម្នាក់ឈ្មោះ ផាន ជាអនុប្រធានវរៈ ដែលធ្លាប់វាយសមរភូមិ លន់ នល់ ខាងភូមិភាគបជ្ឈិម ជាមួយគ្នា។ ផាន បានសុំទៅអង្គការដើម្បីបញ្ជូន លឿ ឡើងទៅភ្នំពេញរៀនផ្នែកបច្ចេកទេសសាងសង់ព្រលានយន្តហោះរយៈពេល៣ខែ។ ពេលបញ្ចប់ការសិក្សា លឿ ទទួលបានចំណាត់ថ្នាក់លេខ២ទូទាំងប្រទេស ហើយគាត់បានត្រលប់ទៅធ្វើការងារនៅ ខេត្តកំពង់ឆ្នាំងវិញ។ ពេលត្រលប់មកវិញ លឿ បានចូលធ្វើការងារថ្លឹងដី ដែលជាការងារមួយមានលក្ខណៈធូរស្រាលជាងពីមុន។   ប្រធានដែលដឹកនាំនៅការដ្ឋាននេះ មានឈ្មោះថា កៅល្វៃ ប្រធានកងពលជើងទឹក ជើងអាកាស ដែលមានអ្នកក្រោមបង្គាប់ដូចជា ម៉េត និងឃួង។  លឿ បានធ្វើការនៅប្រលានយន្តហោះកំពង់ឆ្នាំង រហូតដល់ខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ពេលបែកខ្មែរក្រហម លឿ បានធ្វើដំណើរទៅផ្ទះជួបឪពុកម្ដាយវិញ៕

ដោយ ភា រស្មី


[1] ឯកសារលេខ I03383 ប្រវត្តិរូបកម្មាភិបាលខ្មែរក្រហម (នៅក្នុងឯកសារសរសរឈ្មោះ សោម លឿ), បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] បកប្រែដោយ ហូលីយ៉ូ អេ.ហៃលឌ្រេស, សាក្សីប្រវត្តិសាស្រ្ដ សៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ( ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២៣) ទំព័រទី៦៧ និងទី១៤។

[3] កែវ លឿ បទសម្ភាសន៍ដោយ ផាន់ សុជា, គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability)(ខេត្តកំពង់ធំ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០០៥)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin