មួយនាក់មួយចានចង្កឹះ

កែប ថា (កណ្ដាល) រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និង ហ៊ លីនីត

(ស្ទឹងត្រែង)៖ កែប ថា មានអាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកឈ្មោះ កែន ឈន និង ម្ដាយឈ្មោះ មិច មេត។ កែប ថា មានបងប្អូនចំនួន៣នាក់។ សព្វ​ថ្ងៃគាត់ជាកសិករនៅភូមិអូរស្វាយ និងមានកូនចំនួន ២នាក់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមតម្រូវឲ្យ កែប ថា ធ្វើការនៅក្នុងកងកុមារដោយដើរកាត់ទន្រ្ទានខេត្ត សម្រាប់ធ្វើជី លើក​​ដីធ្វើទំនប់ និង ដាក់បាយឲ្យជ្រូកជាដើម។ ខ្មែរក្រហម​បានជម្លៀសគាត់ និងឪពុកម្តាយចេញពីភូមិមករស់នៅភូមិអូររនោង ហើយបន្តទៅរស់នៅតាមសហករណ៍នីមួយៗ។

នៅភូមិនោះដែរ ក៏មានការសម្លាប់មនុស្សជាច្រើន ដោយមិនឲ្យប្រជាជនក្នុងសហករណ៍ឃើញផ្ទាល់ភ្នែកនោះទេ នេះបើតាមការលើកឡើងរបស់ កែប ថា ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

កែប ថា បាននិយាយប្រាប់​ទៀតថា គាត់ត្រូវធ្វើការហួសកម្លាំង ទាំងមានជំងឺ គ្មានការឈប់សម្រាក និងហូបចុកមិនបានគ្រប់គ្រាន់ជាដើម។

ក្នុងអាហារមួយពេល កុមារទាំងអស់បានត្រឹមតែបបរលាយជាមួយទឹកអំបិល ក្នុងមួយនាក់មួយចានចង្កឺះសម្រាប់បរិភោគ។ ដំឡូងដែលដាំបានជុំវិញផ្ទះ មិនអនុញ្ញាតឲ្យបរិភោគ ឬលួចហូបនោះទេ។ ប្រសិនបើខ្មែរក្រហមចាប់បាន ប្រជាជន​នឹង​ត្រូវ​បាន​ទិតៀន ឬយកទៅអប់​រំកសាង។

ដោយសារឃើញដូច្នេះ ទើបម្តាយរបស់គាត់ បានចែក​រំលែករបបអាហារផ្ទាល់ខ្លួនឲ្យកូនៗ។

នៅពេលកងទ័ពវៀតណាមចូលមកដល់ក្នុងភូមិនៅឆ្នាំ១៩៧៨ សមាជិកគ្រួសាររបស់ កែប ថា បានរត់គេច និងលាក់ខ្លួនតាមដងអូរ ឬប្រឡាយនៅជិតភូមិព្រះនង្គ័ល។

នៅក្រោយឆ្នាំ១៩៧៩ កែប ថា បានវិលត្រឡប់មករស់នៅភូមិអូរស្វាយវិញ។ នៅពេលនោះក្នុងភូមិមានសភាពស្ងប់ស្ងាត់ ដោយ​មានប្រជាជនតែប្រហែលជាង ៣០ គ្រួសារប៉ុណ្ណោះ។

កែប ថា និងគ្រួសារបានចាប់ផ្តើមជីវិតសារជាថ្មី ក្នុងនាមជាកសិករ និងអ្នកនេសាទ។ ការនេសាទនៅក្នុងអំឡុងឆ្នាំ១៩៨០ គឺសម្បូរទៅដោយត្រី។ តែបច្ចុប្បន្នការនេសាទត្រីមានការធ្លាក់ចុះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារការបាក់រលំព្រៃ និងដើមឈើលិចទឹកជាបន្តបន្ទាប់ដែលជាទីជម្រកត្រីពង ហើយរួមទាំងកត្តាមួយចំនួនដូចជាការសាងសង់វារីអគ្គិសនី ដែលធ្វើឲ្យកម្ពស់ទឹកទាបជាងមុន និងការនេសាទខុសច្បាប់ដូចជាការប្រើប្រាស់​​​ឧបករណ៍ឆក់ជាដើម។

ក្រៅពីនេសាទ និងធ្វើស្រែចម្ការ កែប ថា ប្រកបរបរលក់ដូរបន្តិចបន្តួចសម្រាប់ចិញ្ចឹមគ្រួសារ និងមានក្ដីព្រួយបារម្ភពីអនាគតនៃការនេសាទនៅតាមដងទន្លេមេគង្គសម្រាប់កូនចៅជំនាន់ក្រោយ៕

សម្ភាសន៍ដោយ ហ៊ លីនីត ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin