ដំណើរភៀសខ្លួនទៅប្រទេសឡាវ

ខាំផន ស៊ីទុន រស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៥៩ ខាំផន ស៊ីទុន ភេទប្រុស មានអាយុ ៦៥ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ីទុន មានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ ស៊ីទុន រស់នៅជាមួយកូនប្រុសស្រីពីរនាក់ និងប្រកបរបរជាអ្នកនេសាទនៅកោះល្ង។

ឪពុកម្ដាយរបស់ ស៊ីទុន គឺជាអ្នករស់នៅ ធ្វើស្រែចម្ការ និងនេសាទត្រី នៅតំបន់កោះល្ងតាំងពីមុនមក(មិនដឹងឆ្នាំ) និងមានបងប្អូនរស់នៅប្រទេសឡាវ។ នៅឆ្នាំ១៩៧០ ប្រជាជននៅកោះល្ងទាំងអស់ បានពិភាក្សានិងសម្រេចចិត្តធ្វើដំណើរភៀសខ្លួន ដោយអុំទូកទៅក្នុងថ្ងៃតែមួយទៅសម្រាកនៅកំពង់ចេក មុនបន្តដំណើរអុំទូកទៅរស់នៅភូមិដែល ស៊ីទុន ស្គាល់ថា ភូមិកន្ទុយខន និងកោះសាន់ឡាត នៃខេត្តអាចម៍ក្រពើ ប្រទេសឡាវ។

ស៊ីទុន បានបញ្ជាក់ថា ប្រជាជនចាកចេញរយៈពេលពីរថ្ងៃប៉ុណ្ណោះ មុនការចូលមកដល់របស់កងទ័ពខ្មែរក្រហមនៅកោះល្ង។ ស៊ីទុន បានបន្តថា ប្រសិនបើគាត់មិនធ្វើដំណើរភៀសខ្លួនចេញពីកោះល្ងទាន់ពេលទេនោះ ប្រហែលជាកងទ័ពខ្មែរក្រហមចោទថាប្រជាជននៅលើកោះល្ងទាំងអស់ សុទ្ធតែជាជនជាតិឡាវ និងត្រូវសម្លាប់ចោលទាំងអស់។

គ្រួសាររបស់ ស៊ីទុន និងប្រជាជននៅកោះល្ង បានទៅរស់នៅធ្វើជាកម្មករតាមស្រែចម្ការនៅប្រទេសឡាវ អស់រយៈពេលប្រហែល ១០ឆ្នាំ។ នៅឆ្នាំ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ប្រជាជនដែលភៀសខ្លួនចេញពីកោះល្ង បានវិលត្រលប់មករស់នៅ និងធ្វើស្រែចម្ការនៅកោះនេះវិញ ដោយសារប្រជាជនទាំងនោះគ្មានដីសម្រាប់ធ្វើស្រែចម្ការផ្ទាល់ខ្លួននៅប្រទេសឡាវ។

នៅពេលមកដល់កោះល្ង ផ្ទះសម្បែងដែលជារបស់ប្រជាជន និងគ្រួសាររបស់ ស៊ីទុន ពីមុន ត្រូវបានខ្មែរក្រហមរុះរើយកទៅធ្វើជារោងចិញ្ចឹមក្របី។ ចាប់ពីពេលនោះមក ស៊ីទុន បានចាប់ផ្តើមធ្វើស្រែចម្ការ និងនេសាទលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ បច្ចុប្បន្ន ការកសាងទំនប់វារីអគ្គិសនី និងការនេសាទដោយខុសច្បាប់ បានធ្វើឲ្យ ស៊ីទុន មានការបារម្ភពីការបាត់បង់ធនធានធម្មជាតិនៅក្នុងតំបន់ និងការរស់នៅនាពេលអនាគត៕

សម្ភាសដោយ សូ នីតា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin