ខាត់ ថុង៖ យុវជនកងចល័តស្រុកព្រៃកប្បាស

(តាកែវ) ខាត់ ថុង អាយុ៦៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថុងឈ្មោះ ខាត់ ឌី ហើយម្ដាយឈ្មោះ ហ៊ួយ សាប និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ ថុង មានប្រពន្ធឈ្មោះ ង៉ែត ងីន និងមានកូនប្រុស២នាក់។ កាលពីក្មេង ថុង ចូលរៀនដំបូងថ្នាក់ទី១២ នៅសាលាបឋមសិក្សាចំបក់ រហូតដល់ថ្នាក់ទី១០។
នៅឆ្នាំ១៩៧០ នៅក្នុងភូមិតានប់ មានការប្រយុទ្ធគ្នារវាងទាហានខ្មែរក្រហម និងទាហាន លន់ នល់។ ក្រៅពីការប្រយុទ្ធគ្នា លន់ នល់ បានធ្វើការទម្លាក់គ្រាប់បែក និងទម្លាក់គ្រាប់បែកធុងសាំងពីលើយន្តហោះចូលក្នុងភូមិ និងធ្វើឲ្យឆេះផ្ទះសម្បែងប្រជាជនអស់ជាច្រើនខ្នង។ ដើម្បីរួចរស់ជីវិត ប្រជាជនទាំងអស់ រួមទាំងគ្រួសារថុង បានរត់ទៅលាក់ខ្លួនក្នុងលេណដ្ឋានក្បែរផ្ទះ និងខ្លះទៀតរត់ភៀសខ្លួនចូលទៅក្នុងវត្ត ឬចាកចេញពីភូមិ។ នៅឆ្នាំ១៩៧២ ដោយទ្រាំជាមួយការលំបាកមិនបាន គ្រួសាររបស់ថុង បានបោះបង់ទ្រព្យសម្បត្តិនៅក្នុងភូមិ រួចរត់ភៀសខ្លួនទៅទីក្រុងភ្នំពេញ។ នៅភ្នំពេញ ថុង បានចូលរៀនបន្តទៀត។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានប្រកាសឲ្យប្រជាជនចេញពីទីក្រុងភ្នំពេញ រយៈពេល៣ថ្ងៃភ្លាមៗ។ គ្រួសាររបស់ថុង បានរៀបចំសម្ភារប្រើប្រាស់ និងអង្ករបន្តិចបន្តួច រួមជាមួយជ្រូកកណ្ដុរមួយក្បាល ទើបចាក់ចេញពីទីក្រុងភ្នំពេញតាមផ្លូវទំនប់បឹងជប៉ុន។ គ្រួសាររបស់ថុង បានចំណាយពេល៣យប់ ទើបទៅដល់ភូមិតានប់ និងធ្វើស្រែជាក្រុមក្បែរសហករណ៍។
នៅក្នុងភូមិតានប់ ថុង បានឃើញអង្គការបណ្ដើរមនុស្សយកទៅឃុំឃាំងពីរកន្លែងគឺ នៅវត្តកកោះ ស្រុកបាទី និងជ្រៃអូព្នៅ ខាងលិចបាំងឫស្សី។ នៅក្នុងវត្តកកោះ អ្នកទោសទាំងអស់ឃុំឃាំងនៅក្នុងព្រះវិហារ និងសម្លាប់ទម្លាក់ក្នុងរណ្ដៅនៅក្នុងបរិវេណវត្ត។ ចំពោះអ្នកទោសដែលចាប់បញ្ជូនទៅទីនោះ មុនដំបូងជាអតីតមន្ត្រីរាជការជំនាន់មុន ប៉ូលីស និងទាហាន ហើយក្រោយមកគឺប្រជាជនធម្មតា។ ជាក់ស្ដែង ថុង មានបងថ្លៃជីដូនមួយម្នាក់ឈ្មោះ ប៉ុន ជាអតីតប៉ូលីស ត្រូវចាប់យកទៅឃុំឃាំងក្នុងព្រះវិហារ ប៉ុន្តែគាត់បានគាស់ចម្រឹងបង្អួចរត់ចេញរួចត្រលប់មកវិញ។ មិនយូរប៉ុន្មានគ្រួសាររបស់ប៉ុន ត្រូវជម្លៀសទៅរស់នៅខេត្តបាត់ដំបង និងបាត់បង់ជីវិតនៅទីនោះ។
ចំណែក គ្រួសារថុង អង្គការបានជម្លៀសគាត់ ទៅរស់នៅភូមិក្រាំងវិច ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅភូមិក្រាំងវិញ ថុង ត្រូវចូលទៅក្នុងកងចល័តស្រុក ដើម្បីធ្វើស្រែ, ជីកព្រែក, លើកប្រឡាយ និងទប់ស្ទឹងជីនិត។ នៅតាមការដ្ឋានការងារ ថុង ត្រូវសម្រាកផ្ទាល់ដីក្រោមតង់កៅស៊ូ ដែលជាហេតុធ្វើឲ្យមានការពិបាកខ្លាំងនៅពេលដែលមានភ្លៀងធ្លាក់។ នៅក្នុងកងចល័ត ប្រសិនបើយុវជនមានជំងឺ គឺមានគ្រូពេទ្យនារីទៅតាមការដ្ឋានការងារ ស្ពាយស្មុកធ្វើពីស្លឹកត្នោតដាក់ថ្នាំរាងដូចអាចមន៍ទន្សាយយកទៅឲ្យអ្នកជំងឺលេប។
នៅក្នុងកងចល័ត ថុង ត្រូវធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបរ ហូបជាមួយសម្លបន្លែព្រលឹត ឬត្រកួន ដែលមានរសជាតិប្រៃៗ។ ចំពោះការធ្វើម្ហូប ក្នុងមួយខ្ទះ អង្គការដាក់ត្រីតូចៗប្រមាណ៥ក្បាល លាយជាមួយបន្លែព្រលឹត ឬត្រកួនកាត់កង់ៗ ដោយមិនបានបកលាងសំអាតត្រឹមត្រូវ។ នៅពេលហូបអាហារ អង្គការឲ្យយុវជនហូបរួមគ្នានៅក្នុងកង ដោយក្នុងមួយក្រុមទទួលបានបបរមួយឆ្នាំង និងសម្លមួយឆ្នាំង ហូបរួមគ្នា។ នៅពេលដែលហូបរួចរាល់ យុវជនមិនអាចស្វែងរកអាហារហូបបន្ថែមបាននោះទេ ហើយប្រសិនបើមានអ្នកហ៊ានលួចគឺចាប់យកទៅសម្លាប់។ ជាក់ស្ដែង យុវជនម្នាក់ឈ្មោះ សឿន ជាអ្នកធ្វើការងារក្នុងក្រុមជាមួយ ថុង និងជាអ្នកភូមិជាមួយគ្នា បានទៅលួចមូលកទា របស់អ្នកភូមិស្ដុក ស្រុកព្រៃកប្បាស យកទៅលាក់ក្នុងព្រៃទុកធ្វើម្ហូប ព្រោះឃ្លានខ្លាំងពេក។ ប៉ុន្តែនៅពេលដែលអង្គការស៊ើបដឹង បានយកខ្សែទៅចងករបស់ សឿន ភ្ជាប់ជាមួយកទា រួចបណ្ដើរតាមភូមិឲ្យប្រជាជនមើលជាគំរូ និងកុំឲ្យធ្វើត្រាប់តាម។ បន្ទាប់ពីបណ្ដើររួច អង្គការបានចាប់ សឿន ឡើងលើរទេះសេះ រួចដឹកចេញទៅភ្នំចចក ស្រុកព្រៃកប្បាស និងបាត់ខ្លួនរហូតមក។
នៅចុងឆ្នាំ១៩៧៨ អង្គការរៀបចំឲ្យយុវជនចំនួន៤គូររៀបការជាមួយគ្នា ក្នុងនោះក៏មាន ថុង ដែរ។ អំឡុងពេលរៀបការ អង្គការបានរៀបចំអាវុធ និងចង្កៀងកន្តឹមចំនួន៤ ដាក់ចំពីមុខ យុវជន និងយុវនារីដែលអង្គុយទុលមុខគ្នា រួចប្ដេជ្ញាម្ដងម្នាក់។ ថុង បានឡើងប្ដេជ្ញាថា “យកគ្នាអស់មួយជីវិត” ហើយប្រពន្ធរបស់គាត់ក៏ប្ដេជ្ញាដូចគ្នា រួចបន្តទៅគូរផ្សេងទៀត។ បន្ទាប់ពីរៀបការរួច កងឈ្លបបានកាន់កន្ទេលមួយធ្វើពីស្លឹកចាក់ រួចនាំប្ដីប្រពន្ធថ្មីទៅសម្រាកជាមួយគ្នានៅក្នុងផ្ទះ ហើយនៅពេលយប់ឡើងមានអ្នកលួចស្ដាប់នៅក្រោមផ្ទះ ដើម្បីតាមដានថាប្ដីប្រពន្ធថ្មីចុះសម្រុងគ្នាឬទេ។ ថុង បានឲ្យដឹងថា ប្ដីប្រពន្ធរបស់គាត់បានរៀបការជាមួយគ្នា ដោយសារតែឪពុកម្ដាយទៅស្នើអង្គការ ព្រោះពួកគាត់មានបំណងរៀបចំផ្សំផ្គុំឲ្យ ថុង តាំងពីនៅភ្នំពេញ ប៉ុន្តែគូរផ្សេងទៀតគឺអង្គការចាប់បង្ខំ។
នៅពេលរៀបការរួច ថុង និងប្រពន្ធ បានចេញពីធ្វើការងារក្នុងកងចល័តក្រៅភូមិ មកធ្វើការងារនៅក្នុងសហករណ៍ ដោយប្រពន្ធរបស់គាត់ធ្វើការងារកាន់នង្គ័លភ្ជួរស្រែ ហើយថុង កាន់រទេះគោ និងដឹកនាំកុមារច្រូតស្មៅរួចដឹកយកមកឲ្យក្រុមភ្ជួរ។ ថុង បានបន្តថា បើអង្គការមើលលើជីវប្រវត្តិរបស់គាត់គឺអង្គការមិនឲ្យកាន់រទេះទេ ប៉ុន្តែដោយសារតែថុង និងប្រពន្ធជាមួយឧស្សា ខិតខំធ្វើការងារទើបបានកាន់រទេះគោ ចេញទៅរកស្មៅក្រៅសហករណ៍។ ថុង រៀបការរួចបានរយៈពេលប្រមាណ៥ខែ របបខ្មែរក្រហមបានដួលរលំ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ ថុង បាននាំគ្រួសារត្រលប់មករស់នៅភូមិតានប់។ នៅក្នុងភូមិ ថុង ចាប់ផ្ដើមធ្វើស្រែរួមគ្នា និងចូលធ្វើការងារជាសេនាជនភូមិ៤ឆ្នាំ។ នៅពេលឈប់ធ្វើជាសេនាជន ថុង បានចេញទៅធ្វើជាប៉ូលិសស្រុកបាទី ហើយបច្ចុប្បន្នគាត់គឺជាមន្ត្រីចូលនិវត្ត។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

