ខឹម សាម៉ន៖ បើអត់ទៅផ្ទះប្រយ័ត្នងាប់

ខឹម សាម៉ន[1] អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ប្រជាជននៅក្នុងភូមិព្រៃក្ដី ធ្វើការថ្កោលទោស ឪពុករបស់សាម៉ន រួចចាប់គាត់យកទៅដាក់គុក។ នៅក្នុងគុក ឪពុករបស់សាម៉ន ត្រូវធ្វើការងាររែកដីធ្ងន់ៗហួសកម្លាំង និងហូបមិនគ្រប់គ្រាន់។ បន្ទាប់ពីចាប់ឪពុកទៅ អង្គការបានមកធ្វើបាបប្រពន្ធ និងកូនៗបន្តទៀត ដោយបញ្ជូនម្ដាយរបស់សាម៉ន ទៅធ្វើការងារនៅត្រពាំងកោះ ហើយបងប្រុសឈ្មោះរឹម ត្រូវទៅធ្វើការងារនៅក្នុងរោងចក្រ និងបាត់ដំណឹងរហូតមក។

នៅពេលនោះ សាម៉ាន មានអាយុ៩ឆ្នាំ។ អង្គការបានបញ្ជូនគាត់ឲ្យចូលក្នុងកងកុមារ ដើម្បីធ្វើការងាររើសអាចម៍គោ និងកាប់ដើមនន្ទ្រានខែត្រ យកមកគទុកសម្រាប់ផលិតជី។ នៅក្នុងកងកុមារ អង្គការមិនបានដាក់កំណត់ចំនួនអាចម៍គោ ឬចំនួនដើមទន្ទ្រានខែត្រនោះទេ គឺកុមារត្រូវចេញទៅធ្វើការពេលព្រឹករហូតដល់ ម៉ោង១១ ឬ១២ថ្ងៃត្រង់ សម្រាកហូបអាហារ និងចូលធ្វើការវិញពេលថ្ងៃ រហូតដល់ពេលល្ងាច។ សាម៉ន ធ្វើការងារនៅកងកុមារ បានរយៈពេលពីរខែ អង្គការបានបញ្ជូនគាត់ទៅស្នាក់នៅវត្តត្រពាំងធំ ដើម្បីធ្វើការងាររែកដី ពីប្រឡាយធំ ទៅប្រព័ន្ធដើមច្រេះ។

ក្នុងកងលើកប្រឡាយ ក្នុងមួយព្រឹក សាម៉ន ​និងមិត្តម្នាក់ទៀត ត្រូវរែកដីឲ្យបានម្នាក់១ម៉ែត្រ ដោយមានអ្នកកាប់ម្នាក់ និងអ្នករែកម្នាក់។ ប្រសិនបើ សាម៉ន ធ្វើការងារហើយមុនម៉ោង១២ថ្ងៃត្រង់ នោះប្រធានកងនឹងដាក់ការងារបន្ថែមទៀត។ នៅការដ្ឋានការងារ សាម៉ន មិនហ៊ានលួចខ្ជិល ឬលួចត្រលប់ទៅលេងម្ដាយឪពុកនៅផ្ទះនោះទេ ព្រោះគាត់ខ្លាចអ្នកដែលធ្វើការងារជាមួយគ្នា តាមដានដឹង និងលើកយកកំហុសរបស់គាត់ទៅធ្វើការទិតៀនពេលប្រជុំ និងដាក់ពិន័យឲ្យគាត់រែកដីបន្ថែម។

ក្រោយមក អង្គការបានចាត់តាំង សាម៉ន​ ឲ្យទៅជម្រះស្មៅនៅក្នុងចម្ការ។ នៅក្នុងចម្ការ សាម៉ន មិនអាចជម្រះស្មៅបាន២រងក្នុងពេលមួយព្រឹកនោះទេ ព្រោះរងក្នុងចម្ការមានទំហំធំៗពេក។ មូលហេតុនេះគាត់ត្រូវខិតខំធ្វើការងារខ្លាំង រហូតដល់ ធ្លាក់ឈាម ហើយក្រោកទៅធ្វើការងារ​មិនរួច។ នៅពេលដែល សាម៉ន ដេកឈឺដូច្នេះ ឈ្មោះ ហូញ នៅត្រពាំងកោះ បានហៅគាត់ឲ្យទៅផ្ទះ ដើម្បីឲ្យម្ដាយរបស់គាត់មើលថែ។ ហូញ បាននិយាយថា “មកង៉ែងទៅផ្ទះអត់ បើង៉ែងអត់ទៅផ្ទះប្រយ័ត្នងាប់ ទៅផ្ទះទៅឲ្យម៉ែង៉ែងមើល”។

សាម៉ន បានសម្រេចចិត្តទៅភូមិត្រពាំងកោះ ជាមួយ ហួញ ដើម្បីបានជួបម្ដាយ។ ពេលទៅដល់ផ្ទះ ម្ដាយរបស់សាម៉ន បានយំអាណិតកូនភ្លាម ព្រោះគាត់ឃើញ សាម៉ន មានតែស្បែកដណ្ដប់ឆ្អឹង ហើយក្បាលធំឃើញតែភ្នែក។ បន្ទាប់មក ម្ដាយរបស់សាម៉ន បានទៅសុំបាយនៅរោងចុងភៅឲ្យកូនហូប ប៉ុន្តែត្រូវបានបដិសេធ។ ពេលអង្គការមិនឲ្យអាហារ ម្ដាយសាម៉ន ខឹងចិត្តយ៉ាងខ្លាំង និងវាយ សាម៉ន ឲ្យត្រលប់ទៅកន្លែងធ្វើការងារវិញទាំងយប់ ព្រោះនៅសហករណ៍គាត់មិនអាចរកអាហារឲ្យហូបបាន។ ប៉ុន្តែដោយសារតែយប់ខ្លាំងពេក សាម៉ន សុខចិត្តទៅដេកនៅលើចុងស្នាយជិតផ្ទះពេទ្យសុខ។ នៅពេលព្រឹកឡើង ម្ដាយរបស់សាម៉ន ទៅសុំប្រធានកងកុមារឈ្មោះ ទេស ឲ្យទទួលយក សាម៉ន ចូលក្នុងកងកុមារ ព្រោះ សាម៉ន ទៅជម្រះស្មៅនៅឆ្ងាយ ហើយធ្លាក់ខ្លួនឈឺរហូតស្គមខ្លាំង។ សាម៉ន​ បានមករែកដីនៅ ឃុំត្រពាំងធំ និងទទួលបានការព្យាបាលមួយថ្ងៃពីរដងពីប្រធានក្រុម រហូតបានជា​សះស្បើយ។

សាម៉ន ធ្វើការងារនៅក្នុងកងកុមាររហូតដល់មានការប្រយុទ្ធគ្នាកើតឡើងរវាងកងទ័ពរំដោះ និងកងទ័ពខ្មែរក្រហម នៅដើមឆ្នាំ១៩៧៩។ នៅពេលដែលកងទ័ពស្ម័គ្រចិត្តចូលមកដល់ សាម៉ន បានជឿតាមការឃោសនារបស់អង្គការថាវៀតណាមចូលមកនឹងវះពោះ។ ពេលឮដូច្នេះទើប សាម៉ាន ខំរត់តាមប្រជាជនទៅទិសខាងលិច[ព្រំដែនកម្ពុជា-ថៃ]។ នៅពេលរត់ភៀសខ្លួន សាម៉ន ជួយជញ្ជូនស្រូវ និងអង្ករគ្រួសារមួយ ហើយគ្រួសារនោះបានផ្ដល់អាហារហូបដូចជាកូនចៅ។ នៅពេលសម្រាកក្នុងព្រៃ ដោយ​សារ​តែ សាម៉ន ដេកលក់ជ្រុល ទើបធ្វើឲ្យសត្វសង្អារគូទក្រហម ទិចជើងគាត់។ បន្ទាប់ពីសង្អារនោះទិចរួច ជើងរបស់ សាម៉ន ហើមដល់ក្រលៀន ប៉ុន្តែសំណាងល្អ បានតាម្នាក់គាត់ចេះព្យាបាលយកថ្នាំមកលាបឲ្យទើបជាសះស្បើយ។

ក្រោយមក សាម៉ន​ បានត្រលប់មករស់នៅជួបជុំម្ដាយ-ឪពុកនៅស្រុកកំណើតវិញ និងចាប់ផ្ដើមធ្វើស្រែរួមគ្នា ហើយចែកទិន្នផល។ នៅពេលធ្វើស្រែរួម សាម៉ន គឺជាកម្លាំងពីរ ហើយទិន្នផលដែលគាត់ទទួលបានគឺ៣កញ្ជើ ខុសពីម្ដាយឪពុករបស់គាត់គាត់កម្លាំងទីមួយ បានម្នាក់៥កញ្ជើ។ សាម៉ន បានធ្វើស្រែរួមប្រមាណ៣ឆ្នាំ ទើបគាត់បានក្លាយជាកម្លាំងទី១វិញ ហើយប្អូនរបស់គាត់ម្នាក់ទៀត ក្លាយជាកម្លាំងទី២  និងម្នាក់ទៀតនៅកម្លាំងបីដដែល ដែលមិនទទួលបានអ្វីទាំងអស់។ បន្ទាប់មកទៀត ទិន្នផលស្រូវនៅក្នុងភូមិមានការកើនឡើងខ្លាំង ហេតុនេះហើយបានជាប្រធានភូមិចាត់ចែងចែកដីស្រែទៅប្រជាជនតាមគ្រួសារដោយគិតលើកម្លាំងធ្វើការងារ។ គ្រួសារណាដែលមានសមាជិកគ្រួសារកម្លាំងទី១ច្រើនគឺបានដីច្រើន ហើយក្មេងៗដែលជាកម្លាំងទី៣ ត្រូវរស់នៅជាមួយឪពុកម្ដាយ និងហូបដោយសារឪពុកម្ដាយ។ ចំពោះ សាម៉ន ពេលរៀបការរួច ឪពុកម្ដាយបានចែកដីឲ្យគាត់មួយចំនួន ហើយគាត់ចាប់ផ្ដើមប្រកបរបបធ្វើស្រែបន្តទៀតរហូតដល់ពេលបច្ចុប្បន្ន។

[1] កិច្ចសម្ភាសជាមួយ ខឹម សាម៉ន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយ កាន់ សុខភាព ក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។


អត្ថបទដោយ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin