កងកុមារនៅសម័យខ្មែរក្រហម

(ព្រះវិហារ)៖ ខៀវ ស្វិត អាយុ ៥៨ ឆ្នាំជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលសព្វថ្ងៃរស់នៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ មុនដំបូងលោកជាអ្នកគង្វាលគោក្របីម្នាក់នៅសម័យនោះ ធ្វើការពេញមួយថ្ងៃរហូតដល់ល្ងាច តែហូបបានតែមួយពីរពេល។ គាត់បានលើកឡើងថា បើទៅមិនទាន់ពេល គឺអត់បានហូប។ ខ្មែរក្រហមធ្វើការលត់ដំគាត់ និងអ្នកដទៃទៀតដោយការគំរាម ជួនកាលបើខ្មែរក្រហមមានការមិនសប្បាយចិត្តលើរឿងអ្វីមួយ គេនឹងវាយធ្វើបាបទាំងកំហឹង យើងអត់មានសិទ្ធិនិយាយបញ្ចេញមតិជាមួយខ្មែរក្រហមនោះទេ។
គាត់បានរៀបរាប់ត្រួសៗពីសម័យនោះ ដោយលើកឡើងថា ពេលខ្លះគាត់បានលួចបេះផ្លែឈើហូបទាំងមិនឲ្យគេដឹង។ ប្រជាជនទាំងអស់ត្រូវស្លៀកពាក់ខោអាវខ្មៅ។ ចំពោះគាត់ មួយខែ ពីរខែ គេបើកសម្លៀកបំពាក់ឲ្យគាត់ម្តង។ អ្វីៗដូចជាមាសប្រាក់ត្រូវបានទាហានខ្មែរក្រហមប្រមូលទុក។ មាសត្រូវបានខ្មែរក្រហមយកទៅធ្វើខ្សែសម្រាប់ចងជាមួយដែកកេះ។ នៅជំនាន់នោះពុំមានបុណ្យទាន ឬលោកសង្ឃនោះទេ ហើយការរៀបការម្តងៗ ខ្មែរក្រហមហៅរៀបចំពី២០ទៅ៣០ គូរ។ ប្រជាជនត្រូវបង្ខំឲ្យជីកប្រឡាយ បិទទំនប់ តាមស្រះ, និង បិទភ្លឺស្រែមួយថ្ងៃ ក្នុងមួយនាក់តម្រូវឲ្យធ្វើបាន១០ ម៉ែត្រជាដើម។
បន្ទាប់ពីការងារធ្វើស្រែចម្ការ គាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យទៅចូលរួមក្នុងសង្រ្គាមទាំងកុមារភាព ដែលក្នុងនោះមានកម្លាំង៣០នាក់ ចែកជាបួនក្រុមតូចៗ។ គាត់ និង កងកម្លាំងមានការហូបបានគ្រប់គ្រាន់ជាងប្រជាជនទូទៅនាសម័យនោះ ជួនកាលមានការស្ងោរឆ្អឹងជំនីគោ (ស្ងោរទឹកទីពីរ) សម្រាប់ក្រុមរបស់គាត់។ គាត់បានដឹងថា ទាហានខ្មែរក្រហម មានប្រាក់ខែ មានការចាយលុយដើម្បីទិញទំនិញតាមព្រំដែនជាមួយប្រទេសថៃ និងការលក់អង្ករ ឬដោះដូរជាមួយអ្នកនៅជិតគ្នា (គាត់មិនបានបញ្ជាក់ពីឆ្នាំនោះទេ)។ ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមសម្លាប់។
សព្វថ្ងៃគាត់ក៏ដូចអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឯទៀតដែរ គឺកំពុងមានជំងឺប្រចាំកាយ។ គាត់បានតាមដានអំពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម និងយល់ថាបានផ្តល់នូវយុត្តិធម៌ជូនប្រជាជន។ គាត់បានបន្ថែមថា ការនិយាយអំពីប្រវត្តិរបស់លោកប្រាប់អ្នកជំនាន់ក្រោយបានដឹង និងសិក្សា បានធ្វើឲ្យគាត់បានធូរស្បើយផ្លូវចិត្តបានខ្លះ៕
សម្ភាសន៍ដោយ ភេទ សុភីម ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣