សត្វពស់ និងកង្កែបជាអាហារទីពីរ
(តាកែវ) ៖ ខៀវ ថាក់ ភេទប្រុស មានអាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្នធ្វើជាអាចារ្យនៅក្នុងវត្តសមរមេត្រី។
ខៀវ ថាក់ បានរៀបរាប់ថា នៅចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ មុនឆ្នាំទម្លាក់សម្ដេចសីហនុ ថាក់ ជាសិស្សរៀននៅសាលាបឋមសិក្សានៅវត្តព្រៃកប្បាស។ នៅពេលដែលកងទ័ពវៀតណាមចូលស្រុកមិនមានសាលារៀនបន្តទៀតរហូតដល់ខែមិថុនាឆ្នាំ១៩៧០ ខៀវ ថាក់ បានបួសរៀននៅក្នុងវត្តព្រៃកប្បាស។
ឆ្លងចូលមកដល់ឆ្នាំ១៩៧៥ នៅពេលទាហានខ្មែរក្រហមបានវាយឈ្នះទាហាន លន់ នល់ គាត់បានលាចាកសិក្ខាបទ ត្រឡប់ទៅរស់នៅក្នុងភូមិកំណើតវិញ។ ពេលគាត់ត្រឡប់ទៅកាន់ស្រុកកំណើតវិញ គាត់ត្រូវបានអង្គការបញ្ជូនទៅក្នុងកងចល័ត ហើយទៅជីកទំនប់ពីព្រៃល្វារហូតដល់កោះធំ ហើយត្រូវធ្វើដំណើរទៅធ្វើការឆ្ងាយពីផ្ទះចម្ងាយជាង ២៤គីឡូម៉ែត្រ។
អង្គការបានបង្ខំឲ្យធ្វើការទាំងថ្ងៃ ទាំងយប់ មិនមានពេលសម្រាកគ្រប់គ្រាន់នោះទេ។ ក្រៅពីការងារជីកទំនប់ គាត់ត្រូវគេបញ្ជូនឲ្យទៅធាក់រហាត់ទឹក។ ថាក់ បានបន្ថែមទៀតថាប្រជាជនផ្សេងមានកងសម្រាប់ភ្ជួររាស់ ដកស្ទូង តាមកងនីមួយៗដែលខ្មែរក្រហមបានបែងចែក ចំណែកគាត់ជាកងចល័តគឺគេឲ្យទៅធាក់រហាត់ទឹក។
នៅដើមឆ្នាំ១៩៧៦ ខៀវ ថាក់ ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យទៅជីកប្រឡាយ ដែលចេញពីភ្នំដាទៅទិសខាងត្បូងឆ្ងាយរាប់សិបគីឡូម៉ែត្រ។ នៅពេលដែលបានជីកប្រឡាយនោះហើយរួចរាល់ គាត់មិនទាន់បានត្រឡប់មកកាន់ស្រុកកំណើតវិញទេ ខ្មែរក្រហមបានឲ្យចូលក្នុងកងចល័តបន្តទៀតហៅថាចល័តភាគ។
ចំពោះរបបអាហារមិនសូវមានការហូបបានគ្រប់គ្រាន់នោះទេ មានតែបបររាវសម្រាប់បរិភោគ ខៀវ ថាក់ បានប្រាប់ថាមានប្រជាជនខ្លះបានយកផ្កាស្នោ ព្រលិតទៅដាក់លាយជាមួយបបរនោះដើម្បីចម្អែតក្រពះ។ ម៉ោងធ្វើការគឺនៅក្នុងមួយថ្ងៃៗប្រជាជនត្រូវធ្វើការច្រើនម៉ោង ពេលព្រឹកពីម៉ោងប្រាំមួយព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់ ធ្វើការទាំងថ្ងៃ ទាំងយប់មានពេលសម្រាកតិចតួចបំផុត ការងារដែលធ្វើនៅពេលនោះគឺជីកប្រឡាយ ក្នុងមួយនាក់ត្រូវជីកឲ្យបានបណ្ដោយបីម៉ែត្រ ទទឹងមួយម៉ែត្រ ទើបឲ្យឈប់សម្រាក។
ថាក់ បានបន្ថែមទៀតថា គាត់បានរស់នៅតំបន់នោះតាំងពីដើមឆ្នាំរហូតដល់ទឹកឡើងទើប អង្គការឲ្យឡើងមកនៅទួលសាង ហើយបង្កើតជាសហករណ៍នៅទីនោះបន្តទៀត ការងារដែលធ្វើនៅទីនោះគឺបោចស្មៅស្រូវប្រាំង។ បន្ទាប់ពីនោះ អង្គការបានចាត់តាំងគាត់ឲ្យទៅដឹកអុសពីអង្គរបុរីតាមរយៈផ្លូវទឹក សេដ្ឋកិច្ចនៅពេលនោះមិនមានការរីកចម្រើនឡើយ។
ដោយសារតែមិនមានអាហារហូបគ្រប់គ្រាន់ពេលខ្លះត្រូវចាប់ពស់នៅតាមទន្លេដើម្បីចម្អិនហូប។ ហើយថ្ងៃខ្លះពេលទៅដល់ការដ្ឋានវិញមិនមានបបរហូបនោះទេដោយសារតែអង្គការមិនបានទុកអាហារសម្រាប់អ្នកទៅយឺតឡើយ។ គាត់សម្រេចចិត្តលួចចេញទៅបោចស្លឹកបាសដែលដុះនៅតាមព្រៃយកមកស្លរជាមួយកូនកង្កែបតូចៗហូប។ សត្វពស់ និងកង្កែបប្រៀបដូចជាអាហារទីពីរបន្ទាប់ពីបបរ។
នៅថ្ងៃមួយ ថាក់ បានប្រាប់ថាមានមនុស្សស្លាប់ដោយសារតែហូបដើមសណ្ដែកខ្លោចដែលដុះនៅតាមដងព្រែក។ អ្នកស្លាប់នោះ គាត់បានហូបសណ្ដែកនោះច្រើនពេកបណ្ដាលឲ្យចេញឈាមតាមមាត់។ គាត់បានបន្ថែមថាមានអ្នកដែលសម្រេចចិត្តចងកសម្លាប់ខ្លួនដោយសារតែពិបាកទ្រាំទ្រនឹងជំងឺប្រចាំកាយ។ ដល់ពេលដែលរដូវទឹកស្រកវិញគាត់ត្រូវបានគេបញ្ជូនទៅកន្លែងដដែលវិញ ទៅដល់មិនបានប៉ុន្មានអង្គការបានរើសកងទ័ព អង្គការបានឲ្យគាត់ចូលបម្រើការក្នុងកងទ័ព។
នៅពេលដែលចូលធ្វើការក្នុងកងទ័ព អង្គការបានឲ្យរំលាយដំបូក អស់ពីរំលាយដំបូកហើយឲ្យទៅជីកព្រែក។ ថាក់ បានប្រាប់ថានៅក្នងជួរកងទ័ពគឺបានហូបបាយ តែមិនបានហូបគ្រប់គ្រាន់នោះទេ បានត្រឹមតែបន្តិចបន្តួចហើយធ្វើការមួយថ្ងៃៗពេញ។ នៅពេលដែលជីកព្រែកហើយដល់ខែវស្សាគឺត្រូវដកស្ទូង ការស្ទូងនោះគឺស្ទូងទាំងថ្ងៃ ស្ទូងទាំងយប់។ នៅក្នុងរបបខ្មែរក្រហមបងប្អូនរបស់គាត់ម្នាក់ដែលធ្លាប់ជាទាហាន លន់ នល់ ត្រូវបានអង្គការសម្លាប់៕
សម្ភាសន៍ដោយ ថឹក ចាន់ណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទដោយ នេន ស្រីមុំ