អនុប្រធានភូមិទួលទ្រាពិការជើងដោយសារសង្គ្រាម

(ខេត្តស្វាយរៀង) ខឹង រី អាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិទួលទ្រា ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រី មានឪពុកឈ្មោះ ខឹង ឡាំ និងម្តាយឈ្មោះ សូ អោ ហើយគាត់គឺជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ៤នាក់)។

កាលពីកុមារភាព រី រៀនសូត្របានត្រឹមថ្នាក់ទី ៩ ក្នុងសម័យសង្គមចាស់។ រី បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា កាលពីសម័យសង្គមរាស្ត្រនិយម គាត់គឺជាសិស្សរៀននៅសាលាបឋមសិក្សាកំពង់ជ្រៃ (បច្ចុប្បន្នជាសាលាបឋមសិក្សាស្វាយធំ)។ នៅឆ្នាំ១៩៧០ ខណៈ រី កំពុងរៀនថ្នាក់ទី ៩ ប្រទេសជាតិចាប់ផ្ដើមមានរដ្ឋប្រហាររបស់ លន់ នល់ ដើម្បីទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំណែង ដែលធ្វើឱ្យសាលារៀនរបស់គាត់ត្រូវបិទទ្វារ។ នៅពេលនោះ ភូមិឋានចាប់ផ្ដើមកើតមានសង្គ្រាម ដោយសារមានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងយោធាបដិវត្តន៍។ ប្រជាជនរស់នៅក្នុងភូមិទួលទ្រា បានចាកចេញពីភូមិទៅចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ដោយចេញទៅហ្វឹកហាត់ក្នុងចលនាតស៊ូដើម្បីរំដោះប្រទេសជាតិពីរបប លន់ នល់ និងដើម្បីថ្វាយអំណាចជាព្រះប្រមុខរដ្ឋជូនសម្តេចព្រះនរោត្តម សីហនុ វិញ។

នៅខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានទទួលជ័យជម្នះលើរបប លន់ នល់។ នៅភូមិដែល រី រស់នៅចាប់ផ្ដើមមានការផ្លាស់ប្តូរទាំងស្រុងនូវរបៀបរស់នៅប្រចាំថ្ងៃ ហើយប្រជាជនត្រូវបង្ខំឱ្យចេញទៅធ្វើការនៅការដ្ឋាន។ រី និងប្រជាជនដទៃទៀត ត្រូវបានអង្គការចាត់តាំងឱ្យទៅជីកព្រែក និងលើកប្រព័ន្ធភ្លឺស្រែ។ របបអាហារដែលប្រជាជនម្នាក់ៗទទួលបាន គឺអង្ករកន្លះកំប៉ុងសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ ដោយហូបជាមួយសម្លត្រកួន ឬសម្លដើមចេក។ ការងាររបស់ រី ត្រូវចាប់ផ្ដើមតាំងពីម៉ោង ៤ ទៀបភ្លឺ រហូតដល់ល្ងាច ហើយថ្ងៃខ្លះត្រូវបន្តធ្វើការងារបន្ថែមនៅពេលយប់ទៀតផង។ អង្គការតែងតែបើកកិច្ចប្រជុំធ្វើស្វ័យទិតៀន ដោយឱ្យប្រជាជនរិះគន់គ្នាទៅវិញទៅមកទាក់ទងនឹងការងារ។ នៅរដូវប្រមូលផលស្រូវ រី ក៏ត្រូវបានអង្គការចាត់តាំងឱ្យទៅជួយច្រូតស្រូវក្នុងកងចល័តនារី។ នៅឆ្នាំ១៩៧៧ របបខ្មែរក្រហមចាប់ផ្ដើមមានភាពតានតឹងជាមួយប្រទេសវៀតណាម ហើយភាគីទាំងពីរបានចាប់ផ្ដើមមានសង្គ្រាមតាមតំបន់ព្រំដែន។ អង្គការបានបង្ខំ រី និងយុវជនពេញកម្លាំងឱ្យចូលបម្រើក្នុងជួរកងទ័ពដើម្បីធ្វើសង្គ្រាមទប់ទល់ជាមួយវៀតណាម។ នៅក្នុងសមរភូមិនាខែមិថុនា ឆ្នាំ១៩៧៧ រី បានរងរបួសដោយសារជាន់មីន ដែលបណ្តាលឱ្យជើងខាងស្តាំរបស់គាត់ពិការរហូតមកដល់សព្វថ្ងៃ។ នៅពេលនោះ អង្គការបានបញ្ជូន រី ទៅព្យាបាលរបួសនៅមន្ទីរពេទ្យបដិវត្តន៍ ១៧ មេសា (បច្ចុប្បន្នជាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) រយៈពេលប្រមាណ ៣ខែ។ បន្ទាប់ពីជាសះស្បើយពីរបួស អង្គការបានបញ្ជូនគាត់ឱ្យទៅបន្ទាយនៅភ្នំបាសិត និងបន្តទៅខេត្តកំពង់ឆ្នាំង។ នៅទីនោះ រី សង្កេតឃើញសុទ្ធតែជនពិការដៃ ឬពិការជើងដោយសារសង្គ្រាម។ នៅចុងឆ្នាំ១៩៧៨ នៅពេលរបបខ្មែរក្រហមរៀបនឹងដួលរលំ អង្គការបានបញ្ជូន រី ទៅតំបន់ភ្នំធិបតី ស្ថិតក្នុងខេត្តបាត់ដំបង។ នៅទីនោះ រី បានឃើញផ្ទាល់ភ្នែកនូវព្រឹត្តិការណ៍នៃការកាប់សម្លាប់ប្រជាជនដោយយោធាខ្មែរក្រហម។ នៅតំបន់ភ្នំធិបតី មានគុកដែលធ្វើពីជញ្ជាំងបិទដីទំហំប្រហែល ៣០ម៉ែត្រ ត្រូវបានប្រើជាកន្លែងសម្លាប់មនុស្ស ហើយប្រជាជនដែលត្រូវបានសម្លាប់ភាគច្រើនមកពីខេត្តស្វាយរៀង ដែលក្នុងនោះមានគ្រួសារខ្លះត្រូវខ្មែរក្រហមសម្លាប់ចោលទាំងអស់តែម្ដង។

នៅដើមឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាម បានចូលមកវាយរំដោះប្រទេស។ រី មានឱកាសគេចចេញពីក្រុមខ្មែរក្រហម ហើយបានធ្វើដំណើរត្រឡប់ពីខេត្តបាត់ដំបង មករស់នៅខេត្តស្វាយរៀងវិញ។ បច្ចុប្បន្ន រី គឺជាអនុប្រធានភូមិទួលទ្រា។ គាត់មានពិការភាពជើងខាងស្តាំ និងមានជំងឺប្រចាំកាយគឺលើសសម្ពាធឈាម ៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin