ឃួន អូន៖ បីថ្ងៃចុងក្រោយ

ឃួន អូន រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ ឃួន អូន ភេទស្រី មានអាយុ ៧៥ឆ្នាំ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ អូន មានម្ដាយឈ្មោះ អ៊ុត តុត, ឪពុកឈ្មោះ ឃួន តូច និងមានបងប្អូនទាំងអស់ចំនួនប្រាំបីនាក់ ក្នុងនោះមានស្រីបួននាក់។ អូន បានរៀនត្រឹមថ្នាក់អក្ខរកម្មនៅភូមិត្រពាំងក្រសាំង។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ អូន បានរៀបការ និងក្រោយមកគាត់មានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ នៅក្នុងភូមិ គឺមានវត្តមានកងទ័ពវៀតកុងចូលមកស្នាក់នៅក្នុងផ្ទះប្រជាជន និងមានការទម្លាក់គ្រាប់បែកដែលបណ្ដាលឲ្យខូចខាតផ្ទះសំបែងរបស់អូន។ គាត់ត្រូវបីកូនចេញពីលេណដ្ឋាន, រែកអង្ករ និងធ្វើដំណើរជាមួយឪពុកក្មេកឆ្ពោះទៅវត្តថ្មី។ បន្ទាប់ពីឮដំណឹងថាផ្ទះរបស់អូនឆេះ ឪពុករបស់អូន បានមកស្វែងរកគាត់នៅវត្តថ្មី និងនាំគាត់ទៅរស់នៅជាមួយ។ មិនយូរប៉ុន្មាន អូន បានត្រលប់មករស់នៅក្នុងភូមិវិញ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចទូទាំងប្រទេស បានចាត់ទុក អូន ជាប្រជាជនមូលដ្ឋាន។ ចំណែកបងប្អូនរបស់គាត់ចំនួនបីនាក់ ដែលខ្មែរក្រហមជម្លៀសមកពីទីក្រុងភ្នំពេញ ត្រូវខ្មែរក្រហមចាត់ទុកជាប្រជាជន១៧មេសា។

ជារៀងរាល់ថ្ងៃ អូន ត្រូវធ្វើពលកម្មពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ព្រឹក និងបន្តពីម៉ោង១ថ្ងៃរហូតដល់ពេលល្ងាច។ អូន ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ អូន ត្រូវរែកអាចម៍គោ និងធ្វើជី និងនៅឆ្នាំ១៩៧៦ គាត់ត្រូវកិនស្រូវ។ ចំណែករបបអាហារ គឺមានតែបបរលាយជាមួយពោត និងស្លឹកដំឡូងប៉ុណ្ណោះ។ អូន រៀបរាប់ថានៅរដូវច្រូតកាត់រួច ទើបមានបាយហូប។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យរៀបការនៅមន្ទីរក្នុងភូមិរលាំងគ្រើល ដែលមានរហូតដល់ប្រាំគូក្នុងពេលតែមួយ។ អូន និយាយថា ប្រជាជនត្រូវតែយល់ព្រម ពីព្រោះជាការបង្គាប់របស់អង្គការ។

នៅរបបខ្មែរក្រហម អូន បានបាត់បង់បងប្អូនចំនួនបីនាក់។ អូន ចងចាំថា បងប្រុសត្រូវបានខ្មែរក្រហមសម្លាប់នៅវត្តព្រៃនប់ ស្រុកឈូក នៅពេលប្រពន្ធមានផ្ទៃពោះចំនួនបីខែ។ ចំណែកប្អូនស្រីត្រូវខ្មែរក្រហមសម្លាប់បន្ទាប់ពីសម្រាលកូនបានមួយខែ និងប្អូនស្រីម្នាក់ទៀតត្រូវខ្មែរក្រហមសម្លាប់ទាំងគ្រួសារ រួមទាំងកូនពីរនាក់។ អូន បានជួបប្អូនស្រីត្រឹមតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីជម្លៀសពីទីក្រុងភ្នំពេញ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អូន បានត្រលប់ភូមិកំណើត ដោយប្រកបរបរធ្វើស្រែចម្ការ និងរែកនំបញ្ចុកលក់នៅស្ថានីយរថភ្លើងខេត្តតាកែវ។ សព្វថ្ងៃ អូន មានជំងឺលើសឈាម និងសន្លាក់ដៃជើង៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin