ឃួន សើន៖ ការគ្រប់គ្រងនៅក្នុងសម័យខ្មែរក្រហម គឺផ្ដាច់ការ
ឃួន សើន អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងសម័យ លន់ នល់ សើន បានដឹងថាមានការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារតែគាត់នៅក្មេងពេកទើបមិនបានដឹងព័ត៌មានច្បាស់។
ចូលដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់សើន ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញមកខេត្តតាកែវ។ ពេលមកដល់ភូមិ ក្រុមគ្រួសាររបស់សើនត្រូវអង្គការបានបំបែកពីគ្នា ដោយសើន ត្រូវទៅរស់នៅជាមួយកុមារផ្សេងទៀត ហើយឪពុកម្ដាយ និងបងប្អូនផ្សេងទៀតរបស់គាត់ ត្រូវទៅរស់នៅផ្ដុំគ្នាតាមកង ជាមួយប្រជាជនដទៃ។ ចំពោះ សើន ពេលចូលក្នុងកងកុមារដំបូង គាត់បានចូលរៀនបន្តិចបន្តួចក្រោមដើមឈើឬដើមដូងដែលមានម្លប់ ប៉ុន្តែក្រោយមក សើន មិនបានរៀនទាល់តែសោះ។ ក្រៅពីការរៀនសូត្រ សើន ត្រូវចេញទៅធ្វើការងារជីកប្រឡាយ, រើសអាចគោ, រែកដី និងកាប់ដីដំបូកយកទៅធ្វើជាជី។
សើន បានឲ្យដឹងថា នៅក្នុងភូមិដែលគាត់រស់នៅ ប្រជាជនថ្មីជាច្រើននាក់រួមទាំងគ្រួសាររបស់គាត់ ត្រូវទទួលរងនូវការធ្វើការងារលើសកម្លាំង, ហូបអាហារមិនគ្រប់គ្រាន់ និងកាប់សម្លាប់ជាបន្តបន្ទាប់ដោយគ្រាន់តែប្រព្រឹត្តិកំហុសបន្តិចបន្តួច។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានប្អូនជីដូនមួយរបស់សើន ជាច្រើននាក់ បានស្លាប់ដោយសារតែហ៊ានលួចអាហារបន្តិចបន្តួច ឬក៏លួចដូងទុំនៅផ្ទះខ្លួនឯងហូប។ សើន បន្តថា ការគ្រប់គ្រងនៅក្នុងសម័យនោះគឺផ្ដាច់ការ សម្លាប់មនុស្សមិនរើសមុខ ជាពិសេសអ្នកដែលជម្លៀសចេញពីទីក្រុងភ្នំពេញថ្ងៃទី១៧ ខែមេសា។
សើន បានរៀបរាប់ទៀតថា គាត់ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រោះការកាត់ទោសធ្វើឲ្យថ្នាក់ដឹកនាំជំនាន់ក្រោយ មិនហ៊ានធ្វើសកម្មភាពដូចសម័យ ប៉ុល ពត បន្តទៀត។ មួយវិញទៀត សើន សប្បាយចិត្តដែលតុលាការ កាត់ទោសអ្នកដែលសម្លាប់ប្រជាជនខ្មែរនៅក្នុងប្រទេស។ សើន យល់ថាដើម្បីអប់រំក្មេងជំនាន់ក្រោយឲ្យមានការចងចាំពីរបបខ្មែរក្រហមគឺអ្នករស់រានមានជីវិតត្រូវនិយាយប្រាប់ទៅកូនចៅជំនាន់ក្រោយ និងអប់រំឲ្យក្មេងៗបានដឹងពីប្រវត្តិសាស្រ្ដ។
នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស សើន មានជំងឺក្រពះ ហើយជំងឺរបស់គាត់ កើតមានឡើងដោយសារតែអាយុកាន់តែច្រើន។ ដើម្បីព្យាបាលជំងឺ សើន បានទៅព្យាបាលនៅមន្ទីរពេទ្យជោរៃក្នុងរយៈពេលមួយខែម្ដង និងទទួលបានថ្នាំលេប។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ មឿន ហាច ថ្ងៃទី១៥ ខែសីហា ២០២១