គឹម យូអ៊ី៖ ស្គមខ្លាំងរហូតដល់គ្មានកម្លាំងធ្វើការងារ

គឹម យូអ៊ី ហៅ ថុច ភេទស្រី អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។​ បច្ចុប្ប យូអ៊ី រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ យូអ៊ី ឈ្មោះ គឹម ណុប ហើយម្ដាយឈ្មោះ អោ កាញ់ និងមានបងប្អូនចំនួន៤នាក់ ស្រី២នាក់។ យូអ៊ី មានប្ដីឈ្មោះ ឆែ ម៉ាន និងមានកូន៤នាក់ ស្រី២នាក់។ កាលពីក្មេង យូអ៊ី ចូលរៀនដំបូងនៅសាលាវត្តត្រពាំងគង រហូតដល់ថ្នាក់ទី៨ ក្នុងសង្គមចាស់។ បន្ទាប់ពីឈប់រៀន យូអ៊ី បានជួយម្ដាយឪពុកធ្វើស្រែ។ ក្រោយមក មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិទឹកថ្លា ហើយប្រជាជនបានរត់ភៀសខ្លួនចេញពីភូមិជាញឹកញាប់។

នៅឆ្នាំ១៩៧០ យូអ៊ី បានរៀបការជាមួយម៉ាន។ បន្ទាប់ពីរៀបការរួច យូអ៊ី និងប្ដី បានរត់ភៀសខ្លួនចុះឡើងបន្តទៀត ដើម្បីគេចពីការប្រយុទ្ធគ្នារវាងទាហាន នល់ នល់ ជាមួយក្រុមខ្មែរក្រហម។ នៅថ្ងៃមួយ ដោយសារទ្រាំជាមួយការលំបាកក្នុងភូមិមិនបាន គ្រួសាររបស់យូអ៊ី បានរត់ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ នៅទីក្រុងភ្នំពេញ ជីតារបស់យូអ៊ី ធ្វើការងាររត់ម៉ូតូឌុប និងដឹកក្រណាត់ពីផ្សារថ្មីឲ្យ យូអ៊ី ត្បាញនៅផ្ទះ។

នៅខែមេសា ឆ្នាំ១៩៧៥ អង្គការបានជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ។ ក្នុងពេលជម្លៀស យូអ៊ី មានបំណងធ្វើដំណើរទៅតាមទិសខាងលិច ប៉ុន្តែអង្គការមិនព្រម ទើបគាត់ត្រូវបង្ខំឲ្យចេញពីក្រុងតាមទិសខាងកើត កាត់ក្បាលថ្នល់ រួចបន្តដំណើរទៅទិសខាងត្បូង ដោយយប់កន្លែងណាសម្រាកកន្លែងនោះរហូតដល់ភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

នៅក្នុងភូមិតានប់ យូអ៊ី ធ្វើការងារ រែកដី, កាប់ស្លឹកឈើ និងធ្វើស្រែ តាមអង្គការចាត់តាំង។ អំឡុងពេលធ្វើការងារ យូអ៊ី មិនហ៊ានប្រកែកជាមួយកម្មាភិបាលខ្មែរក្រហមនោះទេ ព្រោះគាត់ខ្លាចអង្គការចោទថាជាខ្មាំង និងយកទៅសម្លាប់ចោល។ ចំពោះការហូបអាហារ អង្គការធ្វើរោងបាយរួមមួយ ឲ្យប្រជាជនចូលទៅអង្គុយតាមតុ រួចមានអ្នកធ្វើការងារក្នុងរោងបាយចូលទៅចែកបបរតាមតុ។ ក្នុងមួយថ្ងៃ យូអ៊ី ហូបអាហារពីរពេល ដោយពេលថ្ងៃគាត់បានហូបចំណែកអាហាររបស់គាត់ទាំងអស់ ប៉ុន្តែពេលល្ងាចគាត់ត្រូវហូបតែទឹកបបរប៉ុណ្ណោះ ព្រោះគាត់ត្រូវលួចទុកកាកបបរយកមកកំដៅលាយជាមួយបន្លែនៅផ្ទះ ទុកឲ្យកូនហូបបន្ថែម។ យូអ៊ី បានឲ្យដឹងថា ខ្លួនមានអាការៈស្គមខ្លាំងរហូតដល់ដើរទៅធ្វើការងារមិនរួច ព្រោះក្នុងខ្លួនគ្មានកម្លាំងទាល់តែសោះ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ យូអ៊ី បានចុះច្រូតស្រូវទុំក្នុងស្រែយកមកបុកយកអង្ករដាំបាយហូប ហើយស្រូវមួយចំនួនទៀតយកទៅធ្វើស្រែបន្ត។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស យូអ៊ី មានជំងឺសន្លាក់ដៃជើង ថប់ៗដង្ហើម និងខ្សោយបេះដូង។ យូអ៊ី គិតថា ជំងឺរបស់គាត់កើតឡើងដោយសារអាយុច្រើន និងការធ្វើការងារក្នុងរបបខ្មែរក្រហម។

សម្ភាសដោយ៖ កែប ម៉ៃ សុជាតា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin