គិត សេងហ៊ត៖ «យើងគួរឈឺចាប់»

គិត សេងហ៊ត រស់នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ គិត សេងហ៊ត ភេទប្រុស កើតនៅឆ្នាំ១៩៥២ មានអាយុ ៦៩ឆ្នាំ ជាកសិកររស់នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ នៅពេលរំឭកអំពីរឿងរ៉ាវដែលកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សេងហ៊ត និយាយថា “យើងគួរឈឺចាប់”។

សេងហ៊ត បានឈប់រៀនត្រឹមថ្នាក់ទី៩ចាស់ នៅសាលាតាលន់ ដោយសាររដ្ឋប្រហារនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧០។ សេងហ៊ត ដែលជាយុវជនបានចូលធ្វើការក្នុងអង្គភាពប្រជាជន និងធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។​ សេងហ៊ត ថានៅពេលនោះ មានការទម្លាក់គ្រាប់ទាំងយប់ទាំងថ្ងៃ និងមានគ្រាប់ផ្លោងធ្លាក់ចំផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស។ សេងហ៊ត ត្រូវរត់ចូលលេណដ្ឋានទាំងយប់។ ចំណែក បងប្រុសរបស់គាត់ បានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស បងប្រុសរបស់សេងហ៊ត ត្រូវបានខ្មែរក្រហមជម្លៀសមកពីទីក្រុងភ្នំពេញ និងចាត់ទុកជាប្រជាជន១៧មេសា ឬប្រជាជនថ្មី។ បងប្រុសរបស់គាត់ ត្រូវគណៈកងចោទប្រកាន់ និងបញ្ជូនទៅកោះគរ ឬមន្ទីរ០៨។

សេងហ៊ត ដែលរស់នៅភូមិកំណើត ត្រូវខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់។ សេងហ៊ត ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយក្នុងមួយថ្ងៃហូបពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ របបអាហារមានតែបបរលាយជាមួយត្រកួន, ព្រលិត, គល់ចេក ឬគល់ល្ហុង ដោយក្នុងមួយពេល គឺហូបតែបបរមួយវែកប៉ុណ្ណោះ។ សេងហ៊ត ត្រូវកាប់គាស់, លើកភ្លឺ, ជីកប្រឡាយ, លើកទំនប់នៅទួលក្រសាំង និងធ្វើស្រែចម្ការទាំងយប់ទាំងថ្ងៃ។ ដោយសារការអត់ឃ្លាន ជួនកាល សេងហ៊ត បានលួចចេកទុំហូប។ នៅពេល សេងហ៊ត ឈឺជើង គាត់ត្រូវបញ្ជូនទៅព្យាបាលនៅពេទ្យសង្គមកិច្ច និងមានថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់លេប។​

នៅចុងឆ្នាំ១៩៧៨ សេងហ៊ត ត្រូវបានខ្មែរក្រហមរៀបចំឲ្យរៀបការ និងប្តេជ្ញាចិត្តក្នុងពេលតែមួយនៅមន្ទីរឃុំ ដែលមានទាំងអស់ចំនួនបួនគូ។ គាត់ និយាយថា គណៈកងជាអ្នករៀបចំ និងជួនកាលមានការរៀបការរហូតទៅដល់ជាង៤០គូក្នុងពេលតែមួយ នៅស្រុកស្អាង ឬហៅថាស្រុក២០ និងស្រុកកៀនស្វាយ ឬហៅថាស្រុក១៦។ នៅរបបនោះ ខ្មែរក្រហមបានបញ្ជូនកម្លាំងទៅវាយកម្ទេចវត្តអារាម និងបដិមានៅក្នុងស្រុកទាំងពីរនេះ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សេងហ៊ត និងប្រពន្ធបានត្រលប់មករស់នៅស្រុកកំណើត និងប្រកបរបរជាកសិកររហូតមកទល់បច្ចុប្បន្ន៕

សម្ភាសដោយ ម៉ាប់ សុភ័ត្ត ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin