អង្គការបានវាយធ្វើបាបមនុស្សប្រៀបដូចជាសត្វ

(ស្ទឹងត្រែង) ៖ គង់ ចាន់ធន ភេទប្រុស មានអាយុ៦១ឆ្នាំ សព្វថ្ងៃមានទីលំនៅ ភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

គាត់នៅតែចងចាំអំពីបទពិសោធន៍ដែលគាត់ធ្លាប់ឆ្លងកាត់ពីរបបខ្មែរក្រហម។ គាត់នៅតែមានអារម្មណ៍ថា ឈឺចាប់នៅពេលដែលនឹកឃើញពីរបបខ្មែរក្រហម ព្រោះពេលនោះអង្គការបានវាយធ្វើបាបមនុស្សដូចជាសត្វ ។ ចាន់ធន បានរៀបរាប់បន្ថែមថា មានប្រជាជនខ្លះអង្គការបានធ្វើបាបដោយការចាប់ចងដៃ ជើង ដាក់ក្នុងទឹកភក់ ហើយគេបានចាប់ទឹមគោ ឬក្របី ដើម្បីឲ្យជាន់មនុស្សនោះពន្លិចភក់។

នៅក្នុងឆ្នាំ១៩៧៥ ចាន់ធន ជាកុមារឈានមុខ អង្គការបានបង្រៀនសិល្បៈដល់គាត់ ហើយសិល្បៈនោះច្រៀងរៀបរាប់ពីរបប លន់ នល់។ រហូតដល់ឆ្នាំ១៩៧៦ ទើបអង្គការបានជម្លៀសគាត់ចេញពីផ្ទះ។ អង្គការបានប្រើឲ្យគាត់ទៅធ្វើស្រែចម្ការ កាប់ឆ្ការព្រៃ លើកភ្លឺស្រែ លើកទំនប់ និងរែកដីជាដើម។ នៅពេលនោះអង្គការបានប្រើឲ្យគាត់លើកភ្លឺស្រែ ហើយបានកំណត់ឲ្យគាត់លើកឲ្យបាន ២០ម៉ែត្រក្នុងមួយថ្ងៃ។

បន្ទាប់មកនៅក្នុងឆ្នាំ១៩៧៧ អង្គការបានបញ្ជូន ចាន់ធន ទៅលើកទំនប់នៅ អូរពូក ដែលសព្វថ្ងៃស្ថិតនៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ការលើកទំនប់នៅទីនោះ គាត់បាននិយាយថា ដោយសារតែការរែកដីធ្ងន់ពេក ធ្វើឲ្យគាត់អស់កម្លាំងទន់ដៃទន់ជើងទៅមុខលែងរួច គាត់បានដួលធ្លាក់ពីលើខ្នងទំនប់រហូតដល់សន្លប់។

ក្រៅពីការលើកទំនប់ អង្គការក៏បានប្រើឲ្យគាត់ធ្វើស្រែដែរ។ នៅទីនោះក្នុងមួយឆ្នាំប្រជាជនធ្វើស្រែពីរដង នៅក្នុងរដូវវស្សាម្ដង និងរដូវប្រាំងម្ដងទៀត។ បន្ទាប់ពីការលើកទំនប់អូរពូក និងប្រមូលផលស្រូវរួចហើយ អង្គការបានបញ្ជូនគាត់ឲ្យទៅសហករណ៍ថ្មី នៅភូមិញ្ញើន។

ចាន់ធន បាននិយាយថា ពេលទៅដល់ទីនោះ អង្គការចង់ចាប់គាត់ទៅសម្លាប់ ដោយគាត់មិនបានដឹងថាគាត់មានកំហុសអ្វីទេ។ មិនបានប៉ុន្មានថ្ងៃផង អង្គការបានបញ្ជូនគាត់ឲ្យទៅជីកទំនប់ដកពរ។ ទៅដល់ទីនោះអ្នកដែលធ្វើការនៅក្នុងសហករណ៍ជាមួយគ្នា មិនមាននរណាម្នាក់និយាយជាមួយគាត់នោះទេ។ រស់នៅទីនោះបានមួយរយៈពេល មានការទម្លាក់គ្រាប់បែក និងការបាញ់តទល់គ្នារវាងកងទ័ពវៀតណាម និងកងទ័ពខ្មែរក្រហម។

ដោយសារតែមានបញ្ហានោះកើតឡើងមានប្រជាជនជាច្រើននាក់ត្រូវកងទ័ពខ្មែរក្រហមជម្លៀសឲ្យទៅស្រុកព្រះនង្គ័ល។ ចំណែក ចាន់ធន អង្គការបានឲ្យនៅចាំសហករណ៍នៅភូមិញ្ញើន គាត់នៅចាំមិនបានប៉ុន្មាន គាត់ក៏បានរត់ចេញពីទីនោះ ព្រោះដោយសារតែគាត់បានលឺស្នូរកាំភ្លើង និងការទម្លាក់គ្រាប់បែកមកកាន់តែជិតកន្លែងដែលគាត់នៅ។ គាត់បានរត់ចេញពីភូមិញ្ញើន ទៅកាន់ស្រុកព្រះនង្គ័លហើយបានជួបជាមួយនឹងម្ដាយរបស់គាត់នៅទីនោះ៕

សម្ភាសន៍ដោយ ស្រេង លីដា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ 

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin